Connect with us

កីឡា

ក្រុម​បាល់ទាត់​ ស.ស.យ.ក​ អលស្តារ​ បើក​ឆាក​ប្រកួត​ដំបូង​យក​ឈ្នះ​លើ​សមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA 1-0 ​

បានផុស

នៅ

បន្ទាប់​ពី​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នៃ​ក្រុម​បាល់ទាត់​ ស.ស.យ.ក​ អលស្តារ​ រួច​ហើយ​នោះ​កាល​ពី​ល្ងាច​ថ្ងៃ​ទី២៤​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ ម្សិលមិញ​នេះ​ជា​ការ​ប្រកួត​បើក​ឆាក​ដំបូង​របស់​ក្រុម​ថែម​ទាំង​ទទួល​បាន​ជ័យជម្នះ​ទៀត​ផង​លើ​ក្រុម​បាល់ទាត់​សមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA 1-0 នៅ​ឯ​ពហុ​កីឡដ្ឋានជាតិ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​ផេក​បាល់ទាត់​ ស.ស.យ.ក​ អលស្តារ​

លោក​ គួច​ វែងស្រ៊ុន​ អ្នក​ចាត់ការ​ទូទៅនៃ​ក្រុម​បាល់ទាត់​ ស.ស.យ.ក​ អលស្តារ​ បាន​លើក​ឡើង​ថា​ នេះ​ជា​ការ​ប្រកួត​បើក​ឆាក​ដំបូង​តាំង​ពី​ប្រកាស​ទទួល​ស្គាល់​ក្រុម​ និង​សំលៀកបំពាក់​ជា​ផ្លូវ​ការ​នា​ប៉ុន្មាន​សប្ដាហ៍​មុន​រួច​មក។​ ក្រុម​បាល់ទាត់​នេះ​បង្កើត​ឡើង​ក្នុង​ស្មារតី​ «កីឡា មិត្តភាព សប្បុរសធម៌»​ ដូច​ជា​ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ធ្លាប់​លើក​ឡើង​ពី​មុន។​

រូបភាព​ផេក​បាល់ទាត់​ ស.ស.យ.ក​ អលស្តារ​

ការ​ប្រកួត​ជា​មួយ​ក្រុម​បាល់ទាត់​សមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA គឺ​ក្នុង​គោល​បំណង​រឹតចំណង​មិត្តភាព​រវាង​ក្រុម​ទាំង​ពីរ​ និង​លើក​កម្ពស់​សុខុមាភាព​អ្នក​ចូលរួម​លេង​ទាំង​អស់​គ្នា​ផង​ដែរ។​ មួយ​វិញ​ទៀត​ជា​ការ​កម្ពៅ​សាច់ដុំ​ និង​ផ្ដួចផ្ដើម​គំនិត​រួម​គ្នា​ដើម្បី​ឈាន​ទៅ​រៀបចំ​ការ​ប្រកួត​សប្បុរសធម៌​មួយ​នៅ​ឯ​តំបន់​ជន​ភៀសសឹក​ក្នុង​ភូមិ​រង់ចាំ​អំឡុង​ខែ​ក្រោយ​នេះ។​ ចំពោះ​សកម្មភាព​ និង​កិច្ចការ​សប្បុរសធម៌​មាន​អ្វី​ខ្លះ​នោះ​ខាង​ក្រុម​ការងារ​កំពុង​រៀបចំ​គម្រោង។​

រូបភាព​ផេក​បាល់ទាត់​ ស.ស.យ.ក​ អលស្តារ​

តំណាង​ក្រុម​បាល់ទាត់​ខាង​លើ​បន្ថែម​ទៀត​ថា​ មែនទែន​ទៅ​នេះ​មិនមែន​ជា​លើក​ទី១​ សម្រាប់​ ស.ស.យ.ក ដែល​មាន​សកម្មភាព​ជា​មួយ​សង្គម​ជាតិ​នោះ​ទេ។​ ពោល​សកម្មភាព​ និង​កីឡា​ផ្សារភ្ជាប់​ជា​មួយ​ការងារ​សប្បុរសធម៌​នឹង​មាន​ជា​បន្តបន្ទាប់​ទៀត​ពិសេស​នៅ​តំបន់​ព្រំដែន​ជួរមុខ​ជា​ដើម​ដែល​នេះ​បញ្ជាក់​ថា​ប្រជាជន​​នៅ​ជួរ​ក្រោយ​នេះ​មិន​ទុក​ឲ្យ​វីរៈជនជួរ​មុខ​ឯកោ​ ឬ​ភ្លេច​អ្នក​តស៊ូ​នោះ​ឡើយ។​

បញ្ជាក់​ដែរ​ថា​ ថ្ងៃ​បើក​ឆាក​ប្រកួត​ដំបូង​របស់​ក្រុម​បាល់ទាត់​ ស.ស.យ.ក​ អលស្តារ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី២៤​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ នេះ​បាន​យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់​ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA 1-0។​ ការ​ប្រកួត​នេះ​ផង​ដែរ​ក៏​មាន​ការ​ចូលរួម​ប្រកួត​ដោយ​ផ្ទាល់​ពី​ប្រធាន​ក្រុម​ឯកឧត្តម​ ហ៊ុន​ ម៉ានី​ និង​ថ្នាក់ដឹកនាំ​ អតីត​កីឡាករ​អាជីព​ និង​គ្រូៗ​មួយ​ចំនួន​ផង​ដែរ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម