Connect with us

ព័ត៌មានជាតិ

សម្ដេច ឃួន សុដារី ៖ សន្តិភាព ធ្វើឱ្យ កម្ពុជា អភិវឌ្ឍន៍ និង​ប្រើប្រាស់​គ្រប់សក្ដានុពល ដើម្បីការរីកចម្រើនរបស់សង្គមជាតិ

បានផុស

នៅ

សម្តេច​មហា​រដ្ឋសភា​ធិ​ការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា សន្តិភាព បាន​ធ្វើ​ឱ្យ​កម្ពុជា​អភិវឌ្ឍន៍ និង​ប្រើប្រាស់​គ្រប់​សក្ដានុពល ដើម្បី​ការ​រីកចម្រើន​របស់​សង្គម​ជាតិ និង​ការ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ។ សម្តេច​រដ្ឋសភាធិបតី បាន​គូស​បញ្ជាក់​ថា កម្ពុជា មាន​សក្ដានុពល​ជា​ច្រើន​សន្ធឹកសន្ធាប់ ទាំង​សម្បត្តិ​វប្បធម៌ និង​ធនធាន​ធម្មជាតិ ប៉ុន្តែ​ដោយសារ​ភ្លើង​សង្គ្រាម បាន​ធ្វើ​ឱ្យ​កម្ពុជា​យឺតយ៉ាវ ឬ រំលង​សក្ដានុពល​ដែល​មាន​តួយ៉ាង​ដូចជា វិស័យ​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​នេះ​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​ប្រធានរដ្ឋសភា បាន​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​ឱកាស​អនុញ្ញាត​ឱ្យ​ប្រតិភូ​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​កម្ពុជា ដឹកនាំ​ដោយ​លោក​បណ្ឌិត ឆាយ ស៊ីណាត ប្រធាន​ស្តីទី​សមាគម ចូល​ជួប​សម្តែង​ការ​គួរសម និង​ទទួល​អនុសាសន៍​នៅ​ក្នុង​ការ​ត្រៀម​រៀបចំ​ការ​តាំង​ពិព័រណ៍​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​កម្ពុជា​-​អន្តរជាតិ លើក​ទី ១៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​មីនា ឆ្នាំ ២០២៤ ខាងមុខ។

នៅ​ក្នុង​ឱកាស​នោះ សម្តេច ឃួន សុដារី បាន​សង្កត់​ធ្ងន់​ថា បច្ចុប្បន្ន​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញ​លេញ​ដែល​បាន​មកពី​ពលិកម្ម​យ៉ាង​ធំធេង​របស់​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម គឺ សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​សន្តិភាព និង​ស្ថិរភាព​សង្គម បាន​បន្ត​ថែរក្សា និង​ការពារ​យ៉ាង​ម៉ឺងម៉ាត់​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិ​ទី ៧ ក្នុង​ការ​ដឹកនាំ​នាវា​កម្ពុជា​ឈាន​ឆ្ពោះ​កាន់​វឌ្ឍនភាព​ជា​បន្ត​ទៅ​ទៀត។

លោក​បណ្ឌិត ឆាយ ស៊ីណាត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន សម្តេច​រដ្ឋសភាធិបតី ដែល​បាន​ឆ្លៀតឱកាស​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​ប្រតិភូ​សមាគម​ចូល​ជួប​សម្តែង​ការ​គួរសម និង​ទទួល​អនុសាសន៍​នា​ឱកាស​នេះ។ លោក​បណ្ឌិត​ប្រធាន​សមាគម បាន​រាយការណ៍​ពី​ការងារ និង​សមិទ្ធផល​ដែល​សមាគម​សម្រេច​បាន នា​ពេល​កន្លង​មក នៅ​ក្នុង​ការ​ចូលរួម​លើក​កម្ពស់​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា។ ក្រៅពី​ការ​ធ្វើ​ជំនួញ និង​ការ​កៀរគរ​អ្នក​វិនិយោគ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា សមាគម​ក៏បាន​ចូលរួម​ការងារ​សង្គម សកម្មភាព​មនុស្សធម៌ នៅ​ក្នុង​នោះ​ក៏បាន​ចូលរួម​លើក​កម្ពស់​សមភាព​យេនឌ័រ​ផង​ដែរ តាមរយៈ​ការ​ផ្តល់​តម្លៃ​ដល់​ស្នាដៃ​ចម្លាក់​របស់​ស្ត្រី។

សម្តេច​រដ្ឋសភាធិបតី ឃួន សុដារី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រៀបចំ​ការ​តាំង​ពិព័រណ៍​គ្រឿងអលង្ការ​របស់​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​កម្ពុជា​ថា ជា​ព្រឹត្តិការណ៍​សំខាន់ ពីព្រោះ​មិន​ត្រឹម​ជួយ​លើក​កម្ពស់​វិស័យ​គ្រឿងអលង្ការ​ប៉ុណ្ណោះ​ទេ តែ​ជា​ព្រឹត្តិការណ៍​សម្រាប់​ទាក់ទាញ​អ្នកវិនិយោគទុន​ពី​បរទេស មក​បណ្តាក់ទុន​នៅ​កម្ពុជា និង​ជា​ឱកាស​ដែល​កម្ពុជា​អាច​ស្រូប​ទាញ​អ្នកទេសចរ ពាណិជ្ជករ និង​អ្នក​វិនិយោគ ស្រប​ពេល​ដែល​យើង​បង្ហាញ​ពី​ប្រពៃណី ទំនៀមទម្លាប់ សម្បត្តិ​វប្បធម៌​ជាតិ ស្នាដៃ​សិល្បៈ​ចម្លាក់​របស់​កូន​ខ្មែរ ដល់​ភ្ញៀវ​បរទេស​បាន​ស្គាល់។

សម្តេច​ប្រធានរដ្ឋសភា បាន​លើក​ឡើង​ថា កម្ពុជា ជា​ទឹកដី​សុវណ្ណភូមិ ដែល​ពោរពេញ​ដោយ​សម្បត្តិ​វប្បធម៌ និង​ធនធានធម្មជាតិ ដូច្នេះ​ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព​គឺ កម្ពុជា នឹង​ទទួល​ការ​រីកចម្រើន អភិវឌ្ឍន៍​គ្រប់​វិស័យ​ជា​លំដាប់ ដោយសារ​សន្តិភាព និង​ការ​អភិវឌ្ឍ​ជា​ចំណង​ពីរ​លើ​ខ្សែ​តែមួយ។ សម្តេច ក៏បាន​ជំរុញ​លើកទឹកចិត្ត​ផង​ដែរ ឱ្យ​មាន​ការ​កែច្នៃ​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ ប្រកប​ដោយ​ប្រណីតភាព និង​គុណភាព​ខ្ពស់ ព្រមទាំង​រំលេច​ពី​ក្បូរ​ក្បាច់រចនា​របស់​ខ្មែរ​ដ៏​ល្អ​ផូរផង់ ដើម្បី​ទាក់ទាញ​ការ​ជឿ​ទុកចិត្ត​ទាំង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម