Connect with us

ព័ត៌មានជាតិ

ខេត្ត​ជាប់​ព្រំដែន​ត្រូវ​សហការគ្នា​បិទ​ច្រកទ្វារ និង​ទប់ស្កាត់​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចេញ​ក្រៅប្រទេស​

បានផុស

នៅ

​ការបញ្ជាក់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ខណៈ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​បណ្តា​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ទូទាំងប្រទេស តាម​ប្រព័ន្ធ Video Conference កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ ទាក់ទង​ការចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ នៅតាម​សហគមន៍ ក្នុង​ដែន​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​នីមួយៗ​។​
​នៅក្នុង​កិច្ចប្រជុំ​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​វាយតម្លៃ​ស្ថានភាព​ជារួម​នៃ​ឥទ្ធិពល​កូ​វីដ​-១៩ ដែល​កំពុងតែ​រាតត្បាត ពុំទាន់​ធូរស្រាល​នៅឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​គោលបំណង​តស៊ូ​ប្រយុទ្ធប្រឆាំង​សង្គ្រាម​កូ​វីដ​-១៩ ក្នុងស្ថានភាព​ថ្មី នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បែងចែក​ភារកិច្ច​អគ្គ​ស្នងការរង​ទទួលខុសត្រូវ​តាម​មុខព្រួញ និង​ដាក់ចេញ​នូវ​គោលការណ៍​សំខាន់ៗ ដល់​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។​
​គោលការណ៍​សំខាន់ៗ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ដែល​បាន​ដាក់ជូន​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ទាំងនោះ​រួមមាន​៖
​ទី​១. ការងារ​សណ្តាប់ធ្នាប់ ត្រូវ​បន្ត​ធានា​និរន្តរ​ភាពប្រក្រតី​កម្ម​គ្រប់​ក្រសួង ស្ថាប័ន និង​សកម្មភាព ជីវភាព​សង្គម ព្រមទាំង​ខិតខំ​ដោះស្រាយ​លំហូរ​ចរាចរណ៍ និង​ត្រៀមកម្លាំង​ដោះស្រាយ​ហេតុការណ៍​នានា​ជាយថាហេតុ​។​
​ទី​២. ការងារ​សន្តិសុខ ត្រូវ​ប្រមូលផ្តុំ​កម្លាំង​សហការ​ជាមួយ​គណៈកម្មការ​កូ​វីដ​-១៩ និង​គាំទ្រ​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ស្រាវជ្រាវ​មុខសញ្ញា​សង្ស័យ អ្នក​វិជ្ជមាន​កូ​វីដ​-១៩ និង​អ្នកពាក់ព័ន្ធ ដើម្បី​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក សំដៅ​កាត់ផ្តាច់​ការបន្ត​ឆ្លង​រាលដាល​បន្ថែមទៀត​។​
​ទី​៣. ការងារ​អន្តរាគមន៍ ត្រូវ​ត្រៀមកម្លាំង​អន្តរាគមន៍​នៅ​អង្គភាព និង​បែង​ចែកជា​ក្រុម​តូចៗ​ដែលមាន​បញ្ជា​ការដឹក​នាំ​ចុះ​តាម​គោលដៅ​ជួយ​គាំទ្រ​តាម​មន្ទីរពេទ្យ មណ្ឌល​ច​ត្តា​ឡី​ស័ក ឬ​គោលដៅ តំបន់​ដែល​ត្រូវ​ហ៊ុំព័ទ្ធ​។ ដោយឡែក​នៅតាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​បំផុស​ចលនា​ប្រជា​ការពារ សន្តិសុខ​ឯក ឬ​វិស័យ​ឯកជន ដើម្បី​ចូលរួម​សហការ​បន្ថែម​។​
​ទី​៤. ការងារ​ប្រឆាំង​បទល្មើស ត្រូវ​ចងក្រង​ជា​ក្រុម និង​ហ្វឹកហ្វឺន​ជាប្រចាំ​សម្រាប់​ជួយ​គាំទ្រ​ដល់​ការងារ​អន្តរាគមន៍ ព្រមទាំង​បន្ត​តស៊ូ​បង្ក្រាប​សកម្មភាព​ឆ្លៀតឱកាស​បង្ក​បទល្មើស​នា​នា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ័យខ្លាច​របស់​ប្រជាពលរដ្ឋ ពិសេស​បទល្មើស​គ្រឿងញៀន ជួញដូរ​មនុស្ស និង​បទល្មើស​ឧក្រិដ្ឋ​។​
​ទី​៥. សេនាធិការ និង​បុគ្គលិក ត្រូវ​ផ្លាស់ប្តូរ​វេន​ប្រចាំ​បញ្ជា ដើម្បី​ក្តាប់​សភាពការណ៍ ប្រមូល​ព័ត៌មាន សំដៅ​បញ្ជា​ដឹកនាំ​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​។ ទន្ទឹម​នោះ ត្រូវអនុវត្ត​គោលនយោបាយ សមាគម​មិត្ត​នគរបាលជាតិ សំដៅ​លើកទឹកចិត្ត ឧបត្ថម្ភ គាំទ្រ​ដល់​ជីវភាព​បុគ្គល និង​គ្រួសារ​មន្ត្រីនគរបាល​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ឬ​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩​។​
​ទី​៦. ការងារ​ព្រំដែន ៖ ចំពោះ​បណ្តា​ខេត្ត​ជាប់​ព្រំដែន ត្រូវ​សហការ​ជាមួយ​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន បិទ​ច្រកទ្វារ​ទប់ស្កាត់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចេញទៅ​ក្រៅប្រទេស និង​ត្រៀម​ទទួល​ប្រជាពលរដ្ឋ​ដែល​ត្រលប់​មកវិញ ដើម្បី​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធាន​សុខាភិបាល​។​

ដោយឡែក ទាក់ទង​ជនបរទេស​ដែល​លួច​ជ្រៀតចូល​ដោយ​ខុសច្បាប់​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​បញ្ជាក់ថា បើ​ចូល​តាម​ច្រក​ណា ត្រូវបញ្ជូន​ចេញ​តាម​ច្រក​នោះ​, បើ​លួច​ចូល​តាម​របៀង​មកដល់​ទឹកដី​កម្ពុជា ត្រូវបញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​រួច​ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើ​បែបបទ​បញ្ជូន​ចេញពី​ប្រទេស​វិញ​តាម​នីតិវិធី និង​ត្រូវ​បន្ត​ស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន​រក​មេខ្យល់ មេក្លោង និង​បណ្តាញ​ពាក់ព័ន្ធ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​
​ចំពោះ​ខាង​ផ្ទៃក្នុង​ប្រទេស​វិញ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​បញ្ជាក់ថា ទី​១- បើ​មាន​ជនសង្ស័យ ត្រូវ​ឃុំគ្រង និង​រាយការណ៍ សហការ​ជាមួយ​សុខាភិបាល បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ និង​ស្រាវជ្រាវ​ជាបន្ទាន់​រក​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​, ទី​២-​បើ​នៅតាម​អង្គភាព​មាន​សញ្ញា​សង្ស័យ ត្រូវ​ឃុំគ្រង​គោលដៅ ឬ​អង្គភាព​នោះ ដោយ​ចាត់​វិធាន​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​បញ្ជូន​ជនសង្ស័យ​ទៅយក​សំណាក ឬ​ធ្វើ​ច​ត្តា​ឡី​ស័ក ព្រមទាំង​ផ្តល់ដំណឹង​ដល់​ក្រុមគ្រួសារ ដើម្បី​កាត់​ផ្តាច់ទំនាក់ទំនង​៕

អត្ថបទ៖កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម