Connect with us

នយោបាយ

ឥណ្ឌា ប្តូរការផ្តល់វ៉ាក់សាំងដល់កម្ពុជាពីយន្តការ COVAX មកតាមរយៈយន្តការ QUAD វិញ

បានផុស

នៅ

រដ្ឋាភិបាលឥណ្ឌាតាមរយៈស្ថានទូតរបស់ខ្លួន​ប្រចាំនៅកម្ពុជានាព្រឹកថ្ងៃអង្គារនេះ បានផ្តល់ជំនួយវ៉ាក់សាំងប្រភេទ Astra Zeneca ឬ COVISHIELD ចំនួន៣២៥ ០០០ដូសបន្ថែមទៀតដល់កម្ពុជា។ ប៉ុន្តែ ខុសពីលើកមុនៗ គឺនៅលើកនេះ ឥណ្ឌាមិនបានផ្តល់តាមរយៈយន្តការ COVAX ទៀតទេ​ ពោល គឺផ្តល់តាមរយៈយន្តការថ្មីដែលហៅថា គំនិតផ្តួចផ្តើមចតុភាគី(QUAD)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ទេវ្យ៉ានី ឃុប្រាហ្គឺដេ(Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាលើកឡើងនៅក្នុងពិធីប្រគល់វ៉ាក់សាំងជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១២ ខែមេសានេះថា ការផ្តល់វ៉ាក់សាំងនេះ គឺជាការសម្ពោធកម្មវិធីផ្តូចផ្តើមវ៉ាក់សាំងនៃប្រទេសចតុភាគី(QUAD) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩។ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា បានបញ្ជាក់ថា ការផ្តល់វ៉ាក់សាំងដល់កម្ពុជាតាមរយៈគំនិតផ្តួចផ្តើមចតុភាគី(QUAD)នេះ គឺជាកាយវិការសរបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសសមាជិកចតុភាគី(QUAD) ជាមួយនឹងប្រទេសកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើការបញ្ចប់ជំងឺរាតត្បាតកូវីដ១៩។

ចំណែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាវិញ បានចាត់ទុកការផ្តល់វ៉ាក់សាំងរបស់ឥណ្ឌាតាមរយៈគំនិតផ្តួចផ្តើមចតុភាគី(QUAD)នេះថា ជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជាជាមួយឥណ្ឌា និងសមាជិកដទៃទៀតនៃគំនិតផ្តួចផ្តើមនេះដែលរួមមាន សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានកោតសរសើរជូនដល់សមាជិកនៃគំនិតផ្តួចផ្តើមចតុភាគី(QUAD) ក៏ដូចជាប្រទេសនានានៅជុំវិញពិភពលោកចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ទាំងក្នុងប្រទេស តំបន់ និងសកលលោកទាំងមូល ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម-សេដ្ឋកិច្ច។

គួរជម្រាបជូនថា QUAD មកពីពាក្យថា Quadrilateral Security Dialogue គឺជាកិច្ចសន្ទនាពីយុទ្ធសាស្រ្តសន្តិសុខចតុភាគីដែលមានសមាជិក៤ប្រទេស រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងប្រទេសអូស្រ្តាលី។ កិច្ចសន្ទនាពីយុទ្ធសាស្រ្តសន្តិសុខចតុភាគីនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ ក្រោមគំនិតផ្តួចផ្តើមរបស់ជប៉ុន។ QUAD ត្រូវបានបង្កើតឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងការកើនឡើងនៃអំណាចយោធា និងសេដ្ឋកិច្ចរបស់មហាយក្សចិន។ ប៉ុន្តែ រដ្ឋាភិបាលចិន បានធ្វើការតវ៉ាប្រឆាំងទៅនឹងការបង្កើត QUAD នេះ ដោយហៅថា វា គឺជា«ណាតូនៅអាស៊ី» ឬ « Asian NATO»៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម