ព័ត៌មានជាតិ
ស្ពានកោះនរា គ្រោងដាក់ជូនពលរដ្ឋធ្វើដំណើរ បណ្ដោះអាសន្ន នៅចុងខែតុលា នេះ
ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុង ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន គ្រោងដាក់ជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈ លោក និង អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC អញ្ជើញអធិបតីភាព ក្នុងពិធីតភ្ជាប់តួស្ពាននេះ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅចំណុចស្ពានបេតុងខ្សែកាបត្រើយខាងលិច (កោះពេជ្រ)។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរានេះ គ្រោងដាក់ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ ការដាក់ឱ្យជាប្រើប្រាស់ជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងស្នើសុំទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអធិបតីភាព ក្នុងពិធីដាក់ឱ្យធ្វើចរាចរណ៍លើស្ពាននេះជាបណ្តោះអាសន្ន អបអរសាទរបុណ្យអុំទូកបណ្ដែត ប្រទីប សំពះព្រះខែ។

លោក ឃួង ស្រេង មានប្រសាសន៍បន្តថា ការបើកឱ្យដំណើរការធ្វើចរាចរណ៍នៅស្ពានខាងលើនេះ នឹងកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស។

តំណាងក្រុមហ៊ុន OCIC ដែលទទួលការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ខាងលើនេះ បានបញ្ជាក់ឱ្យដឹងថា៖ ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរានេះ គិតមកដល់ពេលនេះ ការស្ថាបនាសម្រេចប្រមាណ ៩៣% ដោយគ្រោងនឹងបញ្ចប់នៅមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។

គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាបកោះនរា មានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ ,៥០ម៉ែត្រ មាន ៤គន្លង គឺ ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង ១គន្លងទៀតសម្រាប់អ្នកថ្មើជើង។ ស្ពាននេះ បានបើកការដ្ឋានដំណើរការសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តាមការប៉ាន់ស្មាន ត្រូវប្រើពេល ៣៥ខែ ដើម្បីស្ថាបនា និងចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ចំពោះភាពចាំបាច់របស់ស្ពាននេះ អាចជួយសម្រួលដល់ការធ្វើដំណើចេញពីទឹកដីខណ្ឌច្បារអំពៅ ឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រ ខណៈបច្ចុប្បន្នមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ បើទោះសាលារាជធានីភ្នំពេញដាក់សាឡាងហូតដល់ទៅ ៤គ្រឿងក្តី ក៏នៅតែកកស្ទះដដែល៕
អត្ថបទ៖ ស្រីរ័ត្ន





-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី