ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការចុះឈ្មោះចូលជាសមាជិក ប.ស.ស នឹងទទួលបានការធានារ៉ាប់រងធំៗ ចំនួន ៤
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ការចុះឈ្មោះចូលជាសមាជិក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកអ្នកនឹងទទួលបានការធានារ៉ាប់រងធំៗ ចំនួន ៤ ដែលនឹងជួយកាត់បន្ថយការចំណាយនៅក្នុងគ្រួសារ និងចូលរួមលើកស្ទួយជីវភាពរស់នៅកាន់តែប្រសើរបន្ថែមទៀត។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តថា ធានារ៉ាប់រងធំៗ ចំនួន ៤ នៅពេលលោកអ្នកចុះឈ្មោះជាមួយ ប.ស.ស នោះរួមមាន ៖
ទី១.ប្រសិនបើអ្នកមានជំងឺ នោះ ប.ស.ស. នឹងរ៉ាប់រងលើថ្លៃព្យាបាលរហូតដល់ជាសះស្បើយ និងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗ ដូច្នេះ អ្នកអាចត្រឡប់ទៅធ្វើការវិញបានយ៉ាងឆាប់រហ័ស។
ទី២.ប.ស.ស. នឹងរ៉ាប់រងលើសេវាថែទាំសុខភាព មុននិងក្រោយសម្រាល សេវាថ្លៃសម្រាល ជាមួយនឹងប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃ រយៈពេល ៩០ ថ្ងៃ ព្រមទាំងប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលផងដែរ។
ទី៣.ប្រសិនបើអ្នកមានគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារ នោះ ប.ស.ស. នឹងធានារ៉ាប់រងលើសេវាសង្គ្រោះបន្ទាន់, ការព្យាបាល និងថែទាំ, ផ្ដល់ប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀត ស្របទៅតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម។
ទី៤.លោកអ្នក នឹងទទួលបានប្រាក់សោធននិវត្តន៍ នៅពេលលោកអ្នកចាស់ធ្វើការលែងកើត។

លោក កត្តា អ៊ន បានបញ្ជាក់ថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ ២០២៣ ប.ស.ស. បានផ្តល់តាវកាលិកសន្តិសុខសង្គមដល់កម្មករនិយោជិត មន្ត្រីសាធារណៈ និងបុគ្គលស្វ័យនិយោជន៍ប្រមាណ ២ លានរៀល (២០១៧២៧៧ លានរៀល) ដែលមានអ្នកទទួលសេវាប្រមាណជាង ២ លាននាក់។ ក្នុងនោះរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារក្នុងវិស័យឯកជនដែលអនុវត្តនៅឆ្នាំ ២០០៨ ដល់បច្ចុប្បន្ន បានផ្តល់តាវកាលិកផ្នែកហានិភ័យការងារចំនួន ២៦៩ ៥៨៨ ឯកសារ មានជនរងគ្រោះចំនួន ១៨៣ ០៤៨ នាក់ ស្រី ៣៣ ៣៣១ នាក់ ចំណាយសរុបអស់ ១៩១ ៩២៥,៩៨ លានរៀល និងវិស័យសាធារណៈចាប់អនុវត្តពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១ ដល់បច្ចុប្បន្នបានផ្តល់តាវកាលិកផ្នែកហានិភ័យការងារចំនួន ១៨៥ ឯកសារ មានជនរងគ្រោះចំនួន ១៤៨ នាក់ ស្រី ៣៨ នាក់ ចំណាយសរុបអស់ ៦៥៩,៧ លានរៀល។ ចំណែករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពក្នុងវិស័យឯកជនដែលអនុវត្តនៅឆ្នាំ ២០១៦ ដល់បច្ចុប្បន្នមានសមាជិកចូលប្រើប្រាស់សេវាចំនួន ១៣ ៩១៥ ០៣០ ករណី ស្រី ១០ ៦០៧ ៤៧១ ករណី ដែលចំណាយសរុបអស់ ១៥៨១ ២២៩,៩៥ លានរៀល និងបានផ្តល់តាវកាលិកផ្នែកថែទាំសុខភាពដល់សមាជិកវិស័យឯកជន ចំនួន ៤៦២៣២៤ នាក់ ស្រី ៤២៨ ៩៤៨ នាក់ និងបានទូទាត់ជូនមូលដ្ឋានសុខាភិបាលចំនួន ៦៦២៥៦ ឯកសារ និងវិស័យសាធារណៈដែលអនុវត្តនៅឆ្នាំ ២០១៨ ដល់បច្ចុប្បន្នមានសមាជិកចូលប្រើប្រាស់សេវាចំនួន ១ ៤៥៦ ៣១០ ករណី ស្រី ៦១៣ ០៥៧ ករណី ចំណាយសរុបអស់ចំនួន ២៤៣ ៤២១,៣៧ លានរៀល។

លោកបានបន្ថែមថា ក្រៅពីនេះបុគ្គលស្វ័យនិយោជន៍ដែលបានអនុវត្តគម្រោងសាកល្បងចាប់ពីខែមេសា ឆ្នាំ ២០២៣ មក មានសមាជិកជាបុគ្គលស្វ័យនិយោជន៍ចូលប្រើប្រាស់សេវាចំនួន ៥០៥ ករណី ស្រី ១៤៣ ករណី ចំណាយសរុបអស់ ៣៧ លានរៀល៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


