Connect with us

ព័ត៌មានជាតិ

៨ខែឆ្នាំនេះ​ មាន​កម្មករ​និយោជិត ជាង៤២០០នាក់​ស្លាប់​និង​របួស​ដោយ​​គ្រោះថ្នាក់​ចរាចរណ៍​ ថយ​ចុះ២៣%

បានផុស

នៅ

ក្នុង​រយៈពេល៨ខែឆ្នាំ២០២៥នេះ មាន​កម្មករ​និយោជិត​ប្រមាណជាង៤២០០នាក់ បានស្លាប់និង​រងរបួស​ដោយសារ​គ្រោះថ្នាក់ចរាចរណ៍​មាន​ការ​ថយចុះ២៣%ធៀប​ទៅ​នឹង​រយៈពេល​៨ខែ​ដូចគ្នា​ឆ្នាំ២០២៤​កន្លង​ទៅ។

លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស. និង​ជា​អ្នកនាំពាក្យក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បានមានប្រសាសន៍​នៅព្រឹកថ្ងៃទី៥កញ្ញានេះថា ចាប់ពី​ខែមករា​រហូតដល់ខែសីហា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតនៅទូទាំងប្រទេស សរុប​មាន​ចំនួន ៣៤៦៩ករណី ថយចុះ២៣%បណ្តាលឲ្យមានជនរងគ្រោះសរុបចំនួន ៤ ២៣៦នាក់ (ស្រី ២ ៤៩៥នាក់)ថយចុះ ១៩%ក្នុងនោះ ស្លាប់ ១០៦នាក់ (ស្រី ៣១នាក់) ថយចុះ១៥%របួសធ្ងន់ ១ ២១៨នាក់ (ស្រី ៦១២នាក់) ថយចុះ២៥%និងរបួសស្រាល ២ ៩១២នាក់ (ស្រី ១៨៥២នាក់)ថយចុះ១៧%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតបានបន្តថាក្នុងនោះគ្រោះថ្នាក់ចរាចរណ៍របស់កម្មករនិយោជិត តាមរយៈរថយន្តដឹកជញ្ជូនកម្មករនិយោជិត មានចំនួន ៨ករណី បណ្តាលឲ្យមានជនរងគ្រោះចំនួន ១៦២នាក់ (ស្រី ១៣៦នាក់) ក្នុង​នោះ​ស្លាប់ ២នាក់ (ស្រី) របួសធ្ងន់ ១៨នាក់ (ស្រី ១៥នាក់) និងរបួសស្រាល ១៤២នាក់ (ស្រី ១១៩)។

លោកបណ្ឌិត បាន​បន្ត​ទៀតថា តួលេខនេះ​បើធៀបទៅ​នឹង​រយៈពេល៨ខែដូចគ្នាឆ្នាំ២០២៤​កន្លងទៅឃើញថា មានការថយចុះដោយ៨ខែឆ្នាំមុនគ្រោះថ្នាក់ចរាចរណ៍លើ​កម្មករនិយោជិត​មានចំនួន៤៤៧៧ករណី មានជនរងគ្រោះសរុបចំនួន៥២៥៦នាក់ ក្នុងនោះស្លាប់ចំនួន១២៤ រងរបួសធ្ងន់ចំនួន១៦២៦របួសស្រាល​ចំនួន៣ ៥០៦នាក់។

លោកបណ្ឌិតបានពន្យល់ថា មូលហេតុ​ចម្បងៗ ដែលបណ្តាល​ឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួម​មានការបើកបរលើសល្បឿនកំណត់ការ​មិនគោរព​សិទ្ធិ​អាទិភាព ការមិនប្រកាន់ស្តាំ(បញ្ច្រាសទិស) ការបត់ខ្វះការប្រុងប្រយ័ត្ន ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ កត្តាផ្លូវ​និង​លក្ខណៈ​បច្ចេកទេស​យានយន្ត និងកត្តាផ្សេងៗ។

លោកបណ្ឌិត បានធ្វើការ​អំពាវនាវដល់កម្មករ-និយោជិត ទាំងអស់ មេត្តា​បង្កើន​ការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និង​ទាំងអ្នកធ្វើដំណើរ​ដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីជៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិត ទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ​ផងដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម