ព័ត៌មានជាតិ
ប្រធានរដ្ឋសភា វាយតម្លៃខ្ពស់សមត្ថភាពលោកស្រីឯកអគ្គរាជទូតថ្មីកម្ពុជាប្រចាំប្រទេសចំនួន៦ នៅប៉ែកអឺរ៉ុប
សម្ដេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់លោកស្រី ទួត បញ្ញា ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចំនួន៦ នៅប៉ែកអឺរ៉ុប ដោយមានបទពិសោធន៍បំពេញបេសកកម្មក្នុងវិស័យការទូត និងព័ត៌មានតាំងពីទស្សវត្សរ៍ឆ្នាំ៨០មកម្ល៉េះ។

លោកស្រី ទួត បញ្ញា ដែលមានតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់ ដែលមាននិវេសដ្ឋាននៅទីក្រុងឡុងដ៍។
ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី ទួត បញ្ញា ចូលជួបសម្ដែងការគួរសមនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានសម្តែងក្តីរីករាយ និងមោទនភាពចំពោះលោកស្រី ទួត បញ្ញា ដែលទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលក្នុងការតែងតាំងជាឯកអគ្គរាជទូតប្រចាំបណ្តាប្រទេសចំនួន ៦នៅប៉ែកអឺរ៉ុបនេះ។ សម្តេច បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងទេពកោសល្យរបស់លោកស្រីឯកអគ្គរាជទូតថ្មី ដែលបានបំពេញបេសកកម្មក្នុងវិស័យការទូត និងព័ត៌មាន តាំងពីទសវត្សរ៍ឆ្នាំ៨០មក។

សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនពីធម្មជាតិក្នុងការបំពេញបេសកកម្មការទូត ដូចជាភាពទន់ភ្លន់ និងការបន់បែនតាមសភាពការណ៍ ជាដើម។ សម្តេច ថា នាពេលបច្ចុប្បន្នបេសកកម្មការទូត មិនមែនសំដៅលើការទូតនយោបាយតែមួយនោះទេ ពោល គឺការទូតបានកំពុងផ្តោតការយកចិត្តទុកដាក់លើច្រើនវិស័យផ្សេងៗទៀត ដូចជា ការទូតសេដ្ឋកិច្ច និងការទូតប្រជាជន។
សម្តេចប្រធានរដ្ឋសភា បានផ្តល់ជាអនុសាសន៍មួយចំនួនដល់លោកស្រីឯកអគ្គរាជទូត ដោយត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច ជាពិសេសត្រូវយកចិត្តទុកដាក់ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋកម្ពុជាឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការពង្រឹងទំនាក់ទំនងឱ្យបានខ្ជាប់ខ្ជួនជាមួយពលរដ្ឋ។

នៅចំពោះមុខសម្ដេចប្រធានរដ្ឋសភា លោកស្រី ទួត បញ្ញា បានបេ្តជ្ញាចិត្តនឹងខិតខំបំពេញបេសកកម្មការទូត ជាពិសេសការអនុវត្តតាមអនុសាសន៍ល្អៗរបស់សម្តេចប្រធានរដ្ឋសភា ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតដោយនាំមកនូវផលប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ ស្របតាមការជឿទុកចិត្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកស្រី ទួត បញ្ញា ជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ដែលទទួលដឹកនាំលើការងារសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីខាងកើត។ លោកស្រី ទួត បញ្ញា បានចូលបម្រើការងារជាមន្ត្រីនៃនាយកដ្ឋានសារព័ត៌មាន នៃក្រសួងការបរទេស តាំងពីឆ្នាំ១៩៨៣។ ក្នុងនោះ អ្នកការទូតស្រ្តីរូបនេះ ក៏ធ្លាប់ឆ្លងកាត់នូវតួនាទី-ភារកិច្ចជាច្រើន ចាប់តាំងពីអនុប្រធានការិយាល័យ ប្រធានការិយាល័យ នាយករងខុទ្ទកាល័យ លេខាធិការស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក និងធ្វើជាទីប្រឹក្សាក្រសួងការបរទេស។
បន្ថែមពីលើនេះ លោកស្រី ទួត បញ្ញា ក៏ធ្លាប់ទៅបំពេញការងារជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន ខណៈក្រោយចប់អាណត្តិការទូតនេះ លោកស្រី ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស ហើយក្រោយមក ត្រូវបានដំឡើងជារដ្ឋលេខាធិការ រហូតដល់អាណត្តិរាជរដ្ឋាភិបាលថ្មីនេះ។

ក្នុងនាមជាមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស ក្នុងអាណត្តិទី៧នេះ លោកស្រី ទួត បញ្ញា តែងបានអមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ដំណើរបំពេញទស្សនកិច្ចទៅក្រៅប្រទេស ក៏ដូចជាជំនួបរបស់សម្ដេចធិបតីជាមួយភ្ញៀវអន្តរជាតិនៅក្នុងប្រទេស។ លោកស្រីឯកអគ្គរាជទូតថ្មីរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីបណ្ឌិតសភាការទូត ប្រទេសរុស្ស៊ី៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


