ព័ត៌មានជាតិ
ស្ថាប័នពាក់ព័ន្ធត្រៀមសម្រេចរបាយការណ៍ មិនឱ្យកម្ពុជាចូលបញ្ជីប្រផេះ ម្ដងទៀត
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានណែនាំដល់ស្ថាប័នពាក់ព័ន្ធត្រូវត្រៀមខ្លួនធ្វើរបាយការណ៍ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ឱ្យបានទាន់ពេលវេលាដើម្បីបញ្ចៀសឱ្យកម្ពុជាចូលក្នុងបញ្ជីប្រផេះជាថ្មីម្តងទៀត។

ក្រសួងស្ថាប័នពាក់ព័ន្ធសំខាន់ៗដែលចូលរួមអនុវត្ត រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ក្រសួងយុត្តិធម៌ ព្រះរាជអាជ្ញា ចៅក្រម ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និយ័តករធានារ៉ាប់រងកម្ពុជា និយ័តករបរធនបាលកិច្ច និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និយ័តករមូលបត្រកម្ពុជា និយ័តករគណនេយ្យ និងសវនកម្ម និងនិយ័តករសន្តិសុខសង្គម។

នៅក្នុងកិច្ចប្រជុំក្រុមការងារអន្តរក្រសួង-ស្ថាប័ន ស្ដីពីការវាយតម្លៃកិច្ចសម្របសម្រួលផ្លូវច្បាប់ និងអត្ថគាហក (វិស័យទី១៣) លើកទី១ នៅថ្ងៃទី១៩ ឧសភា លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មជាស្ថាប័នមួយក្នុងចំណោមស្ថាប័នផ្សេងទៀតនៅកម្ពុជា ដែលបានចូលរួមឆ្លើយតប នៅពេលដែលកម្ពុជាទទួលការវាយតម្លៃអញ្ញមញ្ញពី APG លើការសម្អាតប្រាក់កន្លងមក។
លោក សុខ សុភ័ក្ត្រ បានបន្តថា ក្រោយការវាយតម្លៃអញ្ញមញ្ញ (Mutual Evaluation) លើកទី១ នៅឆ្នាំ២០០៦-២០០៧ និងលើកទី២ នៅឆ្នាំ២០១៦-២០១៧ ហើយជាលទ្ធផលអកុសល កម្ពុជាបានចូលក្នុងបញ្ជីប្រផេះរបស់ FATF ចំនួន ២លើក និងតាមរយៈការប្តេជ្ញាខាងផ្នែកនយោបាយពីរាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម កម្ពុជាបានចេញពីបញ្ជីប្រផេះជាលើកទី២ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

លោករដ្ឋលេខាធិការ បានបន្តថា សម្រាប់ទិសដៅការងារបន្ទាប់ដើម្បីបញ្ចៀសកម្ពុជាក្នុងការចូលក្នុងបញ្ជីប្រផេះម្តងទៀត និងសំដៅលើកកម្ពស់កិត្តិនាមកម្ពុជាក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាការពារប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជា ដោយបង្ហាញពីការរួមចំណែកដល់ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដែលជាក្តីបារម្ភពីសន្តិភាព និងសន្តិសុខពិភពលោកនោះ កម្ពុជា ត្រូវត្រៀមខ្លួនជាពិសេសក្នុងការទទួលនូវការវាយតម្លៃអញ្ញមញ្ញ ដែលអាចចាប់ផ្តើមនៅឆ្នាំ២០២៦ ឬ២០២៧ ខាងមុខ។
លោករដ្ឋលេខាធិការ បន្ថែមថា ដើម្បីបំពេញនូវចំណុចខ្វះខាតក្នុងរបាយការណ៍វាយតម្លៃអញ្ញមញ្ញឆ្នាំ២០១៧ កន្លងទៅ និងចូលរួមរៀបចំរបាយការណ៍ការវាយតម្លៃហានិភ័យថ្នាក់ជាតិ ដែលនឹងត្រូវប្រើប្រាស់សម្រាប់រៀបចំយុទ្ធសាស្រ្តជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២៤-២០២៨ និងសម្រាប់ការវាយតម្លៃអញ្ញមញ្ញនៅជុំបន្ទាប់ ក្រសួងពាណិជ្ជកម្ម ត្រូវបានជ្រើសរើសជាស្ថាប័នដឹកនាំក្រុមការងារលើវិស័យទី១៣ ដែលពាក់ព័ន្ធនឹងការវិភាគ និងវាយតម្លៃហានិភ័យលើកិច្ចសម្របសម្រួលផ្លូវច្បាប់ និងអត្ថគាហកតាមរយៈសេចក្តីសម្រេច លេខ១០៥៤ សសរ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។ ដូចនេះជាកិច្ចសម្រួល ក្រសួងពាណិជ្ជកម្ម បានរៀបចំជាកម្រងសំណួរដោយដកស្រង់ចេញពីគោលការណ៍ណែនាំ និងឧបករណ៍វាយតម្លៃរបស់ធនាគារពិភពលោក សម្រាប់ជាជំនួយដល់ស្ថាប័នផ្សេងទៀតក្នុងការពិនិត្យ និងឆ្លើយតប។

លោកបានបញ្ជាក់ថា ក្រោយពីការធ្វើបទបង្ហាញពីឧបករណ៍វាយតម្លៃរបស់ធនាគារពិភពលោក និងកម្រងសំណួរក្នុងវិស័យទី១៣ ក្នុងអង្គប្រជុំរួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានជម្រាបជូនអង្គប្រជុំពីកម្រងសំណួរដែលនឹងចែកចេញទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធសម្រាប់ធ្វើការឆ្លើយតប និងកំណត់កាលបរិច្ឆេទក្នុងការឆ្លើយតបសំណួរក្នុងវិស័យទី១៣ ត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីរៀបចំធ្វើជារបាយការណ៍ឱ្យបានទាន់ពេលវេលា។
លោក សុខ សុភ័ក្ត្រ បានឱ្យដឹងទៀតថា ចំពោះឆ្នាំដែលត្រូវយកធ្វើជាទិន្នន័យនិងស្ថិតិសម្រាប់ក្នុងការឆ្លើយនឹងសំណួរ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ និងត្រៀមរៀបចំស្ថិតិចំនួន ៦ខែទៀតសម្រាប់ ឆ្នាំ២០២៣។

ជាមួយគ្នានេះ ស្ថាប័នពាក់ព័ន្ធបានបង្ហាញគោលជំហរយ៉ាងមុតមាំក្នុងការពន្លឿនការងារនៃក្រុមការងារអន្តរក្រសួងស្ថាប័នទាំងអស់ដោយមានភាពសហការគ្នាក្នុងការវាយតម្លៃហានិភ័យលើវិស័យទី១៣នេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីបញ្ចៀសកម្ពុជាកុំឱ្យចូលក្នុងបញ្ជីប្រផេះជាថ្មីម្តងទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


