Connect with us

កីឡា

ប៉ះ​គ្នា​វគ្គសំខាន់​ទៀត​ហើយ! កម្ពុជា ប្រកួត​ជា​មួយ សៀម​ វគ្គ១/២​ផ្តាច់​ព្រ័ត្រ ម៉ោង ៣:៣០​នាទី​ថ្ងៃ​នេះ​

បានផុស

នៅ

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានឡើងវគ្គពាក់កណ្តាលផ្តាច់ពានរង្វាន់អាស៊ាន SEA V. Cup ឆ្នាំ ២០២៦ ជើង​ទី២ ក្នុងនាមជាក្រុមលេខ ២ ក្នុងពូល A បន្ទាប់ពីឈ្នះ ១ ប្រកួត និងចាញ់ ១ ប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតសន្សំពិន្ទុលើកទី១ កម្ពុជា បានចាញ់​ម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ៣-០ ប៉ុន្តែ​ការ​ប្រកួត​សន្សំពិន្ទុ​លើក​ទី​២ បាន​យក​ឈ្នះ ហ្វីលីពីន ដោយលទ្ធផល ៣-០។ ចំណែក ឥណ្ឌូណេស៊ី ស្ថិត​នៅ​លេខ ១ ក្នុង​ពូល តាម​រយៈ​ជ័យជម្នះ ៣-០ លើ​ កម្ពុជា និង​ឈ្នះ ហ្វីលីពីន ៣-១។

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុង​នាមជា​ក្រុម​លេខ ២ ​ក្នុង​ពូល កម្ពុជា ត្រូវ​ជួបក្រុមលេខ​ ១ ​ពូល B គឺ សៀម ខណៈ ឥណ្ឌូណេស៊ី ជា​ក្រុម​លេខ ១ ​ពូល A ត្រូវ​ជួប​ក្រុម​លេខ​២ ពូល B គឺ​វៀតណាម។ ក្រុម​ហ្វីលីពីន និង មីយ៉ាន់ម៉ា ត្រូវ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេ៥។

នៅ​ក្នុង​ព្រឹត្តិការណ៍ SEA V. Cup ឆ្នាំ ២០២៦ នេះ ក្រុម​សៀម​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ​ដោយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ៣ កាល​ពី​ជើង​ទី​១។ ពួក​គេ​ឈឺ​ចាប់​បំផុត​នៅ​ពេល​ចាញ់ កម្ពុជា នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​លទ្ធផល ៣-១ ហើយ​ជា​ការចាញ់​លើក​ដំបូង ដោយ​លទ្ធផល ៣-១ នេះ ពី​ព្រោះ​កន្លង​មក ពួក​គេ​ធ្លាប់​ចាញ់​​ដោយ​លទ្ធផល​ ៣-២។

កាល​ពី​ជើង​ទី១ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម​សៀម បាន​ឈ្នះ វៀតណាម ដោយ​លទ្ធផល ៣-១ ប៉ុន្តែ​ចូល​ជើង​ទី​ ២ ​បាន​យក​ឈ្នះ​ វៀតណាម ទាំង​លំបាក​គឺ​ ៣-២ ដូច្នេះ​បញ្ជាក់​ថា សមត្ថភាព​របស់​ពួក​គេ​មិន​សូវ​ជា​ល្អ​ប្រសើរ​ប៉ុន្មាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ក្រុម​កម្ពុជា​កាន់​តែ​មាន​លក្ខណៈ​លក្ខណៈ​ល្អ​ប្រសើរ។ កាល​ពី​ជើង​ទី​១ កម្ពុជា បាន​ឈ្នះ ហ្វីលីពីន ៣-២ ប៉ុន្តែ​នៅ​ជើងទី​២ បាន​ឈ្នះ ​ហ្វីលីពីន ​ដោយ​លទ្ធផល​តដៃ​មិន​រួច​គឺ ៣-០។

តាម​រយៈ​លទ្ធផល​ល្អ​ប្រសើរ​របស់​កម្ពុជា​លំដាប់ បាន​កំពុង​ធ្វើ​ឲ្យ ក្រុម​សៀម រង​សម្ពាធ​យ៉ាង​ខ្លាំង​​ពី​អ្នក​គាំទ្រ។ អ្នក​គាំទ្រ​សៀម​បាន​រិះគន់​យ៉ាង​ចាស់​ដៃ​ចំពោះ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ដែល​មិន​មាន​ការ​​អភិវឌ្ឍ ប៉ុន្តែ​យក​បទពិសោធ​ចាស់ និង​កីឡាករ​ចាស់​​មក​ប្រើប្រាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​គាំទ្រ​របស់​ពួក​គេ​បានលើក​ហេតុផល​ផ្សេង​ៗជុំ​វិញ​ការ​ចាញ់ កម្ពុជា នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ជើង​ទី​១ ប៉ុន្តែ​ពួក​គេ​មិន​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ពី​សមត្ថភាព​របស់​​កម្ពុជា។

ជួប​គ្នា​វគ្គ​សំខាន់់​ៗ ៣ ដង សៀម មិន​ធ្លាប់​ឈ្នះ​ កម្ពុជា ឡើយ។ លើក​ទី១ ដណ្តើម​មេដាយ​សំរិទ្ធ កីឡា​ស៊ីហ្គេម ឆ្នាំ ២០២១ នៅ​ប្រទេស​វៀតណាម កម្ពុជា បាន​យក​ឈ្នះ​ដោយ​លទ្ធផល ៣-២ ដើម្បី​ទទួល​បាន​មេដាយ​សំរិទ្ធ។ លើក​ទី​២ កម្ពុជា បាន​ទម្លាក់​ សៀម នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២៣ ដោយ​លទ្ធផល ៣-២ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ទទួល​បាន​មេដាយ​ប្រាក់​កីឡា​ស៊ីហ្គេម ហើយ​លើក​ទី​៣ កម្ពុជា បាន​ទម្លាក់​ សៀម​ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​លទ្ធផល ៣-១ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​បាន​ឈ្នះ​ជើង​ឯក SEA Vollyeyball Cup ជើង​ទី​១ ឆ្នាំ ២០២៦ នៅ​ប្រទេស​ហ្វីលីពីន។ ថ្ងៃ​នេះ​ជា​ការ​ជួប​គ្នា​វគ្គ​សំខាន់​លើក​ទី​៤។

ប្រសិន​បើ សៀម ​ធ្លាក់​ក្រោម​ថ្វី​ដៃ​របស់​ កម្ពុជា ទៀត​នោះ​គឺ​កាន់​តែ​អាម៉ាស់ និង​រង​សម្ពាធ​ខ្លាំង ​ឡើង ពី​ព្រោះ​​ពួក​គេ​មិន​អាច​ក្សា​ខ្លួន​ជា​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​អាស៊ាន ហើយ​មិន​ទទួល​បាន​កៅអី​ឡើង​ទៅ​ប្រកួត​ពាន​រង្វាន់​អាស៊ី Asian Volleyball Championship (AVC Cup) ថែម​ទៀត ពី​ព្រោះ​ក្រុម​លេខ១ និង​លេខ២ នៃ​ព្រឹត្តិការណ៍​ SEA V. Cup ឆ្នាំ ២០២៦ គឺ​ទទួល​បាន​កៅអី​ឡើង​ទៅ​ប្រកួត AVC Cup ឆ្នាំ ២០២៧។ កម្ពុជា និង ឥណ្ឌូណេស៊ី ជា​បេក្ខភាព​ឈាន​មុខ​គេ​ក្នុង​ការ​ទទួល​បាន​កៅអី ទៅ​ប្រកួត​ពាន​អាស៊ី៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម