Connect with us

ព័ត៌មានជាតិ

វិសោធនកម្មច្បាប់​សញ្ជាតិឆ្លងផុតគណៈកម្មការជំនាញត្រៀមបញ្ជូនទៅសភាប្រជុំអនុម័ត

បានផុស

នៅ

គណៈកម្មាការជំនាញ​រដ្ឋសភាបានឯកភាព​សម្រេច​បញ្ជូនសេចក្ដីព្រាង​ច្បាប់ស្ដីពីវិសោធនកម្មច្បាប់សញ្ជាតិ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញដើម្បីពិនិត្យសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។ ការ​សម្រេច​នេះ​គឺ​បន្ទាប់ពី​ចំណាយ​ពេល​ពេញ​មួយ​ព្រឹក​ដើម្បី​សួរ​ដេញ​ដោល​ទៅ​តំណាង​រាជរដ្ឋាភិបាលនៅវិមាន​រដ្ឋសភា​កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ២០២៥។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ចំពោះ​មុខ​ប្រធាន​គណៈកម្មការ​មហាផ្ទៃ និង​ប្រធាន​គណៈកម្មការ​នីតិកម្មនៃ​រដ្ឋសភា ឧបនាយករដ្ឋមន្ត្រីមហាផ្ទៃ លោក ស សុខា បាន​លើក​ឡើងថាសេ​ចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ គឺ​ធ្វើ​ឱ្យ​ស្របនឹង​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាឧបករណ៍គតិយុត្តសំខាន់មួយ ដើម្បីធានាបាននូវសន្តិភាព ខឿនការពារជាតិ ឯកភាពជាតិអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិជាក្របខ័ណ្ឌគតិយុត្តដ៏រឹងមាំក្នុងការទប់ស្កាត់ និងប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិនិងអំពើឃុបឃិតជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ពង្រឹងនូវការអនុវត្តកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរ។ 

លោកបានបញ្ជាក់​ថា៖ «ការដកសញ្ជាតិខ្មែរគឺជាការកាត់ផ្តាច់ចំណងគតិយុត្តនិងនយោបាយចំពោះជនដែលក្បត់ជាតិតែប៉ុណ្ណោះ»។ 

ប្រធានគណៈកម្មការ​ទី​៤ នៃ​រដ្ឋសភា​លោក កែប ជុតិមា បាន​លើក​ឡើង​ពី​ការយល់​ឃើញ​នៃ​សារៈសំខាន់​របស់​ច្បាប់នេះ ដែល​នឹង​ជួយទប់ស្កាត់ការប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសជាតិសេចក្តីសុខសាន្តរបស់ប្រជាជននិងឧត្តមប្រយោជន៍របស់ប្រទេសជាតិ ។

ដោយ​ឡែកប្រធាន​គណៈកម្មការ​ទី​៦លោក អង្គ វង្សវឌ្ឍនា បានវាយតម្លៃថាច្បាប់នេះមានភាពចាំបាច់សម្រាប់ប្រទេសជាតិ និងស្របទៅតាមកាលៈទេសៈត្រូវការរបស់ប្រទេសកម្ពុជា។

បន្ទាប់ការពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលយ៉ាងល្អិតល្អន់ ដោយមានការលើឡើងនូវចម្ងល់ពីគណៈកម្មការរដ្ឋសភា និងការបកស្រាយ ឆ្លើយបំភ្លឺពីតំណាងរាជរដ្ឋាភិបាលរួចមក គណៈកម្មការរដ្ឋសភា បានឯកភាពគ្នា បញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់សញ្ជាតិ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់សញ្ជាតិ និងធ្វើ​ការ​កែប្រែ មាត្រា១ មាត្រា៤ មាត្រា៧ មាត្រា២៨ និងមាត្រា២៩ ដើម្បីកំណត់ការដកសញ្ជាតិលើប្រជាពលរដ្ឋខ្មែរ។ជា ខ្លឹមសារនៃសេចក្ដីព្រាងស្តីពីវិសោធនកម្មច្បាប់សញ្ជាតិ គឺបានកំណត់លក្ខខណ្ឌមួយចំនួនដែលអាចដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋបាន លុះត្រាតែពលរដ្ឋនោះ បានប្រព្រឹត្តអំពើក្បត់ជាតិ ធ្វើសកម្មភាពគប់គិតគ្នាជាមួយបរទេស ដែលនាំឱ្យប៉ះពាល់ផលប្រយោជន៍ជាតិ ធ្វើសកម្មភាពនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ រាប់ទាំងការចូលបម្រើកងទ័ពក្នុងរដ្ឋបរទេសដោយស្ម័គ្រចិត្ត ឬបំពេញតួនាទីជាមន្ត្រីសាធារណៈនៃរដ្ឋបរទេស ដោយមិនព្រមលាឈប់ បើទោះបីជាមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ៕ 

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម