ព័ត៌មានជាតិ
UNICEF៖ កុមារជាង២០០នាក់ក្នុងតំបន់សង្គ្រាម នៅស៊ូដង់ រងគ្រោះដោយសារការលោភ
កុមារក្នុងប្រទេសស៊ូដង់រាប់រយនាក់ត្រូវបានចាប់រំលោភដោយបុរសប្រដាប់អាវុធមកពីទាំងពីរភាគីជម្លោះក្នុងសង្គ្រាម ចាប់តាំងពីដើមឆ្នាំ២០២៤។ នេះជាអំពើហិង្សាផ្លូវភេទកំពុងត្រូវបានប្រើប្រាស់ជាយុទ្ធសាស្ត្រនៃសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៤ខែមីនានេះ។

បើយោងតាមកំណត់ត្រាដែលចងក្រងដោយអ្នកផ្តល់ព័ត៌មានអំពើហិង្សាផ្អែកលើយេនឌ័រនៅក្នុងប្រទេសស៊ូដង់ មានកុមារចំនួន២២១នាក់ រួមទាំងក្មេងប្រុសត្រូវបានចាប់រំលោភដោយបុរសប្រដាប់អាវុធដែលជាគូជម្លោះក្នុងសង្គ្រាម។
នៅថ្ងៃអង្គារនេះ ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ(UNICEF) ក៏បានរាយការណ៍ពីករណីដែលទាក់ទងនឹងកុមារដែលត្រូវបានគេចាប់រំលោភអំឡុងពេលវាយប្រហារលើទីក្រុងនានាក្នុងប្រទេសស៊ូដង់ ថា មានច្រើនជាង៣០% នៃជនរងគ្រោះនៃការរំលោភកុមារគឺជាក្មេងប្រុស។
ជនរងគ្រោះរួមមានកុមារអាយុក្រោម៥ឆ្នាំ១៦នាក់ និងទារក៤នាក់។ ករណីនេះត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Gedaref, Kassala, Gezeira, Khartoum, River Nile និងរដ្ឋភាគខាងលិចដូចជា South Kordofan, North Darfur និង West Darfur ។
អ្នកនាំពាក្យរបស់ UNICEF បានប្រាប់សារព័ត៌មាន The Associated Press ថា ក្នុងចំណោមកុមារចំនួន២២១ នាក់ដែលត្រូវបានរំលោភនោះ មាន៧៣ករណីទាក់ទងនឹងជម្លោះនិង៧១ករណីទៀតមិនត្រូវបានបញ្ចេញអត្តសញ្ញាណនោះទេ។ អ្នកដែលរស់រានមានជីវិតពីការរំលោភជាធម្មតាមានការស្ទាក់ស្ទើរក្នុងការរាយការណ៍ថា ពួកគេទទួលរងអំពើហិង្សាផ្លូវភេទដោយសារតែខ្លាចការមាក់ងាយពីសង្គម និងការភ័យខ្លាចការសងសឹកពីក្រុមប្រដាប់អាវុធ និងការស្ដីបន្ទោសពីក្រុមគ្រួសារ។

នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russell បាននិយាយនៅក្នុងរបាយការណ៍ថា អំពើហិង្សាផ្លូវភេទ រួមទាំងការរំលោភសេពសន្ថវៈ កំពុងត្រូវបានប្រើប្រាស់ជាយុទ្ធសាស្ត្រនៃសង្គ្រាម ដោយបំពានលើច្បាប់អន្តរជាតិ និងច្បាប់ការពារកុមារ។
ជាមួយគ្នានេះបណ្តាញ SIHA ដែលជាអង្គការមិនរកប្រាក់ចំណេញដែលចងក្រងឯកសារអំពីអំពើហិង្សាលើស្ត្រី និងកុមារី ក៏បានឲ្យដឹងកាលពីខែមុនដែរថាប្រហែល២៣%នៃអំពើហិង្សាផ្លូវភេទទាក់ទងនឹងជម្លោះចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។
សង្រ្គាមនៅក្នុងប្រទេសស៊ូដង់បានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣ រវាងយោធា និងកងកម្លាំងគាំទ្ររហ័សដែលជាគូប្រជែងរបស់ខ្លួនប្រយុទ្ធគ្នានៅក្នុងទីក្រុង Khartoum និងនៅជុំវិញប្រទេស។ ចាប់តាំងពីពេលនោះមក មនុស្សយ៉ាងហោចណាស់២ម៉ឺននាក់ត្រូវបានសម្លាប់។
សង្គ្រាមបានបង្ខំមនុស្សជាង១៤លាននាក់បោះបង់ចោលផ្ទះសម្បែង និងរុញច្រានផ្នែកខ្លះនៃប្រទេសឱ្យធ្លាក់ក្នុងភាពអត់ឃ្លាន។ អំពើឃោរឃៅ រួមទាំងអំពើហិង្សាផ្លូវភេទ និងការបង្ខំឱ្យកុមាររៀបការ ត្រូវបានប្រព្រឹត្តដោយភាគីទាំងពីរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


