Connect with us

ព័ត៌មានជាតិ

ត្រឹមតែ១ខែប៉ុណ្ណោះ! ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយជូនជនភៀសសឹកជាង ២.០០០ គ្រួសារ

បានផុស

នៅ

ត្រឹមតែ១ខែប៉ុណ្ណោះ! ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយជូនជនភៀសសឹកជាង ២.០០០ គ្រួសារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានការចូលរួមគាំទ្រពីសប្បុរសជន និងកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមការងារដែលមិនគិតពីភាពនឿយហត់ ជំនួយទ្រទ្រង់ទាំងនោះត្រូវបានចែកជូនដល់សហគមន៍ដែលបានភៀសខ្លួនចេញពីផ្ទះសម្បែងដោយសារជម្លោះព្រំដែន ស្ថិតក្នុងខេត្តឧត្ដរមានជ័យ សៀមរាប និងព្រះវិហារ ហើយសកម្មភាពដ៏ថ្លៃថ្លានេះមិនគ្រាន់តែចែកជូនសម្ភារៈចំាបាច់ប៉ុណ្ណោះទេ តែជាការផ្តល់នូវក្តីសង្ឃឹមសម្រាប់គ្រួសារភៀសសឹកផងដែរ។

ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ និងវត្តមានរបស់ក្រុមការងារ និងសិល្បករ ដែលដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន។ ឯកឧត្តមបានកត់សម្គាល់ថា ការចូលរួមរបស់លោកជំទាវ បានឆ្លុះបញ្ចាំងពីស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត ក៏ដូចជាការបង្ហាញនូវស្មារតីសាមគ្គីភាពចំពោះប្រជាជនខ្មែរ។

សកម្មភាពមនុស្សធម៌នេះដឹកនាំដោយលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ បាននាំយកសម្ភារៈ និងគ្រឿងឧបភោគចែកជូនជនភៀសសឹកជាច្រើនរយនាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយបានប្រគល់ប៉ាឡែតឈើចំនួន ៣០០បន្ទះសម្រាប់ជំរំភៀសសឹកស្ថិតនៅវត្ដទួលអណ្ដែត និងព្រមទាំងសម្ភារៈ និងគ្រឿងឧបភោគត្រូវបានចែកជូនជនភៀសសឹកចំនួន ៥៤៤ គ្រួសារ ស្ថិតនៅវត្ដត្រាវគៀត ក្នុងខេត្តព្រះវិហារ។

ក្នុងឱកាសសំណេះសំណាលជាមួយក្រុមគ្រួសារដែលជម្លៀសចេញពីទំលំនៅ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានស្វែងយល់ពីស្ថានភាពរបស់ប្រជាជនភៀសសឹកឋិតនៅក្នុងគ្រាដ៏លំបាកមួយនេះ។ លោកជំទាវមានប្រសាសន៍ថា៖ “នៅក្នុងរយៈពេលជាងមួយខែមកនេះ ទោះបីជាពុកម៉ែបងប្អូនបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ រាជរដ្ឋាភិបាល និងសប្បុរសជនមកពីគ្រប់ពីទិសទីក៏ដោយ។ ប៉ុន្តែពួកយើងពិតជាដឹងយ៉ាងច្បាស់ថា ពុកម៉ែបងប្អូនប្រាកដជាមានអារម្មណ៍ឈឺចាប់ ភ័យខ្លាច និងអារម្មណ៍ឯកាជាក់ជាមិនខាន ព្រោះគ្មានទីកន្លែងណា មានក្តីសុខជាផ្ទះរបស់យើងទេ។ ទោះបែបនេះក្តី ពួកយើងសង្ឃឹមថា ស្រមោលខ្មៅដ៏អាក្រក់មួយនេះនឹងឆាប់រសាត់បាត់ទៅវិញជាក់ជាមិនខានឡើយ។”

ក្រុម​គ្រួសារ​នីមួយៗ​ទទួលបាន​កញ្ចប់ជំនួយ​ដែលរួមមាន​៖​ ទឹក​សុទ្ធ មី អង្ករ១០​គីឡូក្រាម ភួយ ក្រមា សម្លៀក​បំពាក់ និង​គ្រឿង​សម្ភារៈ​ចាំបាច់​មួយចំនួនទៀត​។ ហើយសម្ភារៈអំណោយទាំងនេះបានបង្ហាញពីសារដ៏រឹងមាំនៃសាមគ្គីភាព ក៏ដូចជារួមចំណែកជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃទៅដល់សហគមន៍ជម្លៀសពីលំនៅឋាន។

លោកស្រី កែវ សុផាន្នី​ បានភៀសខ្លួនពីលំនៅឋានរបស់គាត់ជាមួយក្រុមគ្រួសារ ហើយឥឡូវនេះកំពុងស្នាក់នៅវត្តជ្រោយនាងងួន ក្នុងខេត្តសៀមរាប។ លោកស្រី កែវ សុផាន្នី ស្ថិតក្នុងចំណោមពលរដ្ឋភៀសសឹកជាច្រើនដែលបានសម្តែងការអគុណចំពោះជំនួយសប្បុរសដ៏ថ្លៃថ្លានេះ។

គាត់បានបង្ហាញអារម្មណ៍លាយឡំនឹងក្តីសង្ឃឹមយ៉ាងដូច្នេះថា៖ “នាងខ្ញុំសូមថ្លែងអំណរគុណ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានផ្ដល់ជំនួយស្បៀងអាហារនេះដល់ពួកយើង។ អំណោយទាំងនេះបានជួយសម្រាលបន្ទុកយ៉ាងច្រើនសម្រាប់ជីវភាពប្រចាំថ្ងៃ។”

តាំងពីជម្លោះនៅព្រំដែនបានកើតឡើង ក្រុមគ្រួសារជាច្រើនត្រូវបានបង្ខំចិត្តចាកចេញពីលំនៅឋាន។ ដោយមើលឃើញពីទុក្ខលំបាកនេះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានផ្តួចផ្តើម “មូលនិធិទ្រទ្រង់ជនភៀសសឹក” សម្រាប់ជួយទ្រទ្រង់ដល់គ្រួសាររងគ្រោះ ហើយបានអំពាវនាវដល់សាធារណជនឱ្យចូលរួមក្នុងការគាំទ្រដល់ពលរដ្ឋដែលត្រូវការជំនួយក្នុងគ្រាដ៏លំបាកនេះ។

សកម្មភាពសប្បុរសធម៌នេះបានធ្វើឡើងជាបន្តបន្ទាប់។ ចាប់តាំងពីដើមខែសីហា មក សមាជិកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បាននាំយកអំណាយជាសម្ភារៈ  និងគ្រឿងឧបភោគចែកជូនពលរដ្ឋភៀសសឹកជាច្រើនទីតាំងរួមមាន៖

  • នៅថ្ងៃទី២-៣ ខែសីហា៖ ការ​ចែកជូន​អំណោយត្រូវបានធ្វើឡើងនៅ​វត្តគិរីទួលអណ្តែត ដែលជាជំរុំជនភៀសសឹក​ក្នុងខេត្តព្រះវិហារ ដោយបានជួយដល់កុមារ និងគ្រួសារជាង៧០០នាក់។
  • ថ្ងៃទី៦ ខែសីហា៖ ក្រុមការងារបាននាំយកជំនួយទៅកាន់ជំរំ​ក្នុងភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
  • ថ្ងៃទី១១ ខែសីហា៖ ការចែកអំណោយបានធ្វើឡើងនៅភូមិតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
  • និងថ្ងៃទី១៩–២០ ខែសីហា៖ ក្រុមការងារបាននាំយកនូវសម្លៀកបំពាក់ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ រួមជាមួយនឹងថវិកាមួយចំនួនជូនដល់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក នៅទីតាំងវត្តជ្រោយនាងងួន ក្នុងខេត្តសៀមរាប ។

ក្នុងគ្រាមានទុក្ខលំបាកនេះ ជំនួយសប្បុរសប្រៀបបាននឹងពន្លឺនៃក្តីសង្ឈឹម។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនេះ ធនាគារ វីង និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មិនគ្រាន់តែរួមចំណែកសកម្មភាពជំនួយមនុស្សធម៌ប៉ុណ្ណោះទេ តែជាកាយវិការដែលបង្ហាញនូវកម្លាំងចិត្ត ក្ដីមេត្តា និងជាស្មារតីមួយដែលកម្ពុជានឹងរួបរួមគ្នាជាធ្លុងមួយគ្រប់កាលទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម