ព័ត៌មានជាតិ
កម្មវិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើ ឡើងយ៉ាង ជោគជ័យនារាជធានីភ្នំពេញ
នៅរាត្រីថ្ងៃទី១៨ ខែសីហាកម្មវិធី“ស្លាបសន្តិភាព”ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិនដែល សហការរៀបចំឡើង ដោយមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)និងសមាគមមិត្តភាពកម្ពុជា-ចិនត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅរាជធានីភ្នំពេញ។

លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិននិងលោក ហួត ហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីនេះ។
កម្មវិធីនេះក៏បានទាក់ទាញមន្ត្រីរាជការ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយសិស្សនិស្សិតលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យមកពីសាលាចិនវិទ្យាស្ថានខុងជឺនិងសមាជិកសភាពាណិជ្ជកម្មចិនរួមទាំងភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់មជ្ឈដ្ឋានកម្ពុជា និងចិនសរុបជាង២០០នាក់ឱ្យរួមគ្នាអបអរកម្មវិធីវប្បធម៌ដ៏អស្ចារ្យនេះផងដែរ។

ឆ្នាំនេះ គឺជាខួបលើកទី៨០នៃជ័យជម្នះ សង្គ្រាមប្រឆាំងហ្វាស៊ីសនិយមពិភពលោកក៏ដូចជាខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិននិង “ឆ្នាំទេសចរណ៍កម្ពុជា-ចិន”ផងដែរ។

ភាគីទាំងពីរបានប្រើប្រាស់ទម្រង់នៃការសម្តែងសិល្បៈនិងវប្បធម៌ ដើម្បីបង្ហាញពីទស្សនៈសន្តិភាពពង្រឹងចំណងមិត្តភាព រវាងប្រជាជនទាំងពីរនិងបន្តពង្រឹងមូលដ្ឋានគ្រឹះនៃសាធារណៈមតិសម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។
កម្មវិធីសម្តែង បានចាប់ផ្តើមជាមួយនឹងរបាំអប្សរា“អ្នកនាំសារសន្តិភាព”ដែលសម្តែងដោយសិស្សសាលារបាំនរោត្តមបុប្ផាទេវី ដែលកាយវិការរាំដ៏ស្រស់ស្អាត បានបង្ហាញពីតម្លៃដ៏វិសេសវិសាលនិងក្តីប្រាថ្នាចំពោះសន្តិភាព។ បន្ទាប់មកមានការសម្តែងសិល្បៈគុនកុងហ្វូចិននិងក្បាច់គុនល្បុក្កតោខ្មែរដើម្បីបង្ហាញពីទំនាក់ទំនងដ៏អស្ចារ្យនៃសិល្បៈក្បាច់គុន។ កម្មវិធីជាបន្តបន្ទាប់រួមមានបទចម្រៀង“មនោសញ្ចេតនាកម្ពុជា-ចិន”ការប្រគំពិណបុរាណចិនបទ“សំណើចសមុទ្រឆាង”និងការសូត្រកំណាព្យបទ“សង្គ្រាមនិងសន្តិភាព”ដែលទាំងអស់នេះបានបង្ហាញពីភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណីនិងការបង្ហាញមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅលើប្រធានបទសន្តិភាព។ របាំ“ព្រាបសន្តិភាព”របស់ក្រុមសិល្បៈរបាំខ្មែរបានបង្ហាញពីអនាគតដ៏ស្រស់បំព្រងហើយចម្រៀងបទ“សូមឱ្យពិភពលោកពោរពេញដោយក្តីស្រឡាញ់”ដែលច្រៀងដោយសភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជាបានធ្វើឱ្យកម្មវិធីទាំងមូលរឹតតែឱឡារិកបំផុត។
នៅក្នុងកម្មវិធីនេះ លោកហួតហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានថ្លែងថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។ ប្រជាជនកម្ពុជាស្រឡាញ់និងការពារសន្តិភាពនិងឱ្យតម្លៃកាលានុវត្តភាពអភិវឌ្ឍន៍ដែលនាំមកដោយសន្តិភាព។ ប្រទេសកម្ពុជាគឺជាគោលដៅទេសចរណ៍អន្តរជាតិមួយ ដែលប្រកបដោយសុវត្ថិភាពមេត្រីភាពនិងមានភាពទាក់ទាញ។ រយៈពេល៧ខែដំបូងនៃឆ្នាំ២០២៥ ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៣លាន៧សែន១ម៉ឺននាក់ដោយក្នុងនោះ ភ្ញៀវទេសចរចិនមានប្រមាណ៦៩ម៉ឺននាក់ កើនឡើង៤៨.២ភាគរយ។ ប្រទេសកម្ពុជាត្រដាង“ស្លាបសន្តិភាព” អញ្ជើញមិត្តភក្តិចិនកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ។
លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានថ្លែងសុន្ទរកថា ក្នុងកម្មវិធីនេះថាឆ្នាំនេះជាខួបលើកទី៦៧ នៃទំនាក់ទំនងការទូតកម្ពុជា-ចិនហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរឹងមាំ និង ស្ថិតស្ថេរយូរអង្វែងហើយមនោសញ្ចេតនារវាងប្រជាជនក៏មានភាពស៊ីជម្រៅ។

វប្បធម៌និងសិល្បៈ គឺជាស្ពានមួយដែលដែលអាចឆ្លងផុតព្រំដែន យើងបានរៀបចំកម្មវិធីសម្ដែងសិល្បៈនេះ ដើម្បីផ្សព្វផ្សាយទស្សនៈសន្តិភាព និង បង្ហាញពីស្មារតីប្រឆាំងសង្គ្រាមដែលនេះមិនត្រឹមតែជាការរំលឹកដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្តនិងពង្រឹងមិត្តភាពដ៏ជ្រាលជ្រៅ រវាងប្រទេសទាំងពីរព្រមទាំងជាសេចក្តីប្រកាសដ៏ម៉ឹងម៉ាត់អំពីតម្លៃសន្តិភាព ដែលប្រជាជនប្រទេសទាំងពីរ រួមគ្នាការពារផងដែរ។
“សន្តិភាព” គឺជាបំណងប្រាថ្នាដ៏យូរអង្វែងបំផុតរបស់មនុស្សជាតិ”។ក្រោមការដឹកនាំរបស់ពិធីករកម្មវិធី “ស្លាបសន្តិភាព”ដែលបណ្ដាក់គ្នានូវកាយវិការដៃទូទាំងពិភពលោកត្រូវបានចាប់ផ្តើមនៅទីតាំងនេះ។ ភ្ញៀវកិត្តិយសជាង២០០នាក់ ដែលបានចូលរួមក្នុងកម្មវិធីបានធ្វើកាយវិការដៃ“ស្លាបសន្តិភាព”នេះរួមគ្នាដើម្បីបង្ហាញនូវ“ការរលាស់ស្លាប”ដែលជានិមិត្តរូបនៃសន្តិភាពហើយក៏បានបម្លែងខ្លឹមសារសំខាន់នៃ“ការអំពាវនាវរកសន្តិភាពនិងការបួងសួងសុំសន្តិភាព”ទៅជាសេចក្តីប្រកាសដែលមើលឃើញឆ្លងផុតរបាំងភាសា។

ទំនាក់ទំនងរវាងប្រទេសនឹងរឹងមាំ នៅពេលដែលប្រជាជនមានភាពស្និទ្ធស្នាលហើយភាពស្និទ្ធស្នាលរវាងប្រជាជនកើតចេញពីការយល់ចិត្តគ្នា។ កម្មវិធីនេះមិនត្រឹមតែជាកម្មវិធីសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំង ពីបេះដូងរួមគ្នាផងដែរ។

ប្រជាជននៃប្រទេសទាំងពីរ បានបង្ហាញនូវក្តីស្រឡាញ់ចំពោះសន្តិភាពនិងក្តីរំពឹង ចំពោះអនាគតដ៏ស្រស់បំព្រងតាមរយៈតន្ត្រី និង របាំ។ ភ្ញៀវកិត្តិយសនិងទស្សនិកជនបានលើកឡើងថា កម្មវិធីសម្ដែងសិល្បៈ “ស្លាបសន្តិភាព”មិនត្រឹមតែបង្ហាញពីការផ្លាស់ប្តូរនិងរៀនសូត្រវប្បធម៌ទៅវិញទៅមកនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីជំនឿចិត្តដ៏រឹងមាំក្នុងការរួមគ្នាកសាងសន្តិភាពនិងមិត្តភាពផងដែរ៕





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


