ព័ត៌មានជាតិ
ព្រឹត្តិការណ៍បៃតងសង្ក្រាន្ត នឹងរៀបចំ ឡើងរយៈពេល៣ថ្ងៃ ដើម្បីលើកស្ទួយវប្បធម៌ និងអភិរក្សព្រៃឈើកម្ពុជា
ការប្រកាស ពីការរៀបចំព្រឹត្តិការណ៍បៃតងសង្ក្រាន្តនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃសៅរ៍ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ។
បើតាមលោក តាន់ គឹមសួរ ប្រធានគម្រោង ព្រឹត្តិការណ៍បៃតងសង្ក្រាន្ត បានថ្លែងថា ព្រឹត្តិការណ៍បៃតងសង្ក្រាន្ត ត្រូវបានប្រារព្ធឡើង ក្នុងអត្ថន័យដ៏ជ្រាលជ្រៅដើម្បីរួមចំណែកក្នុងការលើកស្ទួយវប្បធម៌ និងអភិរក្សព្រៃឈើកម្ពុជា ក៏ដូចជាចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររបស់យើង។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅមួយអាទិត្យមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពោលគឺថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះនៅឯទំនប់ពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោក តាន់ គឹមសួរ អះអាងថា ការថែរក្សាអត្តសញ្ញាណនិងដួងព្រលឹងជាតិខ្មែរ គឺជាកាតព្វកិច្ចរបស់មនុស្សខ្មែរគ្រប់រូប។ ព្រឹត្តិការណ៍បៃតងសង្ក្រាន្ត គឺជាចលនាមួយនៃការផ្សាភ្ជាប់រវាងមនុស្ស និងមនុស្ស មនុស្ស និងធម្មជាតិ មនុស្ស និងសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងបណ្ដុះមនសិការយុវជនឱ្យចេះស្រឡាញ់ អភិរក្ស ថែរក្សា និងអភិវឌ្ឍន៍ សម្បត្តិធម្មជាតិ មរតកវប្បធម៌ជាតិ។
លោក តាន់ គឹមសួរ បញ្ជាក់ថា ព្រឹត្តិការណ៍បៃតងសង្ក្រាន្តនេះបានរួមចំណែកយ៉ាងសំខាន់ ក្រោមហេតុផលជាច្រើនដូចជា៖ ទី១. ជាចំណែកមួយនៃការលើកស្ទួយវិស័យវប្បធម៌ខ្មែរយើង គាស់កកាយឡើងវិញនូវវប្បធម៌ដែលមិនសូវមានអ្នកស្គាល់។
ទី២. ជាចំណែកមួយនៃការបំផុសបំផុលឲ្យប្រជាជនយើងមានការយល់ដឹងអំពីសារប្រយោជន៍នៃព្រៃឈើ និងឈានឆ្ពោះទៅដល់ការកាត់បន្ថយនិងបញ្ឍប់ការកាប់បំផ្លាញព្រៃឈើនិងសម្លាប់សត្វព្រៃ។
ទី៣. បង្កើនចំណូលដល់ប្រជាជននៅតំបន់ដែលកំពុងតែមានការកាប់ទន្ទ្រានព្រៃយ៉ាងអនាធិបតេយ្យ។
ចំណែកកញ្ញា សាធ សូរ្យដានី អ្នកសម្របសម្រួលទូទៅព្រឹត្តិការណ៍បៃតងសង្ក្រាន្តបានថ្លែងថា លើសពីនេះទៅទៀត ព្រឹត្តិការណ៍បៃតងសង្ក្រាន្តក៏បានរួមចំណែកក្នុងការលើកកម្ពស់ស្ត្រីនិងកុមារកម្ពុជា ក្នុងការចូលរួមការងារសង្គម លើកស្ទួយវប្បធម៌និងអភិរក្សព្រៃឈើកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍បៃតងសង្ក្រាន្តនេះត្រូវបានដឹកនាំ និងរៀបចំឡើងដោយយុវជនស្ម័គ្រចិត្តជួយសង្គម បៃតងវ៉ររៀរស៍ ហើយនេះមិនមែនជាកម្មវិធីទីមួយដែលយុវជនស្ម័គ្រចិត្តជួយសង្គម បៃតងវ៉ររៀរស៍ បានរៀបចំឡើងនោះទេ គឺកម្មវិធីធំៗត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីរួមចំណែកចំបងក្នុងការជួយទប់ ស្កាត់ការកាប់បំផ្លាញព្រៃឈើ ស្ដារព្រៃឈើឡើងវិញ លើកស្ទួយវប្បធម៌ខ្មែរ ក៏ដូចជាការងារមនុស្សធម៌ដើម្បីជួយសង្គមផ្សេងៗទៀតដែរ។ ពោលកម្មវិធីធំៗប្រចាំឆ្នាំដែលបៃតងវ៉ររៀរស៍បានរៀបចំឡើងមានដូចជា ក្នុងខែមករា ឆ្នាំ២០១៩ បានរៀបចំ “កម្មវិធីប្រគំតន្ត្រីបៃតង” ក្នុងបុព្វហេតុការពារ អភិរក្សព្រៃឈើក្នុងដែនជម្រកសត្វព្រៃ “ភ្នំត្នោត-ភ្នំពក” ស្ថិតនៅ ខេត្តព្រះវិហារ ដែលមានការចូលរួមពីសំណាក់សិល្បករនិងសិល្បការិនីជាច្រើន និងទទួលបានការជួយជ្រោមជ្រែងពីក្រសួងបរិស្ថាន និងការគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្ដេចគតិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។

ក្នុងខែសីហា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីដាំកូនឈើចំនួន (១០ម៉ឺន) ១០០,០០០ដើម ក្រោមប្រធានបទ “រួមគ្នាព្យាបាលដំបៅផែនដី” ដោយមានការចូលរួមគាំទ្រពីក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពប្រធានកិត្តិយស លោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី និងមានការចូលរួមពីសំណាក់បងប្អូនសិល្បករ សិល្បការិនីជាច្រើន។
ក្នុងខែកុម្ភៈ ឆ្នាំ២០២០ សម័យ COVID-19 ពួកយើងបានដឹកនាំការផលិតបាននូវជែលលាងដៃកម្ចាត់មេរោគជិត២០០,០០ដប និងម៉ាសចំនួន ៥០,000សន្លឹក ដើម្បីចែកជូនប្រជាជនយើងទូទាំងប្រទេសដោយមិនគិតថវិកាអ្វីទាំងអស់ ដោយមានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុនសម្រស់ធម្មជាតិ នូវវត្ថុធាតុដើម ហើយសហការណ៍ផលិតពី យក្សាបោកអ៊ុត និងសប្បុរសជននានាជាច្រើនទៀត។

ក្នុងខែមេសា ឆ្នាំ២០២០ ពួកយើងមានការរៀបចំកម្មវិធីព្រលែងកូនត្រីចំនួន ១៧,០០០ក្បាលនៅទំនប់ពាមល្វា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្នុងខែឧសភា ឆ្នាំ២០២០ ក្រុមយុវជនស្ម័គ្រចិត្តជួយសង្គម បៃតងវររៀរស៍ បានរៀបចំថ្នាលបណ្តុះកូនឈើ និងបានបណ្តុះកូនឈើចំនួនជិត២០,០០០ដើម ក្នុងនោះមានកូនបេងចំនួន ១០,០០០ដើម កូនធ្នុងចំនួន១,០០០ដើម កូនក្ងោកចំនួន ៣,០០០ដើម និងកូនគីនីនចំនួន២,០០០ដើម។

ចំណែកកម្មវិធីឆ្នាំនេះ គឺមានទំហំធំ និង ខុសប្លែកពីកម្មវិធីមុនៗ ក្រុមយុវជនស្ម័គ្រចិត្តជួយសង្គម បៃតងវ៉ររៀរស៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនសម្រស់ធម្មជាតិដែលបានឧបត្ថម្ភធំមុនគេ ក្នុងកម្មវិធីនេះ។
ក្រុម ការងារបៃតងសង្ឃឹមថា នឹងមានការគាំទ្រក៏ដូចជាចូលរួមពីបណ្តាក្រុមហ៊ុននានា និង ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានឲ្យបានច្រើនកុះករបន្តទៀតក្នុងការលើក ស្ទួយវប្បធម៌ខ្មែរ និងអភិរក្សព្រៃឈើនៅប្រទេសកម្ពុជាយើងតាមរយៈ ព្រឹត្តិការណ៍បៃតងសង្ក្រាន្តនេះ៕
ដោយ ៖ កោះកែវ

-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


