Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងមហាផ្ទៃ ត្រូវពង្រឹងការវាយតម្លៃការតែងតាំង ទាំងមន្ត្រីស៊ីវិល និងកងកម្លាំងនគរបាល

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹង​ការវាយតម្លៃការតែងតាំង ទាំងមន្ត្រីស៊ីវិល ទាំងកងកម្លាំងនគរបាល ឲ្យបានច្បាស់លាស់ ចៀសវាងភ្លាត់តែងតាំងមន្ត្រីដែលមានប្រវត្តិមិនល្អ។ ការណែនាំនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អ​នុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ជាពិសេសមន្ត្រីរូបណាដែលកៀកប្រជាពលរដ្ឋ ឲ្យមាននូវមនសិការ ក្រមសីលធម៌ និងវិជ្ជាជីវៈ ព្រមទាំងសមត្ថភាព ស័ក្ដិសមជាទីពឹងរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត ត្រូវពង្រឹងការវាយតម្លៃការតែងតាំង ទាំងមន្ត្រីស៊ីវិល ទាំងកងកម្លាំងនគរបាល ឲ្យបានច្បាស់លាស់។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «ពង្រឹងការតែងតាំងទាំងស៊ីវិល ទាំងនគរបាល ឲ្យបានច្បាស់លាស់ ហើយជាពិសេសពិនិត្យមើល កន្លងទៅដូចមានធ្លាយម្ដងម្កាល ថ្ងៃមុននៅកំពង់ធំនោះ យើងភ្លាត់តែង​តាំងដូចមេប៉ុស្ដិ៍មួយ ដែលធ្លាប់មានប្រវត្តិប្លន់ ហើយជាប់គុកទៀត…..សូមឲ្យពិនិត្យមើលឲ្យច្បាស់​»។

យ៉ាងណាក៏ដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទួលនូវភាពខ្វះចន្លោះតិចតួច ក្នុងការតែង​តាំងនេះ តែត្រូវបន្តពង្រឹង និងកែសម្រួលជាបន្តបន្ទាប់ទៀត ដើម្បីជ្រើសរើសមន្ត្រីដែលមានលក្ខខណ្ឌត្រឹមត្រូវ។ «ដូចនិយាយចឹង មិនអាចធានាភាពឥតខ្ចោះបានទេ បើមានឆកល្វែង បើសិនការអនុវត្តហ្នឹងវាមានបញ្ហា យើងត្រូវពិនិត្យវាយតម្លៃ កែសម្រួលភ្លាម ហើយនេះជាកិច្ចការងារសំខាន់»។ នេះជាការលើកឡើងបន្ថែមពីសម្ដេចធិបតី ហ៊ុន ម៉ាណែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម