Connect with us

ព័ត៌មានជាតិ

កម្ពុជា-ស្វីស បន្តកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥ លាននាក់

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ស្វីស (SDC) បាន​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១,៥ លាន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​នេះ ក្នុង​ឱកាស លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក Jean-Gabriel Duss នាយក​ប្រចាំ​តំបន់ នៃ​កិច្ច​សហប្រតិបត្តិការ​សម្រាប់​តំបន់​មេគង្គ នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ស្វីស (SDC) កាលពី​រសៀល​ថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០២៥ នៅ​ទីស្ដីការ​ក្រសួង។

នា​ឱកាស​នោះ លោក ហេង សួរ បាន​កោតសរសើរ​ចំពោះ SDC ដែល​តែងតែ​ជួយ​ដល់​កម្ពុជា ជា​ពិសេស​លើ​គម្រោង​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ១,៥ លាន​នាក់ តាំងពី​ដំណាក់កាល​ទី ១ ដំណាក់​កាល​ទី ២ និង​បន្ត​អនុវត្ត​រួមគ្នា​ថែមទៀត​សម្រាប់​ដំណាក់កាល​ទី ៣ ឆ្នាំ ២០២៤ – ២០២៨។

លោក ហេង សួរ បាន​សម្ដែង​ក្ដី​រីករាយ​ក្នុង​ការ​ធ្វើ​ការងារ​រួមគ្នា​ជា​ត្រីភាគី​រវាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ស្វីស (SDC) និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដើម្បី​ពង្រឹង​ការ​បណ្ដុះបណ្ដាល​កម្លាំង​ពលកម្ម​ជំនាញ សំដៅ​រួមចំណែក​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​កម្ពុជា កម្លាំង​ពលកម្ម​ជំនាញ​ចល័ត​ក្នុង​តំបន់ និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ។

ជាមួយ​នេះ លោក Jean-Gabriel Duss ក៏បាន​បញ្ជាក់​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​ការ​អនុវត្ត​គម្រោង​ដំណាក់កាល​បន្ទាប់ នៃ​កម្មវិធី TVET ១,៥ លាន​នាក់ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ​-​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី ៧ នៃ​រដ្ឋសភា សម្រាប់​ការ​កសាង​កម្លាំង​ពលកម្ម​ជំនាញ​ដែល​មាន​ការ​ប្រកួតប្រជែង និង​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ពេល​អនាគត​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម