Connect with us

ព័ត៌មានជាតិ

មន្ទីររៀបចំដែនដីខេត្តរតនគិរី ពន្លឿនចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅស្រុកលំផាត់ឱ្យចប់ត្រឹមឆ្នាំ ២០២៥

បានផុស

នៅ

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី សហការជាមួយមន្ទីរពាក់ព័ន្ធ និងក្រុមការងារយុវជនស្ម័គ្រចិត្ត ដើម្បីជំរុញការចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ បង្ហើយនៅស្រុកលំផាត់ ត្រឹមឆ្នាំ ២០២៥។

លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដី ខេត្តរតនគិរី ក្រុមការងារកំពុងបែងចែកការងារ ទៅតាមភូមិ ឃុំ នៅក្នុងស្រុកលំផាត់ និងទិសដៅអនវត្តការងារបន្ត ធ្វើយ៉ាងឱ្យការវាស់វែងដីបង្ហើយនៅត្រឹមឆ្នាំ ២០២៥។ លោកបន្តថា៖«បទពិសោធការវាស់វែងដីធ្លី ជួបការលំបាកចំណោទភូមិសាស្ត្រភ្នំខ្ពស់ៗ មានទំហំដីធំ ក្បាលដីធំត្រូវចំណាយពេលយូរ ទំហំការងារធំ ទាមទារការចូលរួមពីកម្លាំងបន្ថែម ចុះបញ្ជីបង្ហើយ ដែលបានគ្រោងនិងបានបញ្ចប់ក្នុងខែ ធ្នូ ឆ្នាំ២០២៥»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោកបន្តថា ដោយសារការចុះវាស់វែងមានសារៈសំខាន់ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានចាត់ក្រុម​ការងារមន្ទីររាជធានីភ្នំពេញ​ ចុះមកជួយធ្វើកិច្ចការនេះ។ បើតាមលោក លី ឧសភា ផែនការវាស់វែងចុះបានចូលទៅក្នុងស្រុកលំផាត់ ដែលមានប្រជាពលរដ្ឋរស់នៅច្រើន ភូមិខ្លះ១ ម៉ឺនហិកតា ទៅ ២ ម៉ឺនហិកតា។

លោក លីម ពី ជាប្រធានការិយាល័យរៀបចំដែនដី នគរូបនីកម្ម សំណង់ និងភូមិបាលខណ្ឌច្បារអំពៅ និង ជាប្រធានក្រុមវាល១៣ បានមានប្រសាសន៍ថា ពាក់ព័ន្ធការចុះជួយនេះ លោកបានរៀបចំក្រុមការងារ សហការជាមួយមន្ទីរខេត្តរតនគិរី ជំរុញដល់ការចុះវាស់វែងដីធ្លីឱ្យបានឆាប់រហ័ស។

ក្រុមការងាររបស់លោក បានចុះមកតំបន់ភូមិភាគឦសានមានចំនួន ២ បេសកកម្មមកហើយ បេសកកម្មទី១ គឺខេត្តមណ្ឌលគិរី ចំណែកឯលើកទី២ នៅខេត្តរតនគិរី ដែលជាបេសកកម្មដែលត្រូវបង្ហើយដូចគ្នា។ ក្រុមការងារនេះបានចុះមកជួយស្រង់ទិន្នន័យ តម្រូវការក្បាលដីនៅតាមបណ្តាភូមិ ធ្វើយ៉ាងណាឲ្យទទួលបានប្លង់រឹង ។

ចំណែកលោក មិន សាមេន អនុប្រធានក្រុមវាល១៣ បានមានប្រសាសន៍ថា សកម្មភាពក្រុមលោកចុះទៅតាមភូមិនីមួយៗក្នុងស្រុកលំផាត់ សម្រាប់ស្ថានភាពដីចម្ការធំៗឡើងចុះចំណោទខ្ពស់ៗ។ លោកថា៖«ការងារវាស់វែងដីធ្លីនេះ មានភាពលំបាកបន្តិចដោយសារ វដូវភ្លៀងធ្លាក់ ប៉ុន្តែក្រុមការងារនេះ នៅតែបន្តទៀត»។

ចំណែកលោក ហាក់ សំអុល ជាកសិកររស់នៅក្នុងខេត្តនេះ បានសម្តែងការសប្បាយរីករាយនៅពេលដែលឃើញក្រុមការងារចុះវាស់វែងដី ដោយរំពឹងថានឹងទទួលបានប្លង់រឹងឆាប់ៗ។ លោកថា៖«ខ្ញុំទន្ទឹងរង់ធ្វើប្លង់រឹងយូរឆ្នាំហើយ បើមានប្លង់រឹងងាយស្រួលយកទៅបញ្ចាំ តម្លៃថ្លៃ ជាពិសេសបញ្ចប់វិវាទតាមព្រំប្រទល់គ្នា»៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម