នយោបាយ
អាមេរិក សរសើរ កម្ពុជាដែលខិតខំជំរុញឲ្យរបបយោធាភូមាអនុវត្តកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel Kritenbrink បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេស លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមជាប្រេសិត ពិសេសនៃប្រធានអាស៊ាន ក្នុងការជំរុញឱ្យរបបសឹកយោធានៅមីយ៉ាន់ម៉ាអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានឱ្យបានឆាប់រហ័ស។ លោកបានថ្លែងឲ្យដឹងដូច្នេះ នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ អំឡុងពេលធ្វើទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន ត្រូវបានដាក់ចេញក្នុងជំនួបកំពូលពិសេសអាស៊ាន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កិច្ចព្រមព្រៀងទាំង៥ចំណុចនេះ រួមមាន គឺ ទី១. អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ត្រូវរក្សាភាពអត់ធ្មត់ ទី២. ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន។ ទី៣. បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទី៤. អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន និងទី៥. បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។

ចំពោះបញ្ហានៅមីយ៉ានម៉ានេះ លោកឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បានអំពាវនាវឱ្យរបបយោធាមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សារបស់ខ្លួន ហើយត្រូវដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ រួមទាំងអ្នកទោសនយោបាយជាបន្ទាន់។ ទន្ទឹមនឹងនេះ លោកក៏បានស្នើឱ្យមានការអនុញ្ញាតសម្រាប់ដំណើរការ កិច្ចការងារមនុស្សធម៌ដោយគ្មានការរារាំង និងស្តារស្ថានការណ៍របស់មីយ៉ាន់ម៉ាឲ្យវិលត្រឡប់ទៅកាន់ភាព ប្រក្រតី និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។
គួរបញ្ជាក់ថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងជាប្រេសិតពិសេសនៃប្រធានអាស៊ាន បានចាប់ផ្ដើមធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាចំនួន ២លើក រួចមកហើយ។ ទស្សនកិច្ចលើកទី១ ធ្វើឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដោយជួបជាមួយភាគីពាក់ព័ន្ធមួយចំនួន ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា និងផ្លាស់ប្តូរទស្សនៈ ស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមករា។

សម្រាប់ដំណើរទស្សនកិច្ចលើកទី២ គឺកាលពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២។ ទស្សនកិច្ចលើកនេះ បានសង្កត់ធ្ងន់អំពីវឌ្ឍនភាពដែលសម្រេចបានក្នុងទស្សនកិច្ចលើកទី១ និងការជួបប្រជុំជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ និងគណបក្សនយោបាយចំនួន៧ ដែលទទួលបានអាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ២០២០៕
ដោយ ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


