ព័ត៌មានជាតិ
មូលនិធិគន្ធបុប្ផា ចាត់ទុកបេសកម្មជិះកង់ជាង២ម៉ឺនគីឡូម៉ែត្រ ដើម្បីកុមាររបស់ទីវ តារារិទ្ធិ ថាមានគុណតម្លៃខ្លាំង ចំពោះកុមារកម្ពុជា
មូលនិធិគន្ធបុប្ផាកម្ពុជា អរគុណលោក ទីវ តារារិទ្ធ ដែលខំចំណាយពេលវេលា១១ខែ ជិះកង់ឆ្លងកាត់ប្រទេសជាង១០ លើចម្ងាយផ្លូវជាង២ម៉ឺនគីឡូម៉ែត្រ ដើម្បីរៃអង្គាសប្រាក់បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជួយឱ្យមន្ទីរពេទ្យគន្ធបុប្ផាបន្តភាកិច្ចសង្គ្រោះជីវិតទារក និងកុមារកម្ពុជាបន្តទៅទៀត។ មូលនិធិគន្ធបុប្ផាកម្ពុជា ចាត់ទុកបេសកម្មរបស់លោក ទីវ តារារិទ្ធ ថាមានតម្លៃជាអនេកអនន្តមិនអាចគណនាបាន ចំពោះអនាគតទារក និងកុមារកម្ពុជា។

គួរជ្រាបថា លោក ទីវ តារារិទ្ធ ចាប់ផ្ដើមជិះកង់ផ្សងព្រេងទៅកាន់ប្រទេសនានាក្នុងទ្វីបអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក ក្នុងគោលដៅរៃអង្គាសថវិកា ធានាក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ លោក ទីវ តារារិទ្ធិ ចាប់ផ្ដើមជិះកង់ចេញពីខេត្តសៀមរាប នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដោយបានបញ្ចប់ កាលពីថ្ងៃទី៣០ មេសា ឆ្នាំ២០២៥។

មូលនិធិគន្ធបុប្ផាកម្ពុជា ចាត់ទុកបេសកម្មរបស់លោក ទីវ តារារិទ្ធ ដូច្នេះ៖« ការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលផ្ទាល់ខ្លួនរបស់ លោក ក្នុងរយៈពេល ១១ ខែ កន្លងមកនេះ ជាគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបានសម្រាប់ទារក និងកុមារទាំងអស់នៅកម្ពុជា ដែលត្រូវ ការសេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ បេសកកម្មដ៏មានតម្លៃនេះពិតជាបានចូលរួមផ្សព្វផ្សាយ និងបានធ្វើឱ្យប្រទេសនានាក្នុងពិភពលោកបានស្គាល់ ព្រះរាជាណាចក្រកម្ពុជាកាន់តែច្បាស់ក្នុងសម័យសន្តិភាព។ បន្ថែមលើនេះ, លោក ក៏បានទាក់ទាញនូវចំណាប់ អារម្មណ៍ និងការចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិជាតិ និងផ្លូវការតែមួយគត់ បង្កើតឡើងដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។ »។

នៅក្នុងជំនួបជាមួយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែឧសភា លោក ទីវ តារារិទ្ធិ បានឱ្យដឹងថា មកដល់ថ្ងៃទី៣០ ខែមេសា បេសកកម្មរបស់លោក ដំណើរការទៅអស់រយៈពេល ១១ខែ គឺលោកបានធ្វើដំណើរចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា ដោយឆ្លងកាត់ជាង១៥ ប្រទេស លើតម្រាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ និងបានជួបឧបសគ្គជាច្រើន នៅលើផ្លូវបេសកកម្មដ៏សែនវែងឆ្ងាយមួយនេះ។ ក៏ប៉ុន្តែ ទាំងនេះវាមិនបានក្លាយជារនាំងបិទផ្លូវដល់ដំណើរកៀងគរថវិកាថវិកាពីសប្បុរសជននានា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជានោះទេ។

លោក ទីវ តារារិទ្ធិ បានឱ្យដឹងថា ចំពោះឧបសគ្គធំៗនៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌របស់លោក គឺការស្នើសុំវីសា ដើម្បីឆ្លងកាត់ប្រទេសនីមួយៗ ជាក់ស្តែងនៅពេលឆ្លងកាត់ប្រទេសឥណ្ឌា គឺត្រូវរងចាំវីសារហូត ៨សប្តាហ៍ឯណោះ ចំណុចនេះបានធ្វើឱ្យការធ្វើដំណើររៃអង្គាសថវិការបស់លោកត្រូវយឺតយ៉ាវ ដែលផែនការឆ្ពោះកាន់ទ្វីបអឺរ៉ុប ខកខានពោលគឺរយៈពេល១១ខែមកនេះ លោកទើបធ្វើដំណើរមកតំបន់មជ្ឈិមបូព៌ាតែប៉ុណ្ណោះ។

លោក ទីវ តារារិទ្ធិ បញ្ជាក់ថានឹងបន្ដដំណើរឆ្លងទ្វីបអាហ្វ្រិកទៀត បន្ទាប់ឆ្លងកាត់ប្រទេសនៅទ្វីបអឺរ៉ុប ដោយបេសកកម្មនេះ អាចចំណាយពេលសរុប ២ឆ្នាំ លើចម្ងាយផ្លូវជាង ៤ម៉ឺនគីឡូម៉ែត្រ។

លោក ទីវ តារារិទ្ធិ បានបញ្ជាក់ថា ក្នុងដំណើរបេសកម្មជិះកងឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបនេះ លោកបានដាក់គោលដៅរៃថវិកា ២៥ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ យុវជន ទីវ តារារិទ្ធិ នឹងមិនបញ្ចប់បេសកកម្មនេះត្រឹមតែឆ្លងទៅដល់ទ្វីបអឺរ៉ុបទេ ផ្ទុយទៅវិញ រូបលោកកាន់តែពេញចិត្តចំពោះកិច្ចការសប្បុរសធម៌ ដែលប្រកបដោយការផ្សងព្រេងនេះ។ លោក តារារិទ្ធិ បានបញ្ជាក់ថាលោកនឹងបន្ដដំណើរទៅទ្វីបអាហ្វ្រិកខាងត្បូងទៀត។ ការធ្វើដំណើរពីទ្វីបអឺរ៉ុប ទៅទ្វីបអាហ្វ្រិកខាងត្បូង មានចម្ងាយជាង ២ម៉ឺនគីឡូម៉ែត្រ ដែលធ្វើឱ្យអ្នកជិះកង់រូបនេះ ជឿថាអាចនឹងត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត។

តាមរយៈលិខិតថ្លែងអំណរគុណ មូលនិធិគន្ធបុប្ផាកម្ពុជា គាំទ្រចំពោះការបន្ត និងពង្រីកបេសកកម្មរបស់ លោក ទីវ តារារិទ្ធិ ក្នុងការជិះកង់ផ្សងព្រេងតែម្នាក់ឯង ទៅកាន់ប្រទេសនានាក្នុងទ្វីបអាហ្វ្រិកបន្តទៀត និងជូនពរឱ្យទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងជាពិសេសក្នុងអំឡុងបំពេញបេសកកម្ម ដើម្បីទារក និងកុមារនៅកម្ពុជា៕

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៣ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


