Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី ៖ ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ ត្រូវតែ​ចម្លង​ប៉ាស្ព័រ​ឬ​អត្តសញ្ញាណប័ណ្ណ​ភ្ញៀវ​ដែល​ចូល​ស្នាក់នៅ ដើម្បី​កំណត់​មុខ​សញ្ញា​ពេល​មាន​បទល្មើស

បានផុស

នៅ

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​កោះហៅ​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ​និង​ម្ចាស់​ទីតាំង​ដែល​ផ្ដល់​សេវាកម្ម​ស្នាក់នៅ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​មួយ​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​អោយ​ការគ្រប់គ្រង​ការ​ស្នាក់នៅ​ដំណើរការ​ទៅ​ដោយ​រលូន ជៀសវាង​កើតឡើង​បទល្មើស​ផ្សេងៗ ទាំង​ការ​ជួញដូរ​មនុស្ស​ក៏ដូចជា​ការ​ជួញដូរ​គ្រឿង​ញៀន​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ​បាន​ធ្វើឡើង នា​រសៀល​ថ្ងៃ​ទី​១១ ខែមករា ​ឆ្នាំ២០២៣​នេះ ក្រោម​វត្តមាន​លោក ហួត ហៃ​អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​អោយ​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក​ហួត ហៃ បាន​មានប្រសាសន៍ថា ការ​អញ្ជើញ​បងប្អូន​ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​អូ​តែ​ល ម្ចាស់ផ្ទះ​សំណាក់​មក​ប្រជុំ​សព្វ​ផ្សាយ​នា​ពេល​នេះ ក្នុង​គោលបំណង​ឲ្យ​បងប្អូន​ជា​ម្ចាស់​អាជីវកម្ម​ទាំងអស់​គ្រប់គ្រង​ការ​ស្នាក់នៅ​ឲ្យ​បាន​ល្អ​ប្រសើរ ទាំង​ការ​ផ្ដល់សេវា ហូបចុក បរិស្ថាន​ល្អ ពិសេស​គឺ​ការទប់ស្កាត់​នៅ​បទល្មើស​នានា ដូចជា​បទល្មើស​គ្រឿងញៀន​ការជួញដូរ​មនុស្ស​ជាដើម​។

លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កិច្ចប្រជុំ​នេះ​ក៏បាន​ធ្វើ​បទ​បង្ហាញ​អំពី​ការ​ផ្ដល់សេវា តាមរយៈ​ច្រកចេញ ចូល​តែមួយ ជុំវិញ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​បងប្អូន​ដែល​រកស៊ី​អាជីវ​កម្មដ្ឋាន ខាង​ផ្នែក​ទេសចរណ៍​នេះដែរ ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ចេះ បង្ការ​ទប់ស្កាត់​នៅ​បទល្មើស​ផ្សេងៗ ដែល​កើតមាន​នៅក្នុង​ទីតាំង​អាជីវកម្ម​ដ្ឋាន​របស់​បង​ប្អូន ពោលគឺ​ការ​ស្នាក់នៅ ដាច់ខាត​ម្ចាស់​អាជីវ​កម្មដ្ឋាន​ត្រូវតែ​គូប​ពីរ​ប៉ាស្ព័រ​ឬ​អត្តសញ្ញាណប័ណ្ណ​ភ្ញៀវ​ដែល​ចូល​ស្នាក់នៅ​ទីតាំង​អាជីវ​កម្មដ្ឋាន​របស់​បង​ប្អូន ជៀសវាង មាន​បទល្មើស​កើតឡើង គឺ​យើង​អាច​កំណត់​មុខសញ្ញា​ដែល​ឈាន​ទៅ​ដល់​ការស្រាវជ្រាវ​ចាប់ខ្លួន​ជនបង្ក​មក​ដាក់ទោស​ទាន់​ទៅតាម​ច្បាប់​បាន​។

លោក​បញ្ជាក់​បន្ថែម​ថា ក្រោយ​បើក​ឲ្យ​មាន​ដំណើរការ​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ ក្រោយពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ វិស័យ​ទេសចរណ៍​បាន​កម្រើក​ឡើងវិញ ដូច្នេះ​ទាមទារ​ឲ្យ​ម្ចាស់​អាជីវកម្ម​ដ្ឋាន​ទាំងអស់​ត្រូវតែ​ត្រៀមខ្លួន​ត្រៀមលក្ខណៈ​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ ដែល​មក​ដើរលេង​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម