Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសវៀតណាម បំបែកសម្បុកល្បែងភ្នាល់បាល់ World Cup ចាប់ខ្លួនមនុស្ស ២៦នាក់

បានផុស

នៅ

ស្របពេលការប្រកួតបាល់ទាត់ពិភពលោក កំពុងដំណើរការ ការភ្នាល់ខុសច្បាប់ ក៏រីករាលដាលពាសពេញពិភពលោកដែរ ហើយមានប្រទេសជាច្រើន ធ្វើការបង្ក្រាបជាបន្តបន្ទាប់ លើអ្នកបើកបណ្តាញហ្គេមអនឡាញ និងអ្នកភ្នាល់ជាច្រើននាក់។

(រូប៖ VN Express)

ជាក់ស្តែងនៅប្រទេសវៀតណាម ប៉ូលិសក្រុង Can Tho បានបើកប្រតិបត្តិការវាយឆ្មក់ លើបណ្តាញល្បែងស៊ីសង ភ្នាល់បាល់ World Cup ដែលមានទំហំទឹកប្រាក់ប្រហែល ៣៨លានដុល្លារអាមេរិក។

តាមការផ្សាយរបស់ VN Express កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ដោយដកស្រង់ប្រភពពីស្នងការប៉ូលិសក្រុង Can Tho, ប្រតិបត្តិការនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែមិថុនា មកម្ល៉េះ។ 

កម្លាំងសមត្ថកិច្ច បានបើកការឆ្មក់បង្ក្រាបព្រមៗគ្នា នៅទីតាំងភ្នាល់បាល់ ចំនួន ៨កន្លែងទូទាំងក្រុង ចាប់ខ្លួនមនុស្ស ២៦នាក់។ 

(រូប៖ Reuters)

លើសពីនេះ អាជ្ញាធរ ក៏បានដកហូតទូរស័ព្ទដៃចំនួន ៤៥ គ្រឿង, iPad, កុំព្យូទ័រ និងឯកសារនានា រួមទាំងប័ណ្ណកម្មសិទ្ធិដីធ្លីផងដែរ។

សូមជម្រាបថា ព្រឹត្តិការណ៍ FIFA World Cup 2026 នេះ គឺជាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកទី២៣ ហើយ។ ព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ​ដោយមានប្រទេសចំនួន៣ ធ្វើជាសហម្ចាស់ផ្ទះ រួមមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។

ការប្រកួតបើកឆាក ធ្វើឡើងនៅពហុកីឡដ្ឋាន Estadio Azteca ក្នុងប្រទេសម៉ិកស៊ិក ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅ ពហុកីឡដ្ឋាន New York New Jersey Stadium នៃសហរដ្ឋអាមេរិក៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម