ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់សង្គមស៊ីវិលកុំឱ្យជាប់ពាក់ព័ន្ធនឹងអំពើសម្អាតប្រាក់
ថ្លែងក្នុងពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញ និងលើកទឹកចិត្តដល់អង្គការ និងសមាគម រួមប្រកៀកស្មាបម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ស្របតាមច្បាប់ ពិសេសកុំឱ្យជាប់ពាក់ព័ន្ធឱ្យសោះអំពើសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យចៀសវាងជាដាច់ខាតការពាក់ព័ន្ធ ឬគាំទ្រអំពើសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងអាវុធមហាប្រល័យ ព្រមទាំងបន្តចូលរួមដោយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សាការពារធនធានធម្មជាតិ និងបរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសនេសាទ ដើម្បីពង្រឹងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំអង្គការ និងសមាគម ចៀសចេញពីក្រុមជ្រុលនិយម ដែលមានបំណងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងរដ្ឋធម្មនុញ្ញ និងធ្វើវិទ្ធង្សនាលើរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលនាំគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពជាតិ។ ជាថ្មីទៀត លោក បានគូសបញ្ជាក់ថា ដូចប្រទេសនានាដែរ រួមទាំងអាមេរិក និងអឺរ៉ុប អង្គការ សមាគម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ក្នុងនោះសម្រាប់កម្ពុជា ច្បាប់បានតម្រូវឱ្យផ្ដល់របាយការណ៍សកម្មភាព របាយការណ៍ហិរញ្ញវត្ថុ និងលេខគណនីប្រតិបត្តិការមកក្រសួងមានសមត្ថកិច្ច។

ភ្ជាប់ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំដល់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិបន្តបង្កលក្ខណៈងាយស្រួលឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលចុះបញ្ជីត្រឹមត្រូវស្របច្បាប់ ធ្វើសកម្មភាពដោយគ្មានការរារាំង និងដោយពុំចាំបាច់ជូនដំណឹងជាមុន លើកលែងតែក្នុងស្ថានភាពចាំបាច់ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលក្ខខណ្ឌតម្រូវផ្សេងទៀតកំណត់ដោយច្បាប់ជាធរមាន។ លោក ក៏បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត បន្តរៀបចំវេទិកាស្តីពីភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលក្នុងដែនសមត្ថកិច្ចខ្លួនឡើងវិញឱ្យបានហោចណាស់២ដងក្នុងមួយឆ្នាំ ដោយលើកទី១ អាចរៀបចំតាមប្រព័ន្ធហ្ស៊ូម។

ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលបោកប្រាស់ អូសទាញប្រជាពលរដ្ឋតាមរយៈការចូលជាសមាជិក និងការតម្រូវឱ្យបង់ប្រាក់ចូលមូលនិធិ ដើម្បីយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងត្រូវយកចិត្តទុកដាក់តាមដាន និងចាត់វិធានការភ្លាមចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលចូលរួមជាមួយក្រុមជ្រុលនិយមរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


