ព័ត៌មានជាតិ
អ្នកសារព័ត៌មានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ពលរដ្ឋ
អ្នកសារព័ត៌មានចាប់អារម្មណ៍ និងកោតសរសើរចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដោយបានសម្តែងមោទនភាពក្នុងការប្រើវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួនបន្តចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧មួយនេះទៅដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (PIKS)។

លោក ង៉ាន់ ទិត្យ អ្នកយកព័ត៌មានទូរទស្សន៍អប្សរាលើកឡើងថា ក្នុងនាមជាអ្នកសារព័ត៌មានមួយរូបដែលបានចុះមកកាន់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសខេត្តកំពង់ស្ពឺផ្ទាល់មានការចាប់អារម្មណ៍ខ្ពស់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់វិទ្យាស្ថានខេត្តកំពង់ស្ពឺ និងនិយាយដោយឡែករបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ពីព្រោះការសិក្សាជំនាញបច្ចេកទេសមានការអនុវត្តផ្ទាល់ដូចនៅកន្លែងធ្វើការ មានបន្ទប់ពិសោធន៍ រោងជាង និងការសិក្សាទ្រឹស្តីបានយ៉ាងល្អប្រសើរជាមួយគ្រូដែលមានបទពិសោធន៍នៅក្នុងថ្នាក់។

លោកបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានអំពីកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមានសារសំខាន់ណាស់សម្រាប់បញ្ជូនព័ត៌មានទៅគ្រប់ច្រកល្ហក ជាពិសេសទៅដល់យុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ហើយលោក នឹងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីកម្មវិធីបណ្តុះបណ្តាលនេះ។ លោកស្នើឱ្យក្រសួងការងារបន្តរៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មានទៅតាមបណ្តាសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំងប្រទេសថែមទៀត ជាពិសេសដើម្បីឱ្យអ្នកសារព័ត៌មានចូលរួមស្វែងយល់ពីវឌ្ឍនភាពនៃការសិក្សា កម្មវិធីសិក្សា ជំនាញ សមត្ថភាពសិស្ស។

កញ្ញា អ៊ីសា ហាសាណៈ អ្នកយកព័ត៌មានទូរទស្សន៍ PNN លើកឡើងថា អ្នកសារព័ត៌មានដើរតួរនាទីយ៉ាងសំខាន់លើការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ពីព្រោះការផ្សព្វផ្សាយព័ត៌មានជាកិច្ចការងារមួយយ៉ាងសំខាន់លើការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយទៅដល់យុវជនគោលដៅនៃកម្មវិធីបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលនេះ។

កញ្ញាបន្ថែមថា កញ្ញាមានការចាប់អារម្មណ៍ខ្ពស់លើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺនេះ ពីព្រោះសិក្ខាកាមមានការយល់ដឹងជ្រៅជ្រះលើការសិក្សាជំនាញរបស់ខ្លួន។ កញ្ញានឹងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនៃកម្មវិធីបណ្តុះបណ្តាលជំនាញនេះឱ្យដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលពួកគាត់ចូលរៀនដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែផងដែរ។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះវិទ្យាស្ថានបាននឹងកំពុងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សចំនួន ៧៩៣នាក់ លើមុខជំនាញចំនួន១៩ដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងពុម្ភ ការដំឡើងកាមេរ៉ាសុវត្ថិភាព ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត សេវាកម្មធនធានមនុស្ស សេវាកម្មកុំព្យូទ័រ សេវាកម្មអតិថិជន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែរមៀត ការចញ្ចឹម និងថែទាំត្រីប្រា និងការកែច្នៃបន្លែ និងផ្លែឈើ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


