យុវជន២នាក់ បាននាំនារីរកស៊ីផ្លូវភេទ២នាក់ចូលផ្ទះសំណាក់ ដើម្បីក៏ត្រូវនារីទាំងពីរ ប្រើល្បិចលួចទាំងទូរសព្ទ និងកាបូបលុយចេញពីផ្ទះសំណាក់រត់គេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះបានដេញតាមនារីទាំងពីរដែរ តែមិនទាន់ ក៏ត្រូវបានក្រុមជនសង្ស័យ៣នាក់ផ្សេងទៀត ធ្វើសកម្មភាពឆក់ផ្តាច់យកខ្សែក១ខ្សែថែមទៀត តែត្រូវបានប៉ូលិសប៉ុស្តិ៍ស្រះចក ជួយអន្តរាគមន៍តាមចាប់បានជនសង្ស័យម្នាក់ និងកំពុងស្រាវជ្រាវរកបក្ខពួកបន្តទៀត។
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថាករណីអំពើលួច (ឆក់ខ្សែក) នៅចំណុចមុខវិហារចាម ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទីហើយក៏ត្រូវកម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចនោះផងដែរ។
សមត្ថកិច្ចបន្តថា អត្តសញ្ញាណជនសង្ស័យទី១ឈ្មោះ ជួន សាវិន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន),ទី២ឈ្មោះ ដៀប ភេទប្រុស អាយុប្រហែល២៨ឆ្នាំ (គេចខ្លួន)និងទី៣ ឈ្មោះ ហាំ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ (គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ ហុង វេហា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស សា្នក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សម្ភារបាត់បង់រួមមាន ខ្សែកដាច់ពាក់កណ្តាល (ប្រគល់ឲ្យជនរងគ្រោះវិញ)។
ជនរងគ្រោះបានរៀបរាប់ថា ដំបូងឡើយ ពួកគេបាននាំគ្នាជិះម៉ូតូពីផ្ទះមកម្ដុំវត្តភ្នំដើម្បីយកនារីផ្លូវភេទទៅដេកបានពីរនាក់មិនស្គាល់ឈ្នោះ បន្ទាប់មកជនរងគ្រោះក៏បានជិះម៉ូតូពីរនាក់មិត្តភ័ក្រ្ត ចំណែកនារីរកស៊ីផ្លូវភេទទាំងពីរនាក់ជិះម៉ូតូឌុប បានចូលផ្ទះសំណាក់មួយកន្លែងមិនចាំយីហោម្ដុំមុខវិហារអ៊ិស្លាម ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ប្រភាពដដែលបន្តថា ពេលមកដល់ជនរងគ្រោះក៏បានចូលបន្ទប់មួយជាមួយនារីរកស៊ីផ្លូវភេទម្នាក់ ចំណែកមិត្តភ័ក្រ្តរបស់ជនរងគ្រោះចូលបន្ទប់មួយទៀតជាមួយនារីរកស៊ីផ្លូវភេទម្នាក់ទៀត។ ពេលចូលទៅដល់ក្នុងបន្ទប់ផ្ទះសំណាក់ជនរងគ្រោះក៏បានដាក់កាបូបលុយនៅលើគ្រែដេករួចក៏ចេញទៅបន្ទប់មិត្តភ័ក្រ្តខ្លួនមួយទៀត ដើម្បីខ្ចីទូរសព្ទរបស់មិត្តភ័ក្រ្តឲ្យនារីរកស៊ីផ្លូវភេទខ្ចីតេ ពីព្រោះទូរសព្ទរបស់ជនរងគ្រោះអស់លុយ។ ពេលនារីរកស៊ីផ្លូវភេទនោះបានទូរសព្ទរួចហើយ ក៏បានរត់ចេញពីបន្ទប់ និងយកកាបូបលុយរបស់ជនរងគ្រោះចេញទៅជាមួយ ពេលនោះជនរងគ្រោះ និងមិត្តភ័ក្រ្តក៏បាននាំគ្នារត់ដេញតាមដល់មុខវិហារអ៊ិស្លាមស្រាប់តែមានជួបជនសង្ស័យបានរៀបរាប់ខាងលើ ធ្វើសកម្មភាពឆក់ខ្សែករបស់ជនរងគ្រោះបានសម្រេច បន្ទាប់មកក៏មានសមត្ថកិច្ចល្បាតមកដល់ក៏ជួយអន្តរាគមឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ជួន សាវិន នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដើម្បីធ្វើការសាកសួរ។ ជនសង្ស័យឈ្មោះ ជួន សាវិន បានសារភាពថាខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់ខ្សែករបស់ជនរងគ្រោះពិតប្រាកដមែន។
ក្រោយកើតហេតុ កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវរកបក្ខពួកដែលនៅសេសសល់ ដើម្បីយកមកអនុវត្តតាមច្បាប់៕ រស្មី