Connect with us

ព័ត៌មានជាតិ

ដល់រដូវភ្ជុំបិណ្ឌ ពលរដ្ឋក្នុងឃុំរមទម ដើរជីកទំពាំង​ក្នុងព្រៃលក់ក្នុងទីផ្សារ ខណៈមានតម្រូវការច្រើន

បានផុស

នៅ

រដូវបុណ្យភ្ជុំបិណ្ឌបានមកដល់ ពលរដ្ឋនៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បានសម្រុកនាំគ្នាដើរជីកទំពាំងពីក្នុងព្រៃ មកចិតហាលក្រៀមយកទៅលក់ក្នុងទីផ្សារដើម្បីបានប្រាក់កម្រៃចិញ្ចឹមគ្រួសារឲ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សួន មុន មានអាយុ៦៨ឆ្នាំ រស់នៅភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា ក្រោយពីសម្រាកពីស្រែចំការ លោកស្រីបានដើររកទំពាំងឫស្សីព្រៃយកមកហាលឲ្យក្រៀមដើម្បីយកទៅលក់ឲ្យឈ្មួញកណ្ដាល។ លោកស្រីបន្តថា ទំពាំងក្រៀមអាចលក់បានតម្លៃ១គីឡូក្រាម៦០០០រៀល ទៅ៧០០០រៀល។ លោកស្រីលើកឡើងថា ទំពាំងឫស្សីព្រៃហាលក្រៀមស្ងួតឆ្នាំនេះថោកជាងឆ្នាំមុនៗឆ្ងាយណាស់ ដោយសារតែមានប្រជាពលរដ្ឋដើររកច្រើន។

អ្នកស្រី ធី សុជាតិ មានអាយុ ៣០ឆ្នាំ រស់នៅភូមិអូទ្រលោក យុំរមទម ស្រុករវៀង ក៏ជាអ្នកដើររកទំពាំងឫស្សីព្រៃដែរបន្ទាប់ពីសម្រាកពីការងារស្រែចម្ការ។ អ្នកបន្ថែមថា ក្នុងមួយសប្ដាហ៍ អ្នកស្រី និងគ្រួសារអាចរកទំពាំងឫស្សីព្រៃ ពី៤៥ទៅ៥០គីឡូក្រាម។ ទោះបីទំពាំងឫស្រីព្រៃថោកជាងឆ្នាំមុន តែអ្នកស្រីនៅតែរកដោយសារតែទំពាំងឆ្នាំនេះសម្បូរជាឆ្នាំមុនៗ។

ចំណែកលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានឲ្យដឹងថា ពាក់ព័ន្ធនឹងការងារពលរដ្ឋក្នុងមូលដ្ឋានបានប្រកបរបរបន្ថែមក្រៅពីធ្វើស្រែចម្ការ មានដូចជារកជីកទំពាំង ជីកជន្លេនជាដើមដែលអាចធ្វើឲ្យជីវភាពគ្រួសាររបស់គាត់ធូធារ​បាន​១កម្រិតទៀតផងដែរ។ ក្នុងនោះការងារកសិកម្ម អាជ្ញាធរស្រុករវៀង តែងតែផ្តល់គ្រាប់ពូជដំណាំខ្លះដល់ប្រជាកសិករដើម្បីយកទៅដាំទុកគ្រាន់ដោះស្រាយជីវភាព ហើយម្យ៉ាងទៀតពេលនេះជារដូវបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋជាច្រើនមានតម្រូវការទំពាំងក្រៀមយកមកស្លដើម្បីយកទៅវត្តផងដែរ៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម