Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញខេត្តកោះកុង ចុះត្រួតពិនិត្យគុណភាពចំណីអាហារដែលតាំងលក់នៅផ្សារភូមិថ្មី

បានផុស

នៅ

ដើម្បីឱ្យប្រាកដប្រជាកាន់តែត្រឹមត្រូវ ក្រុមមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកោះកុង បានចុះត្រួតពិនិត្យស្វែងរកសារធាតុហាមឃាត់លើចំណីអាហារស្រស់ៗនៅផ្សារភូមិថ្មី ហៅផ្សារចាំយាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈកម្ពុជាត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខ្មែរ ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារប្រើប្រាស់ប្រចាំថ្ងៃ គេសង្កេតឃើញមានមន្រ្តីជំនាញពាក់ព័ន្ធ បានចុះយកសំណាក់តេស្តពិនិត្យស្វែងសារធាតុគីមីទៅលើ មឹក បង្គារ បង្កងប៉ាក ត្រីកណ្តាំ ខ្យងដែកគោល ភ្លៅមាន់ ជើងមាន់ គុយទាវ និងបន្លែជាច្រើនមុខទៀត។

បើតាមការបញ្ជាក់របស់លោកលោក ជា នី អនុប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ថា សារធាតុហាមឃាត់ដែលផ្ទុកក្នុងអាហារស្រស់ដូចជាគ្រឿងសមុទ្រ ក៏ដូចជាបន្លែបង្កានានា គឺវាតែងតែធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ទូទៅ។

លោក ជា នី បន្ថែមថា ក្រោយពិនិត្យលើសំណាក់ក្រុមបន្លែ និងសាច់ទាំងប្រមាណ១៣ប្រភេទថា ពុំមានការផ្ទុកនូវសារធាតុគីមីនោះទេនៅក្នុងផ្សារភូមិថ្មី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយនេះជាសញ្ញាល្អមួយពីការចូលរួមរបស់ក្រុមអាជីវករ និងពាណិជ្ជកម្មដែលគិតគូរពីសុខភាពអ្នកប្រើប្រាស់។ ទោះជាបែបនេះក៏ដោយចុះ មន្រ្តីជំនាញនៅតែទាមទារឱ្យក្រុមអាជីកម្ម និងពាណិជ្ជកម្មពាក់ព័ន្ធបន្តនាំគ្នាចូលរួមយកចិត្តទុកលើការដាក់តាំងលក់ទំនិញ និងចំណីអាហារណាដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋជាអតិថិជនរបស់ខ្លួន ចៀសវាងយកទំនិញមិនស្គាល់ម៉ាកសញ្ញា ឬហួសសុពលភាពប្រើប្រាស់នាំឱ្យគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ហើយត្រូវប្រឈមនឹងទោសទណ្ឌទៀតផង។

អ្នកស្រី សេង លីហួរ ជាពលរដ្ឋម្នាក់ដែលដើរទិញទំនិញមុនពិធីបុណ្យចូលឆ្នាំថ្មី លើកឡើងថា រូបគាត់ពិតជារីករាយដែលឃើញមានមន្រ្តីចុះពិនិត្យរកសារធាតុគីមីលើគ្រឿងសមុទ្រស្រស់ និងបន្លែជាដើម។ ព្រោះការធ្វើបែបនេះ ជាការលើកកម្ពស់សុវត្ថិភាពអ្នកប្រើប្រាស់ គ្រាពុំមានដឹងច្បាស់អំពីទិញឬចំណីអាហារដែលមានផ្ទុកគិមី។ អ្នកស្រី ក៏រំពឹងថា មន្រ្តីជំនាញនឹងបន្តតាមដានត្រួតពិនិត្យកាន់តែច្រើនបន្ថែមនៅតាមទីផ្សារនានា ពិសេសឃ្លាំងស្តុកទំនិញតូចធំជុំវិញខេត្ត ដើម្បីបង្រ្កាបទំនិញក្លែងក្លាយធ្វើឱ្យខូចសុខភាព។ រីឯអាជីករ និងពាណិជ្ជកម្ម ក៏ដូចគ្នាដែរគប្បីតាំងលក់ចំណីអាហារដែលមានគុណភាពខ្ពស់បម្រើដល់អ្នកប្រើប្រាស់ ទើបសុខភាពរឹងមាំទៅអនាគត៕

អត្តបទ៖ សិរិវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម