ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ យុទ្ធនាការភ្នំពេញស្អាត នឹងជះឥទ្ធិពលវិជ្ជមាននូវការប្ដូរឥរិយាបថពលរដ្ឋលើកិច្ចការពារបរិស្ថាន
យុទ្ធនាការភ្នំពេញស្អាត នឹងជះឥទ្ធិពលជាវិជ្ជមានក្នុងការផ្លាស់ប្ដូរឥរិយាបថរបស់មនុស្សម្នាក់ៗលើការថែរក្សាបរិស្ថាន ជាពិសេសការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីជំរុញកិច្ចការពារបរិស្ថានល្អ អនាម័យស្អាត សោភ័ណ្ឌភាពស្រស់បំព្រងក្នុងសង្គម។ នេះជាការដាក់ក្ដីសង្ឃឹម និងភាពជឿជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបើកដំណើរការយុទ្ធនាការភ្នំពេញស្អាត នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោងស្អាត ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងយុជនសុឆន្ទៈនៃគម្រោងស្អាតទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងបន្តឱ្យមាននូវយុទ្ធនាការភ្នំពេញស្អាត នៅឆ្នាំនេះ ខណៈយុទ្ធនាការនេះ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៧ ហើយសម្រេចបានលទ្ធផលជាទីមោទន។ ឯកឧត្តម បានបញ្ជាក់ថា យុទ្ធនាការភ្នំពេញស្អាត បាននឹងកំពុងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋាន នៃរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការចូលរួមដោះស្រាយបញ្ហាសំរាម។

បើតាមឯកឧត្តម ហ៊ុន ម៉ានី យុទ្ធនាការភ្នំពេញស្អាត គឺជាផ្នែកមួយរបស់គម្រោងស្អាត ដែលត្រូវបង្កើតឡើងក្នុងគោល បំណងប្រមូលផ្ដុំតួអង្គពាក់ព័ន្ធបង្កើតឱ្យមានសំឡេងតែមួយ សំដៅអនុវត្តតាមចក្ខុវិស័យរួមគ្នាមួយ គឺការចូលរួមចំណែកលើកកម្ពស់មេត្រីបរិស្ថាន សិក្សាអំពីបញ្ហាប្រឈម ហើយខិតខំស្វែងរកដំណោះស្រាយរួមស្ដីពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក៏ដូចជាការបំផុតស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា និងលើកកម្ពស់បរិស្ថាន សោភ័ណ្ឌភាពកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ក្នុងន័យនេះ ឯកឧត្តម សង្កត់ធ្ងន់ថា គោលដៅចម្បងមួយនៃគម្រោងនេះ គឺកិច្ចសហការជាមួយក្រសួងស្ថាប័នរដ្ឋ ឯកជន ដៃគូសហការពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីសារសំខាន់នៃភាពស្អាត វិធីសាស្ត្រក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងគោលដៅជំរុញកិច្ចការពារបរិស្ថានល្អ អនាម័យស្អាត សោភ័ណ្ឌភាពស្រស់បំព្រង និងផាសុខភាព ដែលជាភាពស៊ីវិល័យរបស់សង្គមសម័យទំនើប។
សម្រាប់យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៣នេះ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងឱ្យដឹងថា អនុវត្តក្រោមពាក្យស្លោក សីលធម៌យើងប្រពៃខ្មែរយើងថ្លាថ្លៃ ដោយផ្ដោតលើគោលគំនិតសំខាន់ៗ៣ គឺចិត្តគំនិតស្អាត អាកប្បកិរិយាស្អាត និងប្រតិបត្តិការស្អាត រួមនិងផែនការសកម្មភាពចំនួន៤ គឺចិត្តខ្ញុំស្អាត ខ្មែរស្អាត ការងារខ្ញុំស្អាត ខ្មែរស្អាត ខ្ញុំទំពាំងស្អាត ខ្មែរស្អាត និងធុរកិច្ចយើងស្អាត ខ្មែរស្អាត។

តាមរយៈយុទ្ធនាការនេះ ឯកឧត្តមរដ្ឋមន្រ្តី ជឿជាក់យ៉ាងមុតមាំថា នឹងទទួលបានប្រជាប្រិយភាព និងជះឥទ្ធិពលវិជ្ជមាន ដើម្បីបង្កើតភាពជាគម្រូដល់យុវជនជំនាន់ក្រោយ និងផ្នត់គំនិតចូលរួមជាដំណោះស្រាយលើបញ្ហាប្រឈម ដែលសង្គមជាតិទាំងមូលកំពុងជួបប្រទះ។ បន្ថែមពីនេះ ឯកឧត្តម ក៏ជឿជាក់ថា បទពិសោធ និងដំណើរវិវឌ្ឍទៅមុខកន្លងមករបស់គម្រោងស្អាត នឹងអាចក្លាយជាមូលដ្ឋាន និងជាធាតុចូលបន្ថែមទៀតដល់ក្រុមការងារ ក៏ដូចជាក្រុមយុវជនសុឆន្ទៈស្អាតទាំងអស់ ក្នុងការបន្តបេសកកម្មសម្រាប់ឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់។

បើតាមរបាយការណ៍របស់លោក ហៃ ភិរម្យ សហស្ថាបនិកនៃគម្រោងស្អាត យុទ្ធនាការភ្នំពេញស្អាតនេះ បានវិវត្តពីការ ផ្តោតលើការបញ្ជ្រាបសារអប់រំលើឥរិយាបថក្នុងការគ្រប់គ្រងសំរាម ការលើកទឹកចិត្តឱ្យកាត់បន្ថយការប្រើប្រាស់របស់របរដែលបង្កើតជាសំរាម និងការកែច្នៃសំរាមទៅជាសម្ភារៈដែលអាចប្រើប្រាស់បានម្ដងទៀត។ លោក ហៃ ភិរម្យ ថា នៅក្នុងឆ្នាំ២០២៣នេះ គម្រោងស្អាត នឹងផ្តោតបន្ថែមទៅលើការបញ្ជ្រាបសារអប់រំ ដើម្បីលើកតម្កើនវប្បធម៌ និងសីលធម៌សង្គម ដោយប្រតិបត្តិស្របនឹងយន្តការដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត។ ក្នុងនោះ យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៣ ផ្តោតសំខាន់ទៅលើគោលគំនិងសំខាន់ចំនួន៣ គឺចិត្តស្អាត អាកប្បកិរិយាស្អាត ប្រតិបត្តិស្អាត៕
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


