ព័ត៌មានជាតិ
ពលរដ្ឋឃុំតាទៃលើ បន្តកេរដំណែលផលិតស្រាចេកលក់
ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងខ្នារ ឃុំតាទៃលើ នៅតែបន្តរក្សាកេរដំណែលពីដូនតា ផលិតស្រាចេក សម្រាប់ពិសា ឬនាំចេញទៅលក់នៅលើទីផ្សារក្នុងខេត្តកោះកុង ក៏ដូចជាបណ្ដាខេត្តផ្សេងៗ ទៅតាមការបញ្ជាទិញ។

ស្រាចេក ជាស្រាមួយប្រភេទដែលបិតចេញពីផ្លែចេកណាំវ៉ា ឬ ចេកទឹកទុំ។ បើតាមការឲ្យដឹងរបស់អ៊ំស្រី ពេញ សារឿន អាយុ ៦៣ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង និងជាអ្នកបិតស្រាចេកមួយរូប បានឲ្យដឹងថា វិធីសាស្ត្រ នៃការបិតស្រាចេក គាត់បានចេះតាមឪពុក ដោយតាំងពីដឹងក្ដីមក ឃើញឪពុករបស់គាត់បិតស្រានេះរួចទៅហើយ ជាពិសេសការបិតស្រានៅជំនាន់ឪពុករបស់គាត់ គឺមិនបិតស្រាក្នុងថ្ងៃសីលនោះទេ។

អ៊ំស្រី សារឿន បន្ថែមថា អ្នកស្រុកនៅតំបន់នេះ ចាត់ទុកស្រាជាគ្រឿងរណ្ដាប់ចម្បង ឬគ្រឿងរណ្ដាប់សំខាន់ក្នុងកិច្ចពិធីនានា មិនថា ស្រាចេក ឬស្រាអង្ករនោះទេ។ ស្រាប្រៀបដូចព្រលឹងវិញ្ញាណ ឬទូតសម្រាប់ទំនាក់ទំនងរវាងមនុស្ស និងអមនុស្សនៅក្នុងជំនឿរបស់ប្រជាជនក្នុងតំបន់នេះ។ ទាំងនេះបញ្ជាក់កាន់តែច្បាស់ថា ប្រពៃណីបិតស្រាចេកនៅក្នុងតំបន់នេះមានអាយុកាល និងការផលិតយូរយារណាស់មកហើយ និងបានផ្សារភ្ជាប់ជាមួយជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុក។

ដោយឡែកអ្នកស្រី ដួង ចាន់ថន អាយុ ៤២ ឆ្នាំ អនុសមាគមស្ត្រីផលិតស្រាបុរាណប្រចាំឃុំតាទៃលើ លើកឡើងនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៣ នេះដែរថា ជាទូទៅ ចន្លោះពី ១៥ ទៅ ២០ ថ្ងៃ ក្នុង ១ ខែ ទើបផលិតស្រាចេកនេះម្ដង ពោលគឺទៅលើការបញ្ជាទិញពីអ្នកភូមិ ឬតាមបណ្ដាផ្សេងៗ។ ពេលផលិតស្រាម្ដង បាន ២០ ទៅ ៣០ ដប ហើយចំពោះតម្លៃលក់វិញខុសគ្នា ប្រសិនបើនៅលើទីផ្សារក្នុង ១ ដប ថ្លៃ ៣០.០០០ រៀល។ លក់ឲ្យអ្នកភូមិគ្នាឯង ១ ដប ថ្លៃ ២០.០០០ រៀល ទៅ ២៥.០០០ រៀល ដើម្បីគ្រាន់នឹងដោះស្រាយជីវភាពក្នុងគ្រួសារ។

បើតាមការអះអាងរបស់អ្នកស្រី ដួង ចាន់ថន ថ្លែងថា ពួកគាត់ពិតជាមិនអាចឈប់ផលិតស្រាចេកនេះបានទេ ដោយសារតែជាកេរដំណែលបន្សល់ឲ្យតាំងពីដូនតាមកអំពីវិធីសាស្ត្របិតស្រាបុរាណដ៏មានសារៈសំខាន់។ កន្លងទៅ ស្រាចេក ធ្លាប់បានសុំចុះបញ្ជីសម្គាល់ម៉ាកផងដែរ នៅមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ដើម្បីការពារតាមច្បាប់ ចៀសវាងមានគេមកក្លែងបន្លំគុណភាព។ ប៉ុន្តែមិនទាន់ទទួលស្គាល់ម៉ាកកម្មសិទ្ធិបញ្ញានៅឡើយ ដោយប្រជាពលរដ្ឋជឿជាក់ថា ក្រសួងពាណិជ្ជកម្ម នឹងពិនិត្យ និងផ្ដល់សម្រេចឆាប់ៗ ដោយឈរលើគោលការណ៍លើកកម្ពស់ការផលិតផលិតផលប្រចាំភូមិ និងខេត្ត។

ការលាយមេដំបែរស្រាចេក ជំនាន់ដើម ប្រើតែមេដំបែរធម្មជាតិប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នមានប្រើមេដំបែរទិញពីផ្សារ។ ស្រាចេកដែលប្រើមេដំបែរធម្មជាតិ មានរសជាតិឆ្ងាញ់ជាង និងមានតម្លៃថ្លៃជាងស្រាចេកដែលប្រើមេដំបែរទិញពីផ្សារ។ មេដំបែរធម្មជាតិ មានអង្ករខ្សាយ ឈើអែម ក្រវាញ រំដេង ម្ទេស ម្រេចគ្រាប់ ខ្ទឹមស ខ្ទឹមក្រហម និងម្សៅខ្សាយ។ ៥ ទៅ ៦ ថ្ងៃ ទើបយកធ្វើផលិតស្រាបាន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២៣ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


