ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូទី បើកដៃឲ្យនាវា រុស្ស៊ី-ចិន ធ្វើដំណើរតាមសមុទ្រក្រហមដោយសេរី កុំខ្លាចការវាយប្រហារ
ក្រុមសកម្មប្រយុទ្ធហ៊ូទីដែលមានមូលដ្ឋាននៅប្រទេសយេម៉ែនបានខ្សឹបប្រាប់រុស្ស៊ី និងចិនថា កប៉ាល់របស់មហាអំណាចទាំងពីរអាចធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម និងសមុទ្រ Aden បានដោយសេរី ហើយមិនចាំបាច់ភ័យខ្លួនពីការវាយប្រហារណាមួយនោះឡើយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg កាលពីសប្ដាហ៍មុន ។

អ្នកដែលដឹងឮពីបញ្ហានេះបានប្រាប់សារព័ត៌មានអាមេរិកខាងលើទៀតថា ការសម្របសម្រួលមួយនេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលកិច្ចពិភាក្សានៅប្រទេសអូម៉ង់ដែលមានការអញ្ជើញចូលរួមពីសំណាក់អ្នកការទូតរុស្ស៊ី និងចិន រួមជាមួយអ្នកមុខអ្នកការផ្នែកនយោបាយរបស់ក្រុមហ៊ូទី ក្នុងទិសដៅចង់ឲ្យមហាអំណាចទាំងពីរផ្ដល់កិច្ចគាំទ្រផ្នែកនយោបាយសម្រាប់ក្រុមប្រដាប់អាវុធមួយនេះនៅក្នុងស្ថាប័នអន្តរជាតិដូចជា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាដើម ។
ចាប់តាំងផ្ទុះភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សាមក ក្រុមហ៊ូទីបានបើកប្រតិបត្តិការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលរាប់សិបគ្រាប់លើនាវាពាណិជ្ជកម្មឆ្លងកាត់សមុទ្រក្រហម ដោយរំខានដល់ចរាចរណ៍ដឹកជញ្ជូនតាមច្រករបៀងសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក ។ ជាលទ្ធផល ក្រុមហ៊ុនដឹកជញ្ជូនធំៗជាច្រើនលែងចរាចរណ៍តាមព្រែកជីកស៊ុយអេ ហើយងាកទៅធ្វើនាវាចរណ៍នៅជុំវិញសមុទ្រ Cape of Good Hope នៅអាហ្វ្រិកខាងត្បូង ។
ក្រុមហ៊ូទីបាននិងកំពុងវាយប្រហារលើកប៉ាល់ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនដែលកំពុងរស់នៅរងទុក្ខវេទនាពីភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សា ។ ទោះយ៉ាងណា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក៏បានព្រួតដៃគ្នាបើកការវាយប្រហារយ៉ាងសន្ធាប់លើមូលដ្ឋានរបស់ក្រុមហ៊ូទីក្នុងប្រទេសយេម៉ែនផងដែរ ខណៈជាការឆ្លើយតប ក្រុមនេះក៏បានបាញ់បោះទៅលើនាវាដែលមានទំនាក់ទំនងជាមួយប្រទេសទាំងពីរវិញដូចគ្នា ។

ជាក់ស្ដែងនៅក្នុងឧបទ្ទវហេតុកាលពីដើមខែនេះ មីស៊ីលរបស់ប្រទេសយេម៉ែនបានហោះទៅបុកនាវាពាណិជ្ជករ True Confidence នៅឈូងសមុទ្រ Aden ដែលបណ្តាលឲ្យមានអ្នកស្លាប់ជាលើកដំបូង ចាប់តាំងពីក្រុមហ៊ូទីដកអាវុធមកប្រយុទ្ធ ដោយសារតែក្រុមប្រដាប់អាវុធមួយនេះអះអាងថា នាវានោះជារបស់អាមេរិក ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រភព Bloomberg នាវានេះធ្លាប់ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Oaktree Capital ដែលមានមូលដ្ឋាននៅទីក្រុង Los Angeles ប៉ុន្តែមានក្រុមហ៊ុនថ្មីបានយកវាទៅប្រើប្រាស់ជំនួសអាមេរិក ។
គួរបញ្ជាក់ថា ការបាញ់បោះមិនប្រណីដៃរបស់ក្រុមហ៊ូទីដែលមានមូលដ្ឋានទៅប្រទេសយេម៉ែនទៅលើនាវានៅក្នុងតំបន់សមុទ្រ Aden និងសមុទ្រក្រហម បានកាត់បន្ថយការធ្វើនាវាចរណ៍ដឹកជញ្ជូនទំនិញតាមព្រែកជីកស៊ុយអេ ជាផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់រវាងអាស៊ី និងអឺរ៉ុប ដែលជាធម្មតាគ្រប់គ្រងប្រហែល ១៥ ភាគរយនៃពាណិជ្ជកម្មសមុទ្ររបស់ពិភពលោក ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ធ្លាយតម្រុយទាញ អាមេរិក ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅ រុស្ស៊ី
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


