ព័ត៌មានជាតិ
រដ្ឋធម្មនុញ្ញ៖ «គោរពលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស…» គឺជាអ្វីដែលរាជរដ្ឋាភិបាលថ្មីត្រូវស្បថធ្វើឲ្យបាន
ថ្ងៃទី២២ ខែសីហា ខាងមុខនេះ គឺជារបត់ថ្មីមួយសម្រាប់ប្រទេសកម្ពុជា ដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មី ជំនួសសម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសលាឈប់។ ប៉ុន្តែ មុនចូលកាន់តំណែងជាផ្លូវការនេះ ទាំងនាយករដ្ឋមន្ត្រី និងសមាជិកនៃរាជរដ្ឋាភិបាល អាណត្តិថ្មី ត្រូវតែធ្វើសច្ចាប្រណិធាននៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្ដេចព្រះសង្ឃរាជនិងទេវតាថែរក្សាស្វេតច្ឆ័ត្រនៅក្នុងព្រះបរមរាជវាំង។

ពេលធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង រាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវផឹកទឹកសម្បថ ហើយពោលពាក្យសម្បថជាដំបូងថា ក្នុងពេលបំពេញការងារតាមមុខតំណែងខ្លួន និងការបំពេញបេសកកម្មដែលប្រជារាស្ត្រកម្ពុជាបានប្រគល់ជូន រាល់សមាសភាពរាជរដ្ឋាភិបាល សូមប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។ ទាំងនាយករដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាល សូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្សពួក ឬសម្រាប់ភាគីរៀងៗខ្លួនឡើយ។ នេះបើតាមយោងតាមឧបសម្ព័ន្ធទី៦ នៃរដ្ឋធម្មនុញ្ញកម្ពុជា។
បន្ទាប់មក សមាសភាពរាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវបន្តស្បថថា ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវឯករាជ្យភាពទាំងស្រុងនៃមាតុភូមិកម្ពុជា អធិបតេយ្យភាពជាតិពេញបរិបូរណ៍ បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រដែលកម្ពុជា ធ្លាប់មានក្នុងជំនាន់ឆ្នាំ ១៩៦៣ ដល់ ១៩៦៩ ឯកភាពជាតិ ហើយមិនអនុញ្ញាតឱ្យមានការបែងចែក ឬការធ្វើអបគមន៍ណាមួយឡើយ។

បន្ថែមពីនេះ សមាសភាពរាជរដ្ឋាភិបាលថ្មី ដែលត្រូវចូលសច្ចាប្រណិធាន ត្រូវប្ដេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ អព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធសម្រាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតឱ្យជនណាមួយក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ហាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ។ មិនបម្រើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ។
ជាងនេះទៀត គឺត្រូវប្ដេជ្ញាថា ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិ និងអន្តរជាតិ រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបំបាត់ចោលទាំងស្រុងនូវអំពើហិង្សាគ្រប់បែបយ៉ាង ក៏ប៉ុន្តែ ព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុកនូវសិទ្ធិ កាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភឈ្លានពានមកពីក ដើម្បីការពារជាតិ មាតុភូមិខ្លួន។ សមាសភាពរដ្ឋាភិបាលអាណត្តិថ្មីគ្រប់រូប ប្តេជ្ញាគោរពជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំង មានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្ស ដូចមាន ចែងក្នុងសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្ស។

ជាចុងក្រោយ សមាជិករាជរដ្ឋាភិបាលទាំងអស់ ត្រូវប្ដេជ្ញាថា តស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គមតស៊ូ ដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គមនិងសន្តិភាពជាតិ ដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្ត្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាន នៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈនិងជាទីស្នេហា។
សូមជម្រាបថា នៅព្រឹកថ្ងៃ២២ខែសីហាឆ្នាំ២០២៣ រដ្ឋសភា នឹងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើរាជរដ្ឋាភិបាលអាណត្តិថ្មី។ បន្ទាប់ពីរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលអាណត្តិទី៧រួចរាល់ សមាសភាពរដ្ឋាភិបាលទាំងអស់ នឹងត្រូវធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដដែល៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


