ព័ត៌មានអន្ដរជាតិ
ធ្លាយតម្រុយទាញ អាមេរិក ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅ រុស្ស៊ី
កាលពីរាត្រីថ្ងៃសុក្រ ទី២២ ខែមីនាកន្លងទៅ រុស្ស៊ីបានជួបប្រទះហេតុការណ៍ដ៏តក់ស្លុត និងសោកសង្រេងមួយ បន្ទាប់ពីជនដៃដល់ដែលមានគ្នា ៤ នាក់បានបើកការបាញ់រះ និងបំផ្ទុះគ្រាប់បែកនៅសាលប្រគំតន្រ្តី Crocus City Hall ក្នុងទីក្រុងមូស្គូ បណ្ដាលឲ្យមនុស្សប្រមាណ ១៣៧ នាក់ស្លាប់បាត់បង់ជីវិត និងជាង ១៨០ នាក់រងរបួស ខណៈរុស្ស៊ីបានដាក់ផ្ទាំងស៊ីបថាគ្មានអ្នកណាឆ្ងាយពីអាមេរិក និងអ៊ុយក្រែនឡើយ បើទោះបីជាក្រុមរដ្ឋឥស្លាមអះអាងទទួលខុសត្រូវលើការវាយប្រហារនេះក៏ដោយ ។

ជាក់ស្ដែងយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik បានឲ្យដឹងថា មុនកើតការវាយប្រហារភេរវកម្មប្រមាណជា ២ សប្ដាហ៍ ពោលនៅថ្ងៃទី៧ ខែមីនា សហរដ្ឋអាមេរិកបានចេញសេចក្តីណែនាំដល់ពលរដ្ឋរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងបានព្រមានពលរដ្ឋអាមេរិកដែលកំពុងរស់នៅក្នុងទឹកដីរុស្ស៊ីស្រាប់ កុំឲ្យចូលរួមក្នុងការប្រមូលផ្ដុំធំៗ ជាពិសេសការប្រគំតន្ត្រីតែម្ដង ។
បន្ទាប់ពីការវាយប្រហារនេះហើយ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី Adrienne Watson បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានចែករំលែកព័ត៌មានជាមួយរុស្ស៊ីអំពីការរៀបចំការវាយប្រហារភេរវកម្មនៅក្នុងរដ្ឋធានីរុស្ស៊ី ដោយដាក់មុខព្រួញចំៗថាគឺនៅកន្លែងដែលមានមនុស្សច្រើននេះឯង ។

ទន្ទឹមនោះ រឿងហេតុទាំងប៉ុន្មាន ក៏ដោយសារតែទីភ្នាក់ងារសន្តិសុខរុស្ស៊ីមានចន្លោះប្រហោង ក៏ដូចជាមើលស្រាលស្ថានការណ៍ ទើបបណ្ដាលឲ្យក្រុមភេរវករអាចដើរហើរចូលទៅក្នុងសាលប្រគំតន្ត្រីបានយ៉ាងរំភើយបែបនេះ ។ ទោះយ៉ាងណាក៏ដោយ មន្ត្រីពាក់ព័ន្ធរុស្ស៊ីកើតទុក្ខមិនសុខចិត្តឡើយ ហើយថែមទាំងពាក់មុខយក្សទៅចារកម្មអាមេរិកថាខ្វះព័ត៌មានលម្អិតជាក់លាក់ ។
ទាក់ទិននឹងបញ្ហានេះដែរ ទីភ្នាក់ងារ Intel របស់អាមេរិកក៏បានជូនដំណឹងរយៈពេល ២ សប្ដាហ៍ មុនការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីផងដែរ ហើយទីភ្នាក់ងារចារកម្មមួយនេះចាត់ទុកថា រុស្ស៊ីខ្លួនឯងទៅវិញទេដែលជាអ្នកធ្វេសប្រហែស ពោលក្រោយការបោះឆ្នោត កងកម្លាំងសន្តិសុខរុស្ស៊ីប្រហែលជាទម្លាក់ដៃការយាមកាមរបស់ពួកគេ ដោយបង្ហាញក្ដីជឿជាក់ថា នឹងគ្មានការវាយប្រហារភេរវកម្មដ៏សាហាវយង់ឃ្នងកើតមានលើទីកដីរុស្ស៊ីនោះឡើយ ។
បន្ថែមពីនេះ សហរដ្ឋអាមេរិកថែមទាំងឌឺដងផ្លែផ្កាឲ្យរុស្ស៊ីទៀតថា កំពុងជួបរឿងអាម៉ាស់ដែលមិនអាចទប់ស្កាត់ស្ថានភាពដ៏អាក្រក់នេះបាន ជាពិសេសលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន កំពុងតែបាក់មុខមាត់ ដោយសារតែលោកទើបតែឈ្នះឆ្នោតក្ដៅៗផង ។

ពាក់ព័ន្ធនឹងហេតុការណ៍ដ៏សាហាវឃោរឃៅនេះទៀតសោត ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិក្នុងរយៈពេលជិត ២០ ម៉ោង លោក ពូទីន ក៏បានប្រកាសយកថ្ងៃទី២៤ ខែមីនា ជាថ្ងៃកាន់ទុក្ខនៅទូទាំងប្រទេស ហើយគ្រប់ស្ថាប័ន ក៏ដូចជាស្ថានទូតរុស្ស៊ីទាំងអស់បានបង្ហូតទង់ជាតិពាក់កណ្ដាលដងដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ ជាពិសេសលោកប្ដេជ្ញានឹងកម្ចាត់ក្រុមភេរវករដែលសំងំលាក់ខ្លួនទាំងអស់ផងដែរ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ជនសង្ស័យប្រមាណជា ១១ នាក់ហើយត្រូវបានចាប់ឃុំខ្លួន ខណៈក្រោយហេតុការណ៍ដ៏សោកសង្រេងនៅទីក្រុងមូស្គូនេះដែរ លោក ពូទីន ក៏ដូចជាប្រជាពលរដ្ឋ និងសាច់ញាតិនៃក្រុមគ្រួសាររបស់ជនរងគ្រោះក៏បានអុជទៀន និងដាក់កម្រងផ្កា ហើយមហាមិត្តរបស់រុស្ស៊ីជាច្រើនផ្ញើសារចូលរួមរំលែកទុក្ខដល់អ្នកស្លាប់បាត់បង់ជីវិត ស្របពេលដែលនេះក៏ជាការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់រុស្ស៊ីផងដែរ ៕



ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ ក្រុងមូស្គូឲ្យហើយមក
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


