Connect with us

ព័ត៌មានជាតិ

តបតាមការអញ្ជើញរបស់ ACU គណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន នឹងមកទស្សនកិច្ចនៅកម្ពុជា

បានផុស

នៅ

តបតាមការអញ្ជើញរបស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៤។

រូបភាពឯកសារ៖ គណៈប្រតិភូចិន ខេត្តក្វាងទុង មកទស្សនកិច្ចនៅកម្ពុជា កាលចុងខែឧសភា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈប្រតិភូចិន ដឹកនាំដោយលោក Feng Zhili សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សកុម្មុយនិស្តចិន ខេត្តយូណាន ជាលេខាធិការគណៈអធិការកិច្ចវិន័យចិន ខេត្តយូណាន និងជាប្រធានគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន និងសមាជិកគណៈប្រតិភូចំនួន៥រូប។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូខេត្តយូណាន នឹងអញ្ជើញធ្វើទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ និងចូលជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងទស្សនាព្រះបរមរាជវាំង។

គណៈប្រតិភូ ក៏នឹងអញ្ជើញធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ដែលគ្រោងនឹងចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តសៀមរាប ព្រមទាំងធ្វើទស្សនកិច្ចនៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទល្បីៗជាច្រើនទៀត។ ជាពិសេស គណៈប្រតិភូ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនគ្រប់គ្រង អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ។

គួររម្លឹកថា គណៈកម្មការអធិការកិច្ចវិន័យ និងត្រួតពិនិត្យកិច្ចការរដ្ឋ នៃបក្សកុម្មុយនិស្តចិន ខេត្តក្វាងទុង ក៏ទើបតែមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងគោលបំណងបង្កើនកិច្ចសហការលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ កាលពីចុងខែឧសភា ថ្មីៗនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម