Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា និង​កូរ៉េ ជួបពិភាក្សា​ការងារ ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិកា​រលើវិស័យ​ការងារ សន្តិសុខសង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

បានផុស

នៅ

សាធារណរដ្ឋ​កូរ៉េ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Lee Jung Sik (​លី ចង់ស៊ី​ក​) រដ្ឋមន្ត្រីក្រសួង​មុខរបរ និង​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ លើ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួប​ពិភាក្សា​នោះ លោក ហេង សួរ បាន​ថ្លែងអំណរគុណ​ដល់​លោក Lee Jung Sik ចំពោះ​ការជួបពិភាក្សា​ការងារ​លើ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ពិសេស​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​ការទទួល​ពលករ​តាម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ ដែល​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៦​មក​។ លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា តាមរយៈ​ប្រព័ន្ធ​នេះ ពលករ​កម្ពុជា​អាច​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ ដែល​អាចជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទាំងមូល​របស់​ពួកគាត់​បាន​។ ទន្ទឹមនឹងនេះ ពលករ​កម្ពុជា​អាច​ទទួលបាន​បទពិសោធ​ន៍ និង​ចំណេះ​ជំនាញ​លើ​វិស័យ​សំខាន់ៗ ដើម្បី​ត្រឡប់​មកជួយ​ពង្រឹង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ក្រោយ​បញ្ចប់​អាណត្តិ​ការងារ​។

ក្រៅពី​កិច្ចសហប្រតិបត្តិការ​លើ​ការបញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​សាធារណរដ្ឋ​កូរ៉េ លោក ហេង សួរ បាន​ស្នើសុំ​លោក Lee Jung Sik ជួយ​សម្របសម្រួល​បន្ថែ​ម​លើ​កម្មវិធី​ពលករ​ជំនាញ (E-7) ពីលើ​កម្មវិធី E-9 ដែលមាន​ស្រាប់ ព្រមទាំង​ពិនិត្យមើល​លទ្ធភាព​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ ជាមួយ​នាយកដ្ឋាន​ពេទ្យ​ការងារ​, អង្គភាព​សុខុមាលភាព និង​សំណង​គ្រោះថ្នាក់​ការងារ​កូរ៉េ ជាមួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម​, អង្គភាព​សេវា​ព័​ត៌មាន​ការងារ​កូរ៉េ ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ និង​ការ​ផ្តល់ជំនួយ​បន្ថែម​លើ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​

​តាមរយៈ​ជំនួប​នេះ លោក​រដ្ឋមន្ត្រី​មុខរបរ និង​ការងារ​កូរ៉េ​នឹង​បន្ត​ផ្តល់ឱកាស​ការងារ​ជូន​បងប្អូន​ពលករ​ក​ម្ពុ​ជា​ដែល​មានបំណង​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ក៏ដូចជា​សហការ​អភិវឌ្ឍ​លើ​វិស័យ​សំខាន់ៗ​រួមគ្នា ធ្វើយ៉ាងណា​ដើម្បី​ទទួលបាន​លទ្ធផល​វិជ្ជមាន​រវាង​រដ្ឋាភិបាល​កម្ពុ​ជា​-​កូរ៉េ​។ លោក​រដ្ឋមន្ត្រី​ការងារ​កូរ៉េ​ក៏បាន​កោតសរសើរ ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បាន​សហកា​រលើការបញ្ជូន​ពលករ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ទាន់ពេលវេលា ព្រមទាំង​គូសបញ្ជាក់ថា ពលករ​កម្ពុជា មានការ​ខិតខំ​ប្រឹងប្រែង ឧស្សាហ៍​ព្យាយាម ស្មោះត្រង់​។ កត្តា​ទាំងនេះ​ហេ​ី​យ ដែល​នាំ​ឲ្យ​ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​ទទួលបាន​កូតា​កាន់តែច្រើន​បន្ថែមទៀត​ពី​រដ្ឋាភិបាល​កូរ៉េ​។​

​ទន្ទឹមនឹងនោះ លោក Lee Jung Sik នឹង​ពិនិត្យមើល​លទ្ធភាព​ផ្តល់​កិច្ចសហការ​ឱ្យបាន​លឿន​ទៅតាម​ការស្នើសុំ​របស់​លោក ហេង សួរ ដែល​បានលើកឡើង ព្រមទាំង​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​កិច្ចសហការ​ជាមួយ​ក្រសួង​មុខរបរ និង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​យ៉ាងច្រើន​សម្រាប់​ប្រទេស​ទាំងពីរ​នាពេល​កន្លងមក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម