លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវបានមានប្រសាសន៍នៅរសៀលថ្ងៃទី០១មីនាថា រដ្ឋបាលខេត្តព្រះសីហនុ បានទុកពេលឲ្យពលរដ្ឋរស់នៅលើដីចំណីឆ្នេរពយយាយម៉ី និងឆ្នេរតាបារាំង ដែលត្រូវរុះរើនៅមុនថ្ងៃទី២៨ខែកុម្ភៈនេះ ពន្យារពេលរហូតដល់ចុងខែមេសាឆ្នាំ២០២១ខាងមុខនេះ។
លោកបានបន្តថា«ប្រជាពលរដ្ឋបានស្នើសុំទៅឯកឧត្តមអភិបាលខេត្តសូមជួយពន្យារការរុះរើសំណង់ចេញពីចំណីឆ្នេរពយយាយម៉ី និងឆ្នេរតាបារាំង រហូតដល់ក្រោយចូលឆ្នាំខ្មែរ ដោយសារវិបត្តិជំងឺកូវីដ១៩ហើយឯកឧត្តមអភិបាលខេត្ត ក៏បានយល់ព្រមនិងសុខចិត្តពន្យារពេលជាលើកទី២ជាបន្តទៀត»។
រដ្ឋបាលខេត្តព្រះសីហនុបានចេញលិខិតមួយចុះថ្ងៃទី២កុម្ភៈឆ្នាំ២០២១ ដោយបានដាក់ឱសានវាទឲ្យពលរដ្ឋរស់នៅលើដីចំណីឆ្នេរពយយាយម៉ី និងឆ្នេរតាបារាំង ស្ថិតក្នុងភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវរុះរើសំណង់និងការ្យផ្សេងៗឲ្យបានមុនថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២១ជាកំហិត។ ការស្នើសុំឲ្យរុះរើនេះ ដោយរដ្ឋបាលខេត្តយល់ឃើញថា សំណង់របស់ពលរដ្ឋដែលកំពុងរស់នៅនិងប្រកបអាជីវកម្មត្រង់ចំណុចឆ្នេរពយយាយម៉ីនិងឆ្នេរតាបារាំង គឺស្ថិតនៅលើដីចំណីឆ្នេរសាធារណៈរបស់រដ្ឋ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានអនាម័យសណ្ដាប់ធ្នាប់និងសោភ័ណភាពឆ្នេរ។ ម្យ៉ាងទៀតឆ្នេរសមុទ្រពយយាយម៉ីនិងឆ្នេរតាបារាំងជាដីរបស់រដ្ឋនិងលម្អឆ្នេរសាធារណៈ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលំហែកាយកម្សាន្តនៅខេត្តព្រះសីហនុ។
លោក ឆាយ សុគន្ធដា បានឲ្យដឹងទៀតថា តាមពិតរដ្ឋបាលស្រុកបានចេញសេចក្តីណែនាំដល់ពលរដ្ឋ ដែលសង់សំណង់នៅដីចំណីឆ្នេរពយយាយម៉ី និងឆ្នេរតាបារាំងជាច្រើនដងមកហើយតែពួកគាត់មិនព្រមអនុវត្តតាម។ លុះដល់រដ្ឋបាលខេត្តអនុវត្តតាមច្បាប់ ទើបពួកគាត់ភ័យហើយស្នើសុំពន្យារពេល។ លោកបានបញ្ជាក់ថា ពលរដ្ឋដែលសង់សំណង់រឹងមាំមានតិចតួចទេ។ភាគច្រើនជាប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗដែលបានកាន់កាប់ដី ដែលអាជ្ញាធរមិនទទួលស្គាល់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ សាំងធម្មតាចាក់ពីថ្ងៃ ១ មីនានេះទៅ ឡើង ៣៧០០ រៀល/លីត្រ