ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ បច្ចុប្បន្ន កម្ពុជាមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងប្រទេស
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា បើទោះបីជាកម្ពុជាបិទការនាំចូលប្រេងទាំងស្រុងពីប្រទេសថៃក៏ដោយ ក៏បច្ចុប្បន្នកម្ពុជានៅតែមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅតាមតម្រូវការនៅក្នុងប្រទេស។

ប្រាប់«កម្ពុជាថ្មី» នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ប៉ែន សុវិជាតិ បានឱ្យដឹងថា បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល បានធ្វើកិច្ចការនេះរួចរាល់មួយចំនួនធំហើយជាមួយក្រុមហ៊ុននាំចូលប្រេង។ ជាក់ស្តែង មកទល់ពេលនេះ កម្ពុជាមិនមានការខ្វះខាតប្រេងសម្រាប់លក់ចែកចាយនោះទេ ដោយក្រុមហ៊ុនប្រេងក្នុងស្រុកទាំងអស់ បានបង្វែរទិសនាំចូលប្រេងពីប្រភពខាងក្រៅ ដូចជា ពីសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាមជាដើម។
លោកបានអះអាងថា «សព្វថ្ងៃក្រុមហ៊ុនក្នុងស្រុកទាំងអស់ គឺមានប្រភពប្រេងគ្រប់គ្រាន់សម្រាប់លក់ចែកចាយ ដោយរក្សាបាននូវសន្និធិពាណិជ្ជកម្ម អាចមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការលក់ចែកចាយ បើទោះបីជាមិនមានការនាំចូលប្រេងសោះរយៈពេល ១ខែក៏ដោយ»។
ទន្ទឹមនេះ លោក ប៉ែន សុវិជាតិ បានបន្ថែមថា សូម្បីតែក្រុមហ៊ុនដែលធ្លាប់នាំចូលពីថៃ ក៏បង្វែរទិសធ្វើការនាំចូលប្រេងពីប្រភពផ្សេងដូចគ្នាដែរ។

«រហូតមកដល់ពេលនេះ ដូចយើងបានសង្កេតឃើញហើយថា នៅតាមស្ថានីយប្រេងនៅក្នុងស្រុកមិនមានការឡើងថ្លៃនោះទេ ហើយក៏មិនមានការខ្វះខាតប្រេងនៅក្នុងការលក់ចែកចាយដូចគ្នាដែរ ដោយយើងបានឃើញហើយថាតម្លៃប្រេងអន្តរជាតិមានការធ្លាក់ចុះបន្តិច ដូច្នេះកាលណាប្រេងឆៅមានការធ្លាក់ចុះមកនៅក្រោម ៧០ដុល្លារ/បារ៉ែល នោះប្រេងដែលចម្រាញ់រួច លក់នៅតាមស្ថានីយក៏ធ្លាក់ចុះដែរ។ ដូច្នេះនៅរយៈពេល ១០ថ្ងៃក្រោយ ប្រសិនបើតម្លៃប្រេងអន្តរជាតិមានការធ្លាក់ចុះបន្តទៀត នោះតម្លៃប្រេងនៅតាមស្ថានីយក៏អាចមានការធ្លាក់ចុះជាងនេះបន្តទៀតដែរ»។ លោក ប៉ែន សុវិជាតិ បន្ថែមបែបនេះ។
សូមជម្រាបថា កាលពីយប់ថ្ងៃអាទិត្យ ទី ២២ ខែមិថុនា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានប្រកាសថា៖ «ចាប់ពីម៉ោង ១២ យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង»។

លើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា»។
ការបោះជំហានយ៉ាងដូច្នេះរបស់កម្ពុជា ធ្វើឡើងក្នុងបរិបទនៃភាពកាន់តែតានតឹងកម្ពុជា-ថៃជុំវិញបញ្ហាព្រំដែន ក្រោយមានការគំរាមកំហែងពីអ្នកនយោបាយថៃ ដែលស្នើឱ្យរដ្ឋាភិបាលខ្លួន កាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងឱ្យកម្ពុជា។ ឆ្លើយតបនឹងបញ្ហានេះ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គម យ៉ាងដូច្នេះថា «យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ»៕
ដោយ៖ ឌិន ថារី
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


