Connect with us

ព័ត៌មានជាតិ

សមាជិកក្រុមប្រឹក្សារាជធានី កោតសរសើរចំពោះការរៀបចំឲ្យមានថ្មើរជើងទទួលបានភ្ញៀវច្រើនកុះករ និងពេញនិយម

បានផុស

នៅ

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរថាភ្ញៀវជាតិ និងបរទេសទៅដើរលេងកំសាន្តនៅផ្លូវថ្មើរជើង(Walk Street)ច្រើនកុះករ និងទទួលបាននូវភាពពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងបែបនេះនាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កេីត ឆែ អភិបាលរង និងជាតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

បន្ថែមពីនេះសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានសម្តែងនូវការកោតសរសើរផងដែរចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយលោក Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានយ៉ាងល្អប្រសើរ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏បានពិនិត្យ និងសម្រេលើរបៀបវារៈមួយចំនួនផងដែរ ក្នុងនោះ ក្រុមប្រឹក្សារាជធានីភ្នំពេញបានប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ មួយរូប គឺលោក អ៊ុក សុផល អតីតនាយកទីចាត់ការហិរញ្ញវត្ថុ ត្រូវបានប្រកាសជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជំនួសលោក អ៊ាង ស៊ីផាន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានទទួលមរណភាព។ ក្នុងនោះដែរបានពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានណែនាំឱ្យសមាជិកក្រុមប្រឹក្សាថ្មី អនុវត្តការងាររបស់ខ្លួនឱ្យបានល្អស្របតាមច្បាប់ជាធរមាន។ បន្ថែមពីនេះទីចាត់ការធនធានមនុស្សត្រូវរៀបចំឯកសារ ដើម្បីឱ្យសមាជិកក្រុមប្រឹក្សាថ្មីបានទៅប្រកាសទ្រព្យសម្បត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ។

លោក កេីត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងដែរថា ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ជាការលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញពុះពារបន្ថែមទៀត ដើម្បីឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរជាមួយនឹងការអភិវឌ្ឍរីកចំរើនបន្ថែមទៀត។ ដោយចំពោះការស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញរៀបចំចំណតបន្ថែមទៀត ដើម្បីទទួលភ្ញៀវទៅដើរលេងកំសាន្តនៅផ្លូវថ្មើរជើង(Walk Street)នោះ រដ្ឋបាលរាជធានីភ្នំពេញមិនអាចពង្រីកបន្ថែមចំពោះចំណតទៅតាមតម្រូវការភ្ញៀវទេសចរបានទេ ព្រោះសុទ្ធតែជាដីឯកជន។ រដ្ឋបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តឱ្យភ្ញៀវដែលទៅដើរលេងកំសាន្តនៅផ្លូវថ្មើរជើង(Walk Street)ប្រើប្រាស់មធ្យោបាយរួម៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម