Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃប្រកាសលើកលែងការបង់កម្រៃសេវាលើឯកសារចុះបញ្ជីដីធ្លីជូនពលរដ្ឋ

បានផុស

នៅ

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសលើកលែងការបង់កម្រៃសេវា លើឯកសារភ្ជាប់មួយចំនួននៃការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងយុទ្ធនាការចុះបញ្ជីដីធ្លី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសំណើសុំលើកលែងការបង់កម្រៃសេវា និងពន្លឿនការផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ដែលបម្រើឱ្យការចុះបញ្ជីដីធ្លីជូន ប្រជាពលរដ្ឋចុះថ្ងៃទី ២៩ វិច្ឆិកាបានឲ្យដឹងថា  ការចុះបញ្ជីដីធ្លីនេះ តម្រូវឱ្យប្រជាពលរដ្ឋរៀបចំឯកសារភ្ជាប់មួយចំនួនក្នុងនោះក៏មាន ឯកសារភ្ជាប់ដែលស្ថិតក្រោមសមត្ថកិច្ចពិនិត្យសម្រេចរបស់រដ្ឋបាលឃុំ សង្កាត់ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដូចជាការធ្វើនីត្យានុកូលកម្មលើឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ការចេញសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សេចក្តីចម្លងសំបុត្រ អាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ និងសេចក្តីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់ មរណភាព និងការចេញលិខិតបញ្ជាក់ទាយាទជាដើម។

ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងយុទ្ធនាការចុះបញ្ជីដីធ្លីនេះ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើអភិបាល​រាជធានីខេត្ត ត្រូវណែនាំដល់រដ្ឋបាលឃុំសង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរៀបចំនិងដាក់ចេញដីកា ស្តីពីការលើក​លែងការបង់កម្រៃសេវាសម្រាប់ការស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី និងលិខិតបញ្ជាក់ទាយាទ រហូតដល់ការចុះបញ្ជីដីធ្លីត្រូវបានបញ្ចប់ក្នុងមូលដ្ឋានឃុំ សង្កាត់នីមួយៗ។រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ ខ្ពស់ក្នុងការផ្តល់សេវារដ្ឋបាលនានា ដែលបម្រើឱ្យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

ទន្ទឹមនិងនេះ រដ្ឋបាលរាជធានីខេត្តត្រូវចាត់តាំងក្រុមការងារចុះគាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំលើការអនុវត្តការងារនេះ ព្រមទាំងត្រូវធ្វើរបាយការណ៍ឱ្យបាន ជាក់លាក់ មកអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋជាការងារអាទិភាព និងត្រូវអនុវត្តឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស ក្នុងគោលបំណងធានាកម្មសិទ្ធិលើដីធ្លីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដើម្បីភាពសុខដុមរមនាក្នុងសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម