ព័ត៌មានជាតិ
ព្រមានដកមន្ត្រីណាដែលបណ្តោយឲ្យរថយន្តដឹកដី ដឹកខ្សាច់បង្កភាពអានាធិបតេយ្យនៅតាមដងផ្លូវ
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានធ្វើការព្រមានដកមន្ត្រីដែលបណ្តោយឲ្យរថយន្តដឹកដី ដឹកខ្សាច់បង្កភាពអានាធិបតេយ្យនៅតាមដងផ្លូវ ខ្សាច់ជ្រុះពេញផ្លូវ ធ្វើឱ្យហុយដី ខូចសុខភាពរបស់ប្រជាពលរដ្ឋ និងបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផ្សេងៗ។
ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ ពាក់ព័ន្ធនឹងការដឹកដី ដឹកខ្សាច់ ក្នុងក្រុងតាខ្មៅកាលពីរសៀលថ្ងៃទី១២ ខែមករាឆ្នាំ២០២១ លោកអភិបាលខេត្តកណ្ដាល បានលើកឡើងថា «បញ្ហារថយន្តដឹកដី ដឹកខ្សាច់ ធ្វើឱ្យហុយ និងស្ទះចរាចរជាញឹកញាប់នៅក្នុងក្រុងតាខ្មៅ មិនមែនជាបញ្ហាធំដុំនោះទេ ប៉ុន្តែបណ្ដាលមកពីមន្ត្រី អនុវត្តនៅស្ទើរ ដោយមើលគ្នាទៅមើលគ្នាមក និងមានការច្រណែនគ្នា ទើបបណ្ដាលឱ្យរថយន្តដឹកដី ដឹកខ្សាច់ បង្កភាពអានាធិបតេយ្យ ធ្វើឲ្យស្ទះចរាចរណ៍ នឹងបណ្ដាលឱ្យមានខ្សាច់ជ្រុះពេញផ្លូវ ធ្វើឱ្យហុយដី ខូចសុខភាពរបស់ប្រជាពលរដ្ឋ និងបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផ្សេងៗផងដែរ»។
លោក គង់ សោភ័ណ្ឌ បានបន្ដថា« បើមន្ត្រីទាំងអស់ អនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដោយធ្វើការចាប់រថយន្តដែលខុសលក្ខណៈបច្ចេកទេស ដឹកលើសទម្ងន់ ដឹកខុសបទដ្ឋានបច្ចេកទេស និងមិនគោរពច្បាប់ចរាចរណ៍ មកធ្វើការពិន័យ និងផ្ដន្ទាទោសទៅតាមច្បាប់ផ្លូវថ្នល់ដែលបានកំណត់ និងអនុវត្តតាមសារាចរ លេខ០៣១០ របស់ក្រសួងរ៉ែ និងថាមពល ស្ដីពីវិធានការចំពោះការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ ឱ្យបានខ្ជាប់ខ្ជួន ផ្លូវរបស់យើងនៅក្នុងក្រុងតាខ្មៅ នឹងមិនបណ្ដាលឱ្យមានខ្សាច់ជ្រុះពេញផ្លូវច្រើនទេ ព្រមទាំងកាត់បន្ថយនូវការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗផងដែរ»។
លោកអភិបាលខេត្តបានស្នើឱ្យបង្កើតគណៈកម្មការមួយ ដែលមានអភិបាលក្រុងជាប្រធាន និងមានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តជាអនុប្រធាន ដើម្បីធ្វើការអនុវត្តនូវលើកិច្ចការងារនេះ។
លោកបានបន្ថែមថា «ក្នុងករណីដែលការអនុវត្តនេះមិនមានភាពល្អប្រសើរទេខ្ញុំសូមព្រមានថានឹងដកប្រធាននោះចេញ ដោយត្រូវប្ដូរប្រធានថ្មីដើម្បីអនុវត្តទៅលើកិច្ចការងារនេះផងដែរ»។
ក្នុងឱកាសនោះដែរលោកអភិបាលខេត្ត ក៏បានសំណូមពរដល់ម្ចាស់ដេប៉ូទាំងអស់ សូមចូលរួមគោរពច្បាប់ឱ្យបានគ្រប់គ្នាៗ បើមិនដូចនោះទេ អាជ្ញាធរខេត្ត ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ នឹងត្រូវអនុវត្តទៅតាមច្បាប់ដោយគ្មានការយោគយល់ឡើយ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


