ព័ត៌មានជាតិ
មេប៉ូលិសជាតិ ឱ្យត្រៀមការពារសុវត្ថិភាពកម្រិតខ្ពស់ ស្របពេលមានការផ្សាយថា ស៊ី ជីនពីង នឹងមកកម្ពុជា
មេប៉ូលិសជាតិ លោក ស ថេត ណែនាំឱ្យនគរបាលទាំងអស់ ត្រូវប្រុងជើងការឱ្យបានខ្ពស់ បង្កើនការពិនិត្យជាតិខ្ពស់ និងគ្រឿងញៀនខុសច្បាប់ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមអំឡុងពាក់កណ្ដាលខែមេសា ពិសេសចំថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងត្រៀមការពារសុវត្ថិភាពក្នុងកម្រិតខ្ពស់ដល់គណៈប្រតិភូជាន់ខ្ពស់ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុកអគ្គស្នងការនគរបាលជាតិ នាថ្ងៃទី០៤ ខែមេសា នេះ។

ត្បិតលោក ស ថេត អគ្គស្នងការនគរបាលជាតិ ប្រាប់ឱ្យកងកម្លាំងត្រៀមការពារសុវត្ថិភាពជូនគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចនៅកម្ពុជា តែលោក មិនបានប្រាប់ឱ្យចំៗឈ្មោះថា គណៈប្រតិភូជាន់ខ្ពស់នោះជានរណាឡើយ។

ប៉ុន្តែបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសជាច្រើន បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា នៅពាក់កណ្ដាលខែមេសា។ ក្នុងចំណោមប្រទេសបីនៅតំបន់អាស៊ាន ដែលមេដឹកនាំប្រទេសមហាអំណាចបំពេញទស្សនកិច្ចមានដូចជាវៀតណាម, ម៉ាឡេស៊ី, និងកម្ពុជា។

ទំព័រហ្វេសប៊ុកអគ្គស្នងការនគរបាលជាតិ ស្រង់ការណែនាំរបស់លោក ស ថេត ក្នុងជំនួប កងកម្លាំងនគរបាល ចល័តត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ និងគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញផ្សាយដូច្នេះ៖« ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ ពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងឆាប់ៗខាងមុខនេះ និងការពារសុវត្ថិភាពដល់គណៈប្រតិភូជាន់ខ្ពស់ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។ »។

ចំណែកនៅលើទំព័រហ្វេសប៊ុកនាយកដ្ឋានអង្គរក្សនៃក្រសួងមហាផ្ទៃ នាប៉ុន្មានចុងក្រោយនេះ ក៏បានផ្សព្វផ្សាយពីសកម្មភាពហាត់សមក្បួនការពារថ្នាក់ដឹកនាំដែលបំពេញទស្សនកិច្ចកម្រិតខ្ពស់ផងដែរ។ ការផ្សព្វផ្សាយរបស់នាយកដ្ឋានអង្គរក្ស ក្បួនការពារថ្នាក់ដឹកនាំជាន់ខ្ពស់ ក្បួនពន្លត់អគ្គិភ័យ និងក្បួនផ្សេងៗទៀត ដែលអះអាងថា ជាការហាត់សមត្រៀមក្បួនដង្ហែព្រុះហយាត្រា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។


កម្ពុជា និងចិនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមានតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។ ក្នុងនាមជាប្រទេសជិតខាង និងដៃគូជិតស្និទ្ធជាប្រពៃណី កម្ពុជា និងចិនបានបង្កើត និងថ្នមថែចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបានដែលបានឆ្លងកាត់ការសាកល្បងនិងការលំបាកជាប្រវត្តិសាស្ត្រជាច្រើន។ទំនាក់ទំនងដ៏យូរអង្វែងនេះបានវិវត្តទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលសម្គាល់ដោយការគោរពគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ប្រទេសចិន ត្រូវបានគេមើលឃើញថា ក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់បំផុតរបស់កម្ពុជា ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការវិនិយោគយ៉ាងច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការវិនិយោគលើវិស័យផ្សេងៗទៀត។ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) បានពង្រឹងភាពជាដៃគូនេះបន្ថែមទៀត ដោយជួយសម្រួលដល់ការធ្វើទំនើបកម្មនៃបណ្តាញដឹកជញ្ជូន វិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៃប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន កាលពីនៅជានាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានបំពេញទស្សនកិច្ចទាំងទស្សនកិច្ចការងារ និងទស្សនកិច្ចផ្លូវការជាច្រើនលើកនៅប្រទេសចិន។ អ្វីដែលជាស្មារតីមិនបោះបង់ចោលគ្នាក្នុងគ្រាអាសន្ន ចំពេលចិនផ្ទុះកូវីដដំបូង សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសចិន ស្របពេលពិភពលោកខ្លាចកូវីដ១៩។ ទោះបីជាលែងធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា ក៏ដោយ ក៏សម្ដេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចការងារចូលរួមវេទិកាបូអាវនៅប្រទេសចិនកាលពីចុងខែមីនា ឆ្នាំ២០២៤ជាថ្មីម្ដងទៀត។

សម្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជា បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ជាផ្លូវការកាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ ក៏បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងជួបជាមួយលោក ស៊ី ជីនពីង ជាលើកដំបូងនៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៣ រយៈពេលជាង៣សប្ដាហ៍ប៉ុណ្ណោះ។

បើនិយាយពីលោក ស៊ី ជីន ពីង ប្រធានាធិបតីចិន ធ្លាប់មកបំពេញទស្សនកិច្ចនៅកម្ពុជា ជាលើកដំបូងនៅក្នុងឆ្នាំ២០១៦។ ដំណើរទស្សនកិច្ចនៅកម្ពុជាកាលណោះ លោក ស៊ី ជីនពីង មេដឹកនាំប្រទេសមហាអំណាចចិន បាននាំយកគម្រោងជាច្រើន ដើម្បីជួយអភិវឌ្ឍន៍កម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


