Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីកាហ្សាក់ស្ថាន ស្នើឱ្យ «បញ្ឈប់» សង្គ្រាមអ៊ុយក្រែន តែ​រុស្ស៊ីឆ្លើយថា មិនអាចទៅរួច

បានផុស

នៅ

ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅទីក្រុង Omsk ដោយបានជំរុញឱ្យភាគីរុស្ស៊ី​បញ្ឈប់​ជម្លោះនៅអ៊ុយក្រែន និងត្រឡប់ទៅប្រកាន់យក «រូបមន្តអ៊ីស្តង់ប៊ុល ២.០» ដើម្បីស្វែងរកសន្តិភាពឡើងវិញ។

លោក Kassym-Jomart Tokayev និងលោក វ៉្លាឌីមៀរ ពូទីន (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ វិមានក្រឹមឡាំងបានច្រានចោលសំណើនេះភ្លាមៗ ដោយអះអាងថា មិនអាចអនុវត្តទៅបានឡើយ។

ចុះផ្សាយ​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៦ សារព័ត៌មានរ៉យទ័រ បានឱ្យដឹង​ថា នៅក្នុងជំនួបនោះ លោក Tokayev បានលើកឡើងថា កាហ្សាក់ស្ថាន មិនមែនជាអ្នកក្រៅចំពោះជម្លោះនេះទេ ប៉ុន្តែក៏មិនបានស្វែងរកតួនាទីជាអ្នកសម្របសម្រួលនោះដែរ ដោយលោកជឿជាក់ថា មហាអំណាចដូចជារុស្ស៊ី អាចដោះស្រាយបញ្ហានេះដោយខ្លួនឯងបាន។ លោកបានបញ្ជាក់ថា ការបន្តសង្គ្រាមនេះ គឺមានតែផ្តល់ផលចំណេញដល់សត្រូវរបស់ទាំងរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះ ហើយការត្រឡប់ទៅរកកិច្ចព្រមព្រៀងផ្អែកលើជំនួបនៅអ៊ីស្តង់ប៊ុល ក្រោមការធានាពីមហាអំណាចពិភពលោក គឺជាច្រកចេញដ៏ល្អបំផុតនាពេលនេះ។ លើសពីនេះ លោកក៏បានកោតសរសើរ លោក ពូទីន ចំពោះភាពបត់បែនផ្នែកទូត ក្នុងអំឡុងជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋអាឡាស្កាកាលពីពេលកន្លងទៅផង​ដែរ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់យ៉ាងច្បាស់ថា ការបង្កកសង្គ្រាមក្នុងស្ថានភាពបច្ចុប្បន្ន គឺ «មិនអាចទៅរួចទេ»។ លោកបានសង្កត់ធ្ងន់ថា លក្ខខណ្ឌរបស់រុស្ស៊ីក្នុងការបញ្ចប់សង្គ្រាម គឺនៅតែដដែល ហើយសង្គ្រាមអាចនឹងបញ្ចប់ភ្លាមៗ ប្រសិនបើអ៊ុយក្រែនព្រមដកទ័ពចេញពីតំបន់ Donbas និងបោះបង់ចោលបំណងចូលរួមជាមួយអង្គការ NATO។ លោក Peskov បានបន្ថែមថា គោលដៅចម្បងរបស់រុស្ស៊ីនៅក្នុងប្រតិបត្តិការយោធានេះ ត្រូវតែសម្រេចឱ្យបានជាដាច់ខាត មុននឹងមានការចរចាសន្តិភាពណាមួយកើតឡើង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម