ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា សព្វថ្ងៃនេះ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់លើផ្នែកជាច្រើន
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ជាថ្នាក់ដឹកនាំ និងបុគ្គលិករបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងបុគ្គលិករបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សរុបប្រមាណជាង ១ ពាន់នាក់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកក្នុងភារៈជាអ្នកសង្គ្រោះ និងការពារអាយុជីវិតប្រជាពលរដ្ឋ ចូលរួមក្នុងពិធីជួបជុំប្រកបដោយអត្ថន័យ និងភាពសប្បាយរីករាយក្នុងលក្ខណៈជាមហាគ្រួសារគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនេះ។

ពិតណាស់ ស្ថានភាពនៃការជួបជុំក្នុងថ្ងៃនេះ គឺមានលក្ខណៈខុសផ្ទុយគ្នាស្រឡះពីស្ថានភាពកាលពីជាង ២ឆ្នាំមុន ខណៈដែលរាជធានីភ្នំពេញនៅពេលនោះ កំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយសារការផ្ទុះឡើងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ហើយដែលយើងទាំងអស់គ្នាពិតជាមានការព្រួយបារម្ភចំពោះការវិវត្តទៅមុខនៃស្ថានការណ៍ ដែលពិបាកនឹងប៉ាន់ស្មាន ជាពិសេសបើប្រៀបទៅនឹងភាពច្របូកច្របល់ ដែលបានកើតមាននៅក្នុងបណ្តាប្រទេសនានាជាច្រើនក្នុងតំបន់ និងសាកលលោកនាពេលនោះ។

ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះ “កងទ័ពអាវស” ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ដែលបានរួមសាមគ្គីគ្នាជាមួយនឹងមន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ ដោយពេលនោះបានសស្រាក់សស្រាំបំពេញភារកិច្ច ដោយមិនខ្លាចនឿយហត់ និងប្រកបដោយពលិកម្មគ្រប់បែបយ៉ាង រហូតមិនគិតដល់អាយុជីវិតរបស់ខ្លួនឯង សំដៅធ្វើយ៉ាងណាសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋចាស់ក្មេង ឲ្យរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា ទោះបីជាជំងឺកូវីដ-១៩ នៅមិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុង។ ប៉ុន្តែបន្ទាប់ពីបានជម្នះឆ្លងកាត់មហាគ្រោះភ័យនៃវិបត្តិនេះ ជាពិសេសតាមរយៈជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅទូទាំងប្រទេស, កម្ពុជាបានខិតខំពុះពាររហូតសម្រេចបាននូវសមិទ្ធផលជាច្រើនលើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន។ ក្នុងនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ និងសុខភាពសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា សព្វថ្ងៃនេះ រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ទាំងផ្នែកសំណង់អគារ, ហេដ្ឋារចនាសម្ព័ន្ធរូបវ័នុ្ត, សេវាអគ្គិសនី, សេវាទឹកស្អាត, សេវាអប់រំ, សេវាសុខាភិបាល, សន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ព្រមទាំងសេវាកម្មចម្រុះសម្បូរបែបជាច្រើនផ្តល់ដោយវិស័យឯកជន ហើយពិតស័ក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងជាចំណុចនៃសរសៃឈាមប្រមូលផ្តុំគ្រប់ផ្នែកគ្រប់វិស័យរបស់ជាតិ ទាំងនយោបាយ សេដ្ឋកិច្ច ការទូត ពាណិជ្ជកម្ម ទេសចរណ៍ សង្គម និងវប្បធម៌។

សមិទ្ធផលសំខាន់ៗទាំងអស់នេះ គឺសុទ្ធតែកើតពីអំណោយផលនៃសុខសន្តិភាព ដែលជាបរិស្ថានគ្រប់ដណ្តប់ចាំបាច់សម្រាប់ការងារស្តារកសាង និងអភិវឌ្ឍលើគ្រប់វិស័យឡើងវិញ នៅក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ និងការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជាក្នុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
James Jirayu បង្ហោះរូបគូស្នេហ៍លើកដំបូង ធ្វើឱ្យហ្វេនស្រីៗខូចចិត្តព្រាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ