ព័ត៌មានជាតិ
តើកម្ពុជាមានឧទ្យានជាតិការពារធម្មជាតិ ចំនួនប៉ុន្មានទីតាំង?
កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែផ្ទៃដីឧទ្យានជាតិរបស់កម្ពុជាឱ្យកាន់តែមានទំហំធំជាងមុន ខណៈឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានបញ្ជូលជាឧទ្យានជាតិតែមួយ គឺឧទ្យានជាតិជួរភ្នំក្រវាញ។ ក្រោយការបង្កើត និងកែប្រែនេះ តើឧទ្យានជាតិកម្ពុជាមានចំនួនប៉ុន្មានទីតាំង ជាពិសេសមានការប្រែប្រួលផ្ទៃដីយ៉ាងណា?

តាមទិន្នន័យ ក្នុងឆ្នាំ២០២១ កម្ពុជាមានឧទ្យានជាតិចំនួន ១១ទីតាំង ក្នុងទំហំផ្ទៃដីប្រមាណ ១ ៧១៧ ៦១៤ហិកតា។ ឧទ្យានជាតិទាំង១១ នេះ រួមមាន៖ ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ “គិរីរម្យ” ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម “ភ្នំគូលែន” ឧទ្យានជាតិកែប ឧទ្យានជាតិព្រះសីហនុរាម ឧទ្យានជាតិបុទុមសាគរ ឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង ឧទ្យានជាតិអូរយ៉ាដាវ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។
នៅដើមឆ្នាំ២០២២ ឧទ្យានជាតិព្រះសីហនុរាម បានកែប្រែទៅជា ឧទ្យានជាតិសមុទ្រព្រះសីហនុរាម វិញ ដែលមានផ្ទៃដីសរុប ៣៩ ៦៣៤ហិកតា ស្ថិតនៅក្នុងខេត្តព្រះសីហនុ និងខេត្តកំពត។ រីឯ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ត្រូវបានបញ្ចូលគ្នាជាឧទ្យានជាតិជួរភ្នំក្រវាញ ដែលមានទំហំផ្ទៃដី ៩២៦ ១២៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួន៥ គឺខេត្តកោះកុង ពោធិ៍សាត់ កំពង់ស្ពឺ ព្រះសីហនុ និងខេត្តបាត់ដំបង។ ឧទ្យានជាតិជួរភ្នំក្រវាញ បង្កើតឡើងដោយអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោយពេលដែលឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល បានបង្កើតឡើងតាំងពីអំឡុង ឆ្នាំ២០១៦។

ចំណែក ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពត កំពង់ស្ពឺ និងខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាល សម្រេចបង្កើនពីផ្ទៃដីប្រមាណ ១៥៤ ៤៥៨ហិកតា ទៅផ្ទៃដីប្រមាណ ១៥៦ ១១៦ហិកតា។ តាមអនុក្រឹត្យ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ការបង្កើនផ្ទៃដីរបស់ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” គឺបានមកពីការបូកបញ្ចូលផ្នែកខ្លះ នៃរបៀងអភិរក្សជីវចម្រុះជួរភ្នំក្រវាញ ដែលមានទំហំ ១ ៦៥៨ហិកតា។ ជាមួយគ្នានេះ ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ “គិរីរម្យ” ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពត កំពង់ស្ពឺ និងខេត្តព្រះសីហនុ ដែរនោះ គឺមានផ្ទៃដីប្រមាណ ៣៥ ២៣២ហិកតា។
សម្រាប់ ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម “ភ្នំគូលែន” ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចកែប្រែផ្ទៃដីពីទំហំ ៣៧ ៥០០ហិកតា ទៅផ្ទៃដីទំហំប្រមាណ ៦២ ៨៨៣ហិកតា ដែលកើនឡើងទំហំជាង ២៥ ៣៨៣ហិកតា។ ទន្ទឹមនេះ បើតាមអនុក្រឹត្យ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ឧទ្យានជាតិកែប ក្នុងខេត្តកែប ត្រូវបានកែប្រែផ្ទៃដីពីទំហំ ១ ១៥២ហិកតា ឡើងមកទំហំផ្ទៃដី ១ ២៣០ហិកតា។
ឧទ្យានជាតិចំនួន ៤ទីតាំងទៀត ក៏ត្រូវបានកែសម្រួលផ្ទៃដីផងដែរ គឺឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង សម្រួលពីទំហំ ១៧១ ២៥០ហិកតា មកត្រឹមទំហំផ្ទៃដីប្រមាណ ១៤៣ ៨៩៥ហិកតា ឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី បានកែប្រែពីផ្ទៃដីទំហំ ៥៧ ៤៦៩ហិកតា ឡើងដល់ផ្ទៃដីទំហំ ២៨០ ៣៥៩ហិកតា និងឧទ្យានជាតិអូរយ៉ាដាវ ខេត្តរតនគិរី បានកែប្រែពីផ្ទៃដីទំហំ ១០១ ៣៤៨ហិកតា បង្កើនដល់ទំហំផ្ទៃដី ១០៥ ០១៩ហិកតា ខណៈ ឧទ្យានជាតិវីរៈជ័យ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលមានផ្ទៃដីប្រមាណ ៣៣២ ៥០០ហិកតា បានកើនដល់ទំហំ ៤០៥ ៧៦៦ហិកតា។

ការបង្កើតឱ្យមានឧទ្យានជាតិទាំងនេះ គឺដើម្បីធានាថែរក្សា ការពារសោភណ្ឌភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាជីវៈចម្រុះ សម្រាប់វិទ្យាសាស្ត្រ ការអប់រំ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត រួមទាំងការចូលរួមលើកកម្ពស់តួនាទី សក្ដានុពល និងកិត្យានុភាពនៃប្រព័ន្ធអេកូឡូស៊ី ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។
ឧទ្យានជាតិ នឹងរក្សាលំនឹងបរិស្ថាន រួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ ក៏ដូជាហានិភ័យគ្រោះមហន្តរាយធម្មជាតិ ហើយផ្តល់ផលិតផល សេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ តាមរយៈឧទ្យានជាតិទាំងនេះ បានជួយ ជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព ជាដើម៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


