Connect with us

ព័ត៌មានជាតិ

ការ​ចាក់វ៉ាក់សាំងកូវីដ១៩ មា​ន៤​ទីតាំង​​នៅ​​ភ្នំពេញ

បានផុស

នៅ

នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនឥស្សរជនជាន់ខ្ពស់ចាប់តាំងពីទេសរដ្ឋមន្ត្រី រហូតដល់អ្នកសារព័ត៌មាន ចាប់ពីថ្ងៃពុធនេះ នៅ៤មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមសេចក្ដីប្រកាសដែល លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលបានផ្ដល់មក កម្ពុជាថ្មី នៅថ្ងៃនេះ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ថា ការរៀបចំការចាក់វ៉ាក់សាំងនេះ យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាសន្និសីទសារព័ត៌មាន នៃពិធីប្រគល់ ទទួលអំណោយវ៉ាក់សាំង​ SARS-CoV-2 (Sinopharm) ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន កាលពីល្ងាចម្សិលមិញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តទៀតថា គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងរៀបចំកម្មវិធីការចាក់វ៉ាក់សាំង Sinopharm បង្ការជំងឺកូវីដ-១៩ ជូនឥស្សរជនជាន់ខ្ពស់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះនឹងប្រពឹត្តទៅនៅ៤ទីតាំងដូចខាងក្រោម៖

១. មន្ទីរពេទ្យកាល់ម៉ែត (សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤) សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២. មន្ទីរពេទ្យព្រះអង្គឌួង (សាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨) សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (សាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨) សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤. មន្ទីរពេទ្យកុមារជាតិ (សាស្ត្រាចារ្យ ញឹប អង្គាបុស្ស ០១១ ៨១១ ១៣២) សម្រាប់អ្នកសារព័ត៌មាន។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញ ដោយសារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនអាចចាក់វ៉ាក់សាំងចិនបាន សម្តេចតេជោ បានលើកទឹកចិត្តឲ្យកូនប្រុសទាំង៣របស់សម្តេច និងកូនប្រសារប្រុសទាំង២នាក់ ព្រមទាំងកូនៗថ្នាក់ដឹកនាំ រួមទាំងថ្នាក់ដឹកនាំរដ្ឋមន្ត្រីវ័យក្មេង ដែលគ្រប់លក្ខខណ្ឌតម្រូវនោះ ទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទាំងអស់ ដើម្បីបង្កើតទំនុកចិត្តដល់ប្រជាជនកម្ពុជា។

ជាមួយគ្នានោះ សម្ដេចក៏បានបានប្រកាសអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ស្ថិតនៅក្នុងចំណោមជនអាទិភាព ដែលត្រូវទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដោយហេតុតែ អ្នកសារព័ត៌មាន ជាជនដែលសកម្មហើយចល័តគ្រប់ទីកន្លែង ដើម្បីប្រមាញ់ព័ត៌មានជូនសាធារណជន។

បើយោងតាមក្រសួងព័ត៌មាន, បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព ចំនួន ៣១០ គេហទំព័រ និងទូរទស្សន៍អនឡាញចំនួន ៤០០ ស្ថានីយ៍ទូរទស្សន៍ចំនួន ២០០ ស្ថានីយ៍វិទ្យុចំនួន ២២១ និងការិយាល័យតំណាង ២២ នៃភ្នាក់ងារសារព័ត៌មានបរទេស ទូរទស្សន៍ និងវិទ្យុរួមទាំងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA)ផងដែរ។ ក្រសួងព័ត៌មាន បានចេញប័ណ្ណព័ត៌មានជូនអ្នកសារព័ត៌មានជាតិ បានចំនួនជាង៣ពាន់ប័ណ្ណផងដែរ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម