ព័ត៌មានជាតិ
សំណើ សំណូមពរពលរដ្ឋ ជាង ១០០ ករណី ត្រូវបានដោះស្រាយភ្លាមៗ ក្នុងវេទិកាមួយរបស់ក្រុមប្រឹក្សាខេត្តកំពត
នៅរយៈពេល ២ថ្ងៃ ចាប់តាំងពីថ្ងៃទី ២៤ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រោមការដឹកនាំរបស់ប្រធានក្រុមប្រឹក្សាខេត្តកំពត សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរ ក្រុង-ស្រុក និងមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត ក្រុង និងស្រុក ទាំង៩ ទូទាំងខេត្តកំពត ជួបជុំពិភាក្សារកដំណោះស្រាយរួមគ្នា ក្នុងវេទិកា ទទួលបានសំណើ និងសំណូមពរចំនួន ១៦៧ករណី ហើយករណីខ្លះ ត្រូវបានដោះស្រាយភ្លាមៗ បានចំនួន ១០៤ ករណី ផងដែរ។

វេទិកានេះតែងតែធ្វើឡើងរៀងរាល់ ១ឆ្នាំម្តង ជាចាំបាច់ ដើម្បីបានដឹងអំពីដំណើរការអភិវឌ្ឍ បញ្ហាប្រឈម ការផ្តល់សេវាផ្សេងៗ សំណើ និងសំណូមពររបស់ពលរដ្ឋនៅមូលដ្ឋាន ដើម្បីអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធរួមគ្នាដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅតែមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីជំនាញ អាជ្ញាធរ ថ្នាក់ដឹកនាំ ដើម្បីជាឱកាសជួបជុំគ្នាស្តាប់ និងលើកឡើងពីបញ្ហាប្រឈម សំណើ សំណូមពរ និងតម្រូវការដែលកើតមាននៅក្នុងមូលដ្ឋានសម្រាប់រួមគ្នាដោះស្រាយ។

លោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លះ ព្រោះវាជាឱកាសសម្រាប់ជួបជុំរវាង ថ្នាក់ដឹកនាំ អាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម សំណូមពរ តម្រូវការផ្សេងៗ ដើម្បីរួមគ្នាធ្វើការដោះស្រាយ និងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានឱ្យបានកាន់តែរីកចម្រើនល្អប្រសើរឡើង ស្របតាមគោលនយោបាយ និងគោលការណ៍របស់រាជរដ្ឋាភិបាល តាមលទ្ធិប្រជាធិបតេយ្យក្នុងការផ្ដល់សិទ្ធិអំណាច នៃការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនៅក្នុងមូលដ្ឋាន នីមួយៗ។

តាមរយៈអង្គវេទិកានេះ លោក ញ៉ូវ សាឯម ក៏បានលើកឡើងទៀតថា តាមការកត់សម្គាល់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ ក្នុងខេត្តកំពត គឺមានលក្ខណៈ កាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់ ប្រព្រឹត្តទៅមានភាពរលូន ប្រជាពលរដ្ឋមានការយល់ដឹងពីសិទ្ធិអំណាចរបស់ខ្លួន និងមានការចូលរួមប្រកបដោយភាពរីករាយ យ៉ាងផុលផុស។ ហើយឆ្នាំនេះ ជាលទ្ធផល មានលក្ខណៈល្អជាងបណ្ដាឆ្នាំមុនៗ កន្លងទៅទៀត ព្រោះបានកាត់បន្ថយរាល់បញ្ហាប្រឈមនានាជាច្រើន ដូចជា ការឈ្លោះប្រកែកគ្នា ការរំលោភបំពានដីធ្លីគ្នាជាដើម ហើយយើងនៅតែមានសំណើ សំណូមពរ និងករណីខ្លះទៀតគឺជាសំណើសុំធ្វើផ្លូវថ្នល់តាមភូមិ ឃុំ សង្កាត់ តម្រូវការទាំងនេះស្របទៅនឹងផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលដែលមានមហិច្ឆតាឥតឈប់ឈរ ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ។

បើយោងតាមរបាយការណ៍លទ្ធផល នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ គឺទទួលបានសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋទាំងអស់ចំនួន ១៦៧ ករណី ហើយធ្វើការដោះស្រាយភ្លាមៗនៅនឹងកន្លែងបាន ១០៤ ករណី មិនទាន់ដោះស្រាយ ៦៣ ករណី៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


