ព័ត៌មានជាតិ
កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេ ទទួលវ៉ាក់សាំង កូវីដ-១៩ ពី COVAX
Published
1 month agoon
By
KC Virakព្រះរាជាណចក្រកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ AstraZeneca/SII ពីយន្តការCOVAX ចំនួន ៣២៤,០០០ដូស កាលពីយប់មិញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។
សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល, អង្គការ Unicef និងអង្គការ WHO ដែលបានប្រកាសនៅថ្ងៃនេះ បានបញ្ជាក់ថា វ៉ាក់សាំងចំនួន ៣២៤,០០០ ដូស គឺជាចំនួនដូសមកដល់ដំបូង ក្នុងចំណោមវ៉ាក់សំាងសរុបចំនួន១.១ លានដូស ដែលយន្តការ COVAX នឹងផ្តល់ជូនប្រទេសកម្ពុជា ជាដំណាក់កាលនៅត្រឹមបំណាច់ ខែឧសភា។

ប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថា នឹងទទួលបានបរិមាណវ៉ាក់សាំងសម្រាប់២០% នៃប្រជាពលរដ្ឋសរុប (ប្រហែល ៧លានដូស) ពីយន្តការ COVAX ដែលនឹងដឹកជញ្ជូនមកជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។ យន្តការ COVAX គឺជាកិច្ចខិតខំជាសកល ដែលមិនធ្លាប់មានពីមុនមក ដើម្បីផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំង ប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងៗគេ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សំាងពីយន្តការ COVAX។ ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងនៅទូទាំងសកលលោកមានកម្រិត រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើលទ្ធកម្ម វ៉ាក់សាំងតាមរយៈមធ្យោបាយជាច្រើន ដែលបំពេញទៅតាមស្តង់ដារសុវត្ថិភាព ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ដើម្បីការពារប្រជាពលរដ្ឋ។
ការចាក់វ៉ាក់សាំងដំបូងបង្អស់ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយការមកដល់នៃវ៉ាក់សាំងបន្ថែមនេះ គឺជាជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋឱ្យបាន ១០លាននាក់។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា៖ “នៅដំណាក់កាលដំបូងៗនៃ ការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សំាងនេះ អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺសង្គ្រោះជីវិត តាមរយៈការការពារបុគ្គលិកសុខាភិបាលជួរមុខ អ្នកដែលប្រឈមខ្ពស់ទៅនឹងការឆ្លងជំងឺកូវីដ ១៩ ឬអ្នកដែលងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយសារតែមេរោគកូវីដ-១៩។ នេះគឺជាវិធីសាស្រ្តដ៏ល្អបំផុត ដើម្បីប្រើប្រាស់វ៉ាក់សាំង ដែលបរិមាណផ្គត់ផ្គង់នៅមានកម្រិត ក្នុងគោលបំណងសម្រេចឱ្យបានលទ្ធផល ជាអតិបរមានៅដំណាក់កាលដំបូងនេះ។ វ៉ាក់សាំងមិនត្រឹមតែជួយជីវិតប៉ុណ្ណោះទេ វាក៏ជួយពន្លឿនការស្តារសេដ្ឋកិច្ច ប្រទេសឡើងវិញផងដែរ”។
លោករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា៖ “ខ្ញុំសូមទទូចឱ្យអ្នកគ្រប់គ្នាបន្ត អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អំពីវិធីការពារខ្លួន ៣ការពារ និង៣កុំ។ វិធីការពាររួមមាន ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព១,៥ម៉ែត្រ ហើយសកម្មភាពគួរចៀសវាងទាំងបីរួមមាន កុំទៅ កន្លែងបិទជិត កន្លែងមានមនុស្សកុះករ និងកុំប៉ះពាល់គ្នាជាដើម។ សូមនៅផ្ទះប្រសិនបើអ្នកមានជំងឺ គ្រុនក្តៅ ឬសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ និងសូមស្វែងរកជំនួយសុខាភិបាលភ្លាមៗ ឬទូរសព្ទទៅលេខ ១១៥”។

បើតាមផែនការជាតិ ស្តីពីការផ្តល់ និងការចាក់វ៉ាក់សាំងរបស់កម្ពុជា (NDVP) ក្រុមអាទិភាពរួមមាន បុគ្គលិកសុខាភិបាល និងបុគ្គលិកបំពេញការងារសំខាន់ចាំបាច់ ដែលកំពុងចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សំាង ពលរដ្ឋចាស់ជរា និងមនុស្សពេញវ័យ ដែលមានជំងឺប្រចាំកាយជាដើម។ ដោយសារតែការផ្គត់ផ្គង់វ៉ាក់សំាង នៅមានកម្រិត ព្រោះតែតម្រូវការខ្ពស់ នៅទូទាំងសកលលោក ការចាក់វ៉ាក់សំាងដល់ក្រុមអាទិភាពទាំងនេះ នឹងធ្វើឡើងជាបណ្តើរៗ និងជាដំណាក់កាលៗ។
វ៉ាក់សាំង AstraZeneca/SII ដែលផ្តល់ដោយយន្តការ COVAX បានទទួលការអនុញ្ញាតឱ្យប្រើប្រាស់ នៅក្នុងស្ថានភាពបន្ទាន់ ពីក្រសួងសុខាភិបាល កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពេលដែលអង្គការសុខភាពពិភពលោក អនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ស្ថានភាពបន្ទាន់កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា បានថ្លែងថា៖ “អង្គការសុខភាពពិភពលោក កំពុងធ្វើការងារយ៉ាងជិតស្និតជាមួយនឹង Gavi CEPI និង យូនីសេហ្វ ដើម្បីធានាឱ្យមានការទទួលបានវ៉ាក់សាំង ប្រកបដោយយុត្តិធម៌ និងសមធម៌។ យើងមានមោទនភាពដែលបានចូលរួមបំពេញការងារក្នុងស្ថានភាពដ៏ពិសេសនេះ។ បន្ថែមលើការអនុវត្តវិធានការសុខភាពសាធារណៈ វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ថ្មីមួយទៀតដ៏សំខាន់ សម្រាប់ការពារប្រជាពលរដ្ឋ ការពារប្រព័ន្ធសុខាភិបាល មិនឱ្យរងសម្ពាធខ្លាំងពេក និងជួយសង្គ្រោះជីវិតមនុស្ស”។

បន្ថែមលើកិច្ចសហការក្នុងការផ្តល់វ៉ាក់សាំងតាមរយៈយន្តការ COVAX រាជរដ្ឋាភិបាលកម្ពុជា បានសហការយ៉ាងជិតស្និតជាមួយនឹងអង្គការសុខភាពពិភពលោក និងយូនីសេហ្វ ដើម្បីរៀបចំយុទ្ធសាស្ត្រពង្រីកនូវសមត្ថភាព និងវិសាលភាពនៃការផ្តល់វ៉ាក់សាំងកូវីដ-១៩ ។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានថ្លែងថា៖ “យូនីសេហ្វមានមោទនភាព ដែលបាន និងកំពុងសហការជាមួយនឹងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងការផ្តល់វ៉ាក់សាំងនៅកម្ពុជាអស់កាលជាយូរឆ្នាំមកហើយ។ វ៉ាក់សាំងថ្មីនេះ នឹងបង្កើតឱកាសដ៏សំខាន់មួយ ដើម្បីផ្លាស់ប្តូរទិសដៅនៃការឆ្លងរាលដាលជាសកលនេះ។ ដោយសារតែបុគ្គលិកសុខាភិបាល និងបុគ្គលិកជួរមុខដទៃទៀត នឹងទទួលបានវ៉ាក់សាំង យើងនឹងអាចមើលឃើញជាបណ្តើរៗនូវការវិលទៅរកជីវិតជាប្រកតីតាមគន្លងថ្មី រួមទាំងការទទួលបានសេវាសុខភាព ការអប់រំ និងការការពារកាន់តែប្រសើរ។ ស្របតាមស្មារតីពង្រីកការគ្របដណ្តប់សេវាសុខភាពជាសកល យើងមិនត្រូវទុកអ្នកណាម្នាក់ចោលឡើយ”។

ផ្អែកតាមភស្តុតាងដែលមានបច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ-១៩ អាចការពារមនុស្សពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ នៅពេលឆ្លងជំងឺនេះ និងកាត់បន្ថយរយៈពេលព្យាបាល នៅក្នុងមន្ទីរពេទ្យ។ បើទោះជាមនុស្សបានចាក់វ៉ាក់សំាងក៏ដោយ ពួកគេគួរបន្តអនុវត្តតាមវិធានការការពារនានា ដូចជារក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ និងលាងសម្អាតដៃជាដើម។
គួរបញ្ជាក់ថា អ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ សរុបចំនួន ៣៩,៥០៨នាក់ (ស្រី ១២,៤០៤នាក់) ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងរួចមានចំនួន ៣៣,២១១នាក់ (ស្រី ៩,២០៥នាក់) និង អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មានចំនួន ៦,២៩៧នាក់ (ស្រី ៣,១៩៩នាក់)។
គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមានលទ្ធភាពទទួល និងទិញវ៉ាក់សាំងកូវីដ-១៩ រហូតដល់ ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋជាង ១០លាននាក់។ ក្នុងនោះវ៉ាក់សាំងប្រមាណ ១១លានដូស គឺជាជំនួយមិត្តបរទេស ដែលនឹងទទួលបានពីសាធារណរដ្ឋចិនចំនួន១លានដូស ពីប្រទេសអូស្ត្រាលី ប្រមាណ៣លានដូស និង ជំនួយពី COVAX ចំនួន៧លានដូស៕
អត្ថបទ៖ ខាន់ ច័ន្ទវីរៈ

You may like
-
អ្នកចាក់វ៉ាក់សាំងរួចគួរទទួលទានអាហារមួយមុខនេះជាចាំបាច់ ដើម្បីបន្ថែមការបង្កើនភាពស៊ាំដល់រាងកាយ
-
លោកស្រី ឱ វណ្ណឌីន ប្រគល់ថវិកា៥លានរៀល ជាអំណោយរបស់សម្តេចតេជោដល់អ្នកចាក់វ៉ាក់សាំងទីមួយលាន
-
អ្នកចាក់វ៉ាក់សាំងគ្រប់ ២ ដូសរួច មកដឹងអត្ថប្រយោជន៍ល្អៗទាំងនេះ
-
ចិនកំពុងពិចារណាលាយវ៉ាក់សាំងចូលគ្នាដើម្បីបង្កើនប្រសិទ្ធភាពកាន់តែខ្ពស់
-
ក្រោយចាក់វ៉ាក់សាំងរួច មានស្នាមកន្ទួលលើរាងកាយ ឬកន្លែងមុខម្ជុលរីកធំមួយសប្ដាហ៍ គ្រូពេទ្យជំនាញថាកុំភ័យ
-
១២ សំណួរ UNICEF ឆ្លើយពាក់ព័ន្ធនឹងសុវត្ថិភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩
ចុច Like Facebook កម្ពុជាថ្មី

រដ្ឋបាលខេត្តកណ្តាលសម្រេចផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទជាបណ្ដោះអាសន្ន

អភិបាលខេត្តព្រៃវែង ចាត់វិធានការក្តៅ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់លួចចូលខេត្ត

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩៨រូប ដើម្បីឲ្យអ្នកពាក់ព័ន្ធរួសរាន់យកសំណាកទៅធ្វើតេស្ត

ចំណងស្នេហា៤ឆ្នាំរបស់ វ៉ាន់ នីឡា មិនប្រែព្រួល ទោះរងការសើចចំអកពីអ្នកដទៃ

លោក គឹម សន្តិភាព ៖ អ្នកល្មើសវិធានការ ហាមឃាត់ការធ្វើដំណើរ ត្រូវផ្ដន្ទាទោសពី ៣ឆ្នាំ ទៅ៥ឆ្នាំ ឬធ្ងន់ជាងនេះ

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ព័ត៌មានអន្ដរជាតិ4 days ago
ឪពុកម្តាយគួរប្រយ័ត្ន! កុមារ១ភាគ៣ មិនបង្ហាញរោគសញ្ញាទេពេលឆ្លងកូវីដ
-
អាជីព1 week ago
មិនទៅការិយាល័យ ធ្វើការងារពីផ្ទះយ៉ាងណាឱ្យមានប្រសិទ្ធិភាព?
-
ព័ត៌មានអន្ដរជាតិ4 days ago
អាចជាសះស្បើយពីកូវីដឬធ្លាក់ខ្លួនធ្ងន់ធ្ងរ ទាំងនេះជារោគសញ្ញាតាមដានរយៈពេល១ខែ
-
ព័ត៌មានជាតិ6 days ago
អ្នកផ្សារសំរោងយ៉ោង ៨នាក់ បានប៉ះពាល់ អ្នកឆ្លងកូវីដ១៩
-
ព័ត៌មានជាតិ5 days ago
បាត់ដានអ្នកជំងឺម្នាក់ ក្រោយតេស្តមានវិជ្ជមាន អាជ្ញាធរប្រកាសស្វែងរកជាបន្ទាន់
-
ព័ត៌មានជាតិ4 days ago
បន្ទាន់! នគរបាលដែលបាញ់ក្មេងស្ទាវកាន់កាំបិតដេញចាក់ នៅមុខធនាគារ ABA ត្រូវបានតុលាការដោះលែងហើយ
-
ព័ត៌មានអន្ដរជាតិ6 days ago
ចាក់វ៉ាក់សាំងដូសទី១រួច ចៃដន្យឆ្លងកូវីដ គួរចាក់ម្ដងទៀតទេ?
-
ព័ត៌មានអន្ដរជាតិ5 days ago
កុំប្រហែស! ទោះចាក់វ៉ាក់សាំងហើយ ក៏នៅតែអាចឆ្លងកូវីដដែរ