សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់ជាង ៩ ពាន់លានដុល្លារ នៅឆមាសទី១
នៅឆមាសទី១ ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា-ចិនមានទំហំទឹកប្រាក់ ៩,២៧ ពាន់លានដុល្លារ កើនឡើង ២៦,៩% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤ ដែលមានត្រឹមតែ ៧,៣១ ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញទៅចិនចំនួនជាង ៧៥០ លានដុល្លារ ធ្លាក់ចុះ ៧,៩% ចំណែកឯចិននាំចូលមកវិញជាង ៨,៥២ ពាន់លានដុល្លារ កើនឡើង ៣១,២%។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យខាងលើបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិនប្រមាណ ៧,៧៧ ពាន់លានដុល្លារ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ មាន ៥,៦៨ ពាន់លានដុល្លារ។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ប្រាប់កម្ពុជាថ្មីថា កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិនច្រើន ដោយសារកម្ពុជានាំចូលវត្ថុធាតុដើមពីប្រទេសចិន។
លោកបានថ្លែងថា៖ «យើងនាំចូលវត្ថុធាតុដើម ដូចជាក្រណាត់ ឡេវ រួត យើងត្រូវការប្រើប្រាស់សម្រាប់នាំចេញ ឥវ៉ាន់សម្រាប់នាំចេញទៅអឺរ៉ុប វត្ថុធាតុដើមភាគច្រើនគឺយើងនាំចូលពីចិន»។
បើតាមលោក វិចិត្រ កម្ពុជាក៏ត្រូវតែរកវិធីខ្លះដើម្បីបង្រួញអតិរេកពាណិជ្ជកម្មឱ្យតូចជាងនេះ ដោយគួរតែមានរោងចក្រដែលអាចផ្គត់ផ្គង់វត្ថុធាតុដើមដោយខ្លួនឯងខ្លះ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញការនាំចេញផលិតផលកសិផលរបស់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត ខណៈរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កំពុងខិតខំប្រឹងប្រែងចរចាកិច្ចព្រមព្រៀងពាណិជ្ជសេរី ជាមួយប្រទេសមួយចំនួន និងបើកទីផ្សារផ្សេងៗទៀត ដើម្បីលក់ផលិតផលកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ដោយមិនពឹងផ្អែកតែលើទំនិញសម្លៀកបំពាក់តែមួយនោះទេ ដើម្បីការពារផលប្រយោជន៍កម្ពុជា។
ទំនិញកម្ពុជានាំទៅប្រទេសចិនភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ ចំណែកទំនិញដែលប្រទេសចិននាំមកកម្ពុជា មានដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ សហគ្រាស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៥,១៨ ពាន់លានដុល្លារ កើនឡើង ២៣,៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជានាំចេញទំនិញទៅចិន មានតម្លៃ ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤ ភាគរយ និងទំនិញចិននាំចូលមកកម្ពុជាមានតម្លៃ ១៣,៤៣ ពាន់លានដុល្លារ កើនឡើង ២៤,៦ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


