Connect with us

សន្តិសុខសង្គម

មន្ត្រីជំនាញ នឹងប្រើពេល៤៥ថ្ងៃដើម្បីវាយកម្ទេចអគារ អង្គរមានជ័យ

បានផុស

នៅ

អគារ អង្គរមានជ័យ ដែលមានអាយុកាលជាង៧០ឆ្នាំ កំពុងទ្រុឌទ្រោមខ្លាំង ខណៈមន្ត្រីជំនាញកំពុងត្រៀមវាយកម្ទេចចោលដើម្បីបង្ការគ្រោះថ្នាក់ដល់ពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សុធីរ៉ា អគ្គនាយកក្រុមហ៊ុនទទួលម៉ៅការ សាជីវកម្ម ពិស្ណុការ អន្តរជាតិ​ បានឲ្យដឹងថា ដំណើរការវាយរំលំអគារនេះ នឹងធ្វើឡើងដោយប្រើពេល៤៥ថ្ងៃ ដើម្បីវាយរំលំ គិតចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥តទៅ និងដោយមានការចូលរួមពីលោក យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខណ្ឌ ៧មករា។

បើតាមមន្រ្តីជំនាញបញ្ជាក់បន្ថែមថា រហូតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ គ្រួសារដែលរស់នៅក្នុងអគារ ឬម្ចាស់បន្ទប់សរុប៦៥គ្រួសារ ក្នុងនោះមានចំនួន ៦៣គ្រួសារបានស្រុះស្រួលឯកភាពបញ្ឈប់ការរស់នៅក្នុងអគារអង្គរមានជ័យ និងបានរុះរើសម្ភារៈចេញដោយឯកភាពទទួលយកសំណងតាមតម្លៃទីផ្សារ ទៅរស់នៅទីកន្លែងផ្សេងដែលមានសុវត្ថិភាព។

ដោយឡែកនៅសល់គ្រួសារចំនួន២ ទៀត ដែលពុំទាន់ឯកភាពទទួលយកដំណោះស្រាយនៅឡើយ ខណៈក្រសួងជំនាញនឹងបន្តសម្របសម្រួលជាមួយបន្តរហូតបញ្ចាបដោយឯកភាពគ្នា តាមយុទ្ធសាស្រ្តទទួលយកបានទាំងអស់។

តាមការជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទៅអភិបាលខណ្ឌ៧មករា កាលពីថ្ងៃទី១៧កញ្ញា ក្រសួងបានឯកភាពជាគោលការណ៍ដំឡើងតម្លៃដល់ ២ ៥០០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ ដែលធ្វើឱ្យតម្លៃគោល (គិតពីជាន់ផ្ទាល់ដីដល់ជាន់ទី៦) កើនដល់ ៧ ៦៩០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ លើសពីតម្លៃទីផ្សារប្រមាណ ២២% ដោយយោងតាមតម្លៃដែលក្រុមហ៊ុនចំនួន ០៣បានធ្វើការវាយតម្លៃពីឆ្នាំ២០២៣ដល់២០២៥។

សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានក្រឡាផ្ទៃបាតទំហំ សរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ ស្មើនឹង១០៧បន្ទប់។ អគារនេះមានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើង តាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ឆ្នាំមកហើយ៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម