សេដ្ឋកិច្ច
ស្ពានខ្ពស់ជាងគេតម្លៃ ២៥ លានដុល្លារ មានរៀបចំទីតាំងឲ្យអ្នកដំណើរអាចឈប់ថតរូបបាន
ស្ពានខ្ពស់ជាងគេនៅកម្ពុជាលើផ្លូវជាតិលេខ១០ នឹងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នមួយសប្តាហ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ បន្ទាប់ពីការចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពាននៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ និងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងខ្សែផ្លូវជាតិលេខ ១០ នេះ គឺជាស្ពានលេខ ២៨ ស្ថិតក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ២៥ លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន។

ចំណុចកណ្តាលស្ពានស្ថិតត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ មានកម្ពស់៩០ម៉ែត្រ (គិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន) ទទឹង១០ម៉ែត្រ និងប្រវែងសរុប៥៣៧ម៉ែត្រ។ ដោយសារស្ពាននេះស្ថិតក្នុងភូមិសាស្រ្តដែលមានទេសភាពធម្មជាតិអំណោយផលដ៏ស្រស់ត្រកាល ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំឱ្យមាននូវទីលានសម្រាប់សំចតថតរូបអនុស្សាវរីយ៍ នៅចំណុចកណ្តាលស្ពាន ដែលមានទទឹងសរុប១៥ម៉ែត្រ។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំទីធ្លាសម្រាប់ចតយានយន្តនៅទាំងសងខាងក្បាលស្ពាន ដែលម្ខាងៗអាចចតរថយន្តប្រភេទទេសចរណ៍/គ្រួសារ បានប្រមាណពី ៦០-៧០ គ្រឿងផងដែរ។
ចំពោះផ្លូវជាតិលេខ១០ គឺជាប្រទេសផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ស្ថិតក្នុងកម្រិតផ្លូវ Highway Grade III មានប្រវែងសរុប ១៩៧,៣៦៣ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់បង្គោលគីឡូម៉ែត្រលេខ ៣៥+៩០០ ក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំណុចបញ្ចប់ត្រង់ប្រសព្វផ្លូវជាតិលេខ៤៨ ត្រង់បង្គោលគីឡូម៉ែត្រលេខ ១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងស្ថាបនាផ្លូវនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៩ មីនា ២០២០ ក្រោមអធិបតីភាព សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្រេចវឌ្ឍនភាពការងារបាន ជាង ៩៦% គិតត្រឹមបំណាច់ខែមីនា។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលេចអំពីសារៈប្រយោជន៍ និងគុណសម្បត្តិនៃខ្សែផ្លូវជាតិលេខ១០ និងស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទេសចរណ៍ និងការដឹកជញ្ជូនផ្សេងៗ។
លើសពីការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ ផ្លូវមួយខ្សែនេះនឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចជាច្រើនសន្ធឹក តាមរយៈការកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃដើមក្នុងការដឹកជញ្ជូន និងសេវាភស្តុភារកម្ម ពិសេស ក្នុងការដឹកជញ្ជូនកសិផល និងផលិតផលផ្សេងទៀតពីបណ្តាខេត្តជុំវិញទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិនានា ព្រមទាំងទៅកាន់កំពង់ផែទំនិញ កំពង់ផែទឹកជ្រៅ និងមជ្ឈមណ្ឌលភស្តុភារកម្ម ដោយមិនចាំបាច់ឆ្លងកាត់រាជធានីដែលនាំឱ្យមានការកកស្ទះចរាចរណ៍៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


