Connect with us

ព័ត៌មានជាតិ

ជនជាតិ​​ភាគតិចគ្រឹង​ខេត្តរតនគិរី​ ​រក្សាប្រពៃណី​​​​កំដរ​​សព ​កាប់ក្របី​ថ្ងៃ​ដំបូង ផឹក​ស្រាពាង​ទទួល​ភ្ញៀវ​ វាយគងទល់ភ្លឺ

បានផុស

នៅ

ជនជាតិភាគតិចគ្រឹងនៅ​ខេត្ត​រតនគិរី​ នៅតែ​ប្រកាន់ភ្ជាប់ប្រពៃណី​ពីដូនតា គឺ​ក្រោយ​មាន​សាច់ញាតិ​បងប្អូន​ស្លាប់​មាន​រៀបចំធ្វើ​ពិធី​រួម​ទាំង​ការ​រៀបចំ​ម្ហូបអាហារ​ ជាពិសេស​ការកាប់ក្របី​កំដរ​សព​សម្រាប់ទទួល​ភ្ញៀវ​ដែល​ចូលរួម។

កាលពីថ្ងៃ ០៤ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅភូមិទៀមលើ ឃុំ កាចូន ស្រុក វើនសៃ ខេត្តរតនគិរី មាន​ពលរដ្ឋ​ជនជាតិគ្រឹងម្នាក់បាន​ទទួល​មរណភាព​ ដោយសារមាន​ជំងឺរាំរ៉ៃ​ដែល​មិន​អាចព្យាបាល​ជា​សះស្បើយរហូតក៏​ទទួលមរណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្លាប់​របស់ស្រ្តី​រូបនេះ ក៏​មានរៀបចំ​សកម្មភាពធ្វើក្តាមឈូស មានការ​ចូលរួមជួយពីបងប្អូនសាច់ញាតិនិងអ្នកភូមិ​យក​គោយន្ត​ ដោយ​មាន​ប្រុសៗ​ពេញកម្លាំងទៅជាមួយ​ទៅអារឈើក្នុងព្រៃ ដើម្បីធ្វើមឈូសដាក់សាកសព​នៅ​ថ្ងៃ​ចុងបញ្ចប់។

នៅគេហដ្ឋានសពវិញ អ្នកភូមិទីជិតទីឆ្ងាយបាន​មកចូលរួម​យ៉ាង​ច្រើន​ ដោយ​នាំមក​ជាមួយ​ជាប់ខ្លួនមាន​អំបិល ប៊ីចេង ស្ករ អង្ករ ទៀន ធូក ស្រាពាង និងថវិកា រួចនាំរៀបចំដាំបាយ ស្លសម្លប្រហើរ សម្លម្សៅ ខ្ចប់បាយជាថង់​ផ្លាស្ទិចជាកញ្ចប់ៗ ដួសសម្លដាក់ចានជ័រ ដែលឆ្អិនរួច ក្រាលតង់​អង្គុយជាជួរៗ ចាប់ផ្តើមបរិភោគ រួចយប់ឡើងនាំកូនចៅប្តីប្រពន្ធ មានកន្ទេល មុងភួយ អង្រឹងមកដេកកំដរ រហូតដល់ចប់កម្មវិធីបុណ្យ។

រយៈពេលនៃកំដរសព គឺមានការកាប់ក្របីថ្ងៃដំបូងចំនួន ១ ក្បាល នៅវេលាថ្ងៃត្រង់ ថ្ងៃបន្ត​បន្ទាប់​មាន​កាប់​មាន់ ជ្រូក ផឹកស្រាពាង និងស្រាកំប៉ុងបន្ថែមទៀត ដើម្បីឲ្យម្ហូបហូរហៀរនៅកំដរបានយូរថ្ងៃ។ ពេលដែលមនុស្សមកច្រើនគ្នា ទើបគេ​ហៅគ្នីគ្នាមកកាន់គងគ្រប់គ្នាជារង្វង់មូលជុំវិញកន្លែងចងក្របី រួចវាយគងជាចង្វាក់ភ្លេងតាំងពីដូនតាតាមប្រពៃណី​រហូតដល់​​មេឃភ្លឺ ទើបឈប់សម្រាក ធ្វើដូច្នេះគ្រប់ពេលយប់ដែលកំដរ។

សាកសពដំកល់ទុក្ខចំនួន ៥ ថ្ងៃ ៥ យប់ បន្ទាប់ពីដាក់សាកសពក្នុងមឈូសឈើរួចទើបដង្ហែទៅកាន់ព្រៃខ្មោចអម​ជាមួយព្រះសង្ឃតែ ២ អង្គ ដែលសូត្រធម៌អភិធម្មសម្រាប់សព ហើយបញ្ចុះសពតែក្នុងបរិវេណព្រៃដែលអ្នកភូមិមុនៗ​បាន​កប់ប៉ុណ្ណោះ ដោយតាមប្រពៃណីមិនតម្រូវឲ្យកប់ខុសពីកន្លែងនេះឡើយ។

ផុតពីនោះរយៈពេលថ្ងៃ ៥ សាច់ញាតិ​សព​ធ្វើបាយម្ហូប បង្អែម ចំអាប គ្រឿងឧបភោគបរិភោគទៅសែនផ្នូរ ១ ខែម្តង ហើយ​ពេលខ្លះថ្ងៃសីល ក៏យកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តផងដែរ។ ការជូនបាយម្ហូបនេះមិនកំណត់ពេលវេលាថ្ងៃខែឆ្នាំ ទៅតាមកាលកូនចៅ ជាអ្នកកំណត់ត្រូវឈប់ជូនរួចធ្វើបុណ្យកាប់ក្របីផ្តាច់តែម្តង៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម